ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ ប្រកាសសារាចរស្តីពីវិធានការហាមការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងតាមទីសាធារណៈ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពអ្នកនៅជុំវិញ និងបរិស្ថាន។
សារាចរបង្ហាញថា កន្លែងសាធារណៈដែលត្រូវហាមការជក់បារីទាំងនោះ មានដូចជា គ្រឹះស្ថានឧត្តមសិក្សា កន្លែងសាធារណៈ គ្រឹះស្ថានសាសនា សួនកុមារ សារមន្ទីរ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ជាដើម។ សារាចរ ណែនាំឲ្យអ្នកគ្រប់គ្រងឬម្ចាស់កន្លែងធ្វើការ និងកន្លែងសាធារណៈ ត្រូវបិទផ្សាយឬដាក់បំរាមអំពីការហាមការជក់បារី ហើយក្នុងករណី ដែលអ្នកជក់មិនអនុវត្តតាម ម្ចាស់កន្លែងធ្វើការ ឬអ្នកគ្រប់គ្រងកន្លែងសាធារណៈ ត្រូវអញ្ជើញអ្នកជក់ ចេញក្រៅ។ក្នុងករណី មិនអនុវត្តតាមការណែនាំ ឬមិនរាងចាល អ្នកគ្រប់គ្រង ត្រូវស្នើទៅសមត្ថកិច្ច ដើម្បីធ្វើការណែនាំ ឬអញ្ជើញអ្នកជក់ចេញក្រៅ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងនៅព្រឹកថ្ងៃអង្គារនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយសារាចរថា សព្វថ្ងៃនេះប្រជាជនកម្ពុជាកំពុងរងគ្រោះថ្នាក់ដោយសារស្រូបផ្សែងបារីពីគេ ក្នុងនោះជិត៩០%តាមភោជនីយដ្ឋាន និងអាហារដ្ឋាន ៦០% តាមមធ្យោបាយធ្វើដំណើរសាធារណៈ និងជិត៥០%នៅកន្លែងធ្វើការ។ លោកបន្តថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា៣០នាក់ បានស្លាប់ដោយសារជំងឺទាក់ទងនឹងការជក់បារី ក្នុងមួយថ្ងៃ ហើយជិត១០០លានដុល្លារ ត្រូវបានប្រើសម្រាប់ទិញបារីជក់ក្នុង១ឆ្នាំ ព្រមទាំងចំណាយលើការព្យាបាលជំងឺមហារីកមួយករណី ត្រូវការថវិកាជាមធ្យម១ម៉ឺនដុល្លារ។ លោកបានអំពាវនាវឲ្យមានការផ្សព្វផ្សាយ និងយល់ដឹងឲ្យបានច្រើនពីផលប៉ះពាល់ ដើម្បីកាត់បន្ថយអត្រាមរណៈ បណ្តាលមកពីការជក់ និងស្រូបផ្សែងបារីនេះ។
តំណាងអង្គការសុខភាពពិភពលោកWHO ប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មានប្រសាសន៍ថា ថ្នាំជក់មានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពទាំងអ្នកជក់ និងអ្នកស្រូបផ្សែងពីគេ ជាពិសេសស្ត្រីមានផ្ទៃពោះ និងទារកនៅក្នុងផ្ទៃ ដូចជា បណ្តាលឲ្យកើតជំងឺមហារីកសួត មហារីកផ្លោកនោម ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺស្ទះសសៃឈាម រួមនឹងជំងឺផ្សេងៗទៀតជាច្រើន។ លោកបន្តថា ប្រជាជនគ្រប់រូបត្រូវរួមគ្នា ទប់ស្កាត់ និងបញ្ឈប់ការកើនឡើងនៃការជក់ និងស្រូបផ្សែងបារី ដើម្បីកាត់បន្ថយការស្លាប់ ដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋាននានា ក្នុងការការពារប្រឆាំងនឹងការរងផ្សែងថ្នាំជក់ឲ្យមានប្រសិទ្ធភាព។
កន្លងទៅ រដ្ឋាភិបាល បានចេញអនុក្រឹត្យចំនួន២ រួចមកហើយទាក់ទងនឹងការកាត់បន្ថយ និងហាមឃាត់ការប្រើប្រាស់ថ្នាំជក់ ក្នុងនោះមានអនុក្រឹត្យស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងអនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់បារី។ ឥឡូវនេះ ក្រសួងសុខាភិបាលបានចេញសារាចរថ្មីមួយទៀត ខណៈដែលប្រជាជនកម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់បណ្តាលមកពីការស្រូបផ្សែងបារីពីគេតាមទីសាធារណៈ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១២ បង្ហាញថា អ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់នៅប្រទេសកម្ពុជា សរុប៩៦៦៩នាក់ ក្នុងនោះស្ត្រី៣២២៣នាក់ និងបុរស ៦៤៤៦នាក់៕
សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
