​គជប ប្រាប់​គណបក្សនយោបាយ សង្គម​ស៊ីវិល ដាក់​ពាក្យ​សុំ​ចុះ​ឈ្នះ​អ្នក​សង្កេតការណ៍​បោះឆ្នោត​រហូតដល់​ខែ​ឧសភា​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ប្រធាន​គជប លោក អឹម សួស្តី (អាវខ្មៅ) ថ្លែងនៅក្នុងសន្និសីទ ថ្ងៃទី១១ខែកុម្ភៈ(រូបថតដោយ ណាត សុភាព)

ប្រធាន​គជប លោក អឹម សួស្តី (អាវខ្មៅ) ថ្លែងនៅក្នុងសន្និសីទ ថ្ងៃទី១១ខែកុម្ភៈ(រូបថតដោយ ណាត សុភាព)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) នៅ​ថ្ងៃ​អង្គារ​នេះ ជូនដំណឹង​ដល់​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ ខាងមុខនេះ​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤​។​

​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គជប ប្រធាន​គជប លោក អឹម សួស្តី ថ្លែងថា តាមច្បាប់ ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ ចែងថា គជប ត្រូវ​ជូនដំណឹង​ទៅ សមាគម ឬ​អង្គការ​ជាតិ អន្តរជាតិ គណបក្សនយោបាយ ចាប់ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៥​ឧសភា ឆ្នាំ​២០១៤​។ លោក​បន្តថា បើ​ស្ថាប័ន​ទាំងនោះ​មាន​បំណង​បញ្ជូន​អ្នកតំណាង​ឲ្យទៅ​សុំ​ចុះ​ឈ្មោះ​ជា​អ្នកសង្កេតការណ៍ ត្រូវ​មក​យក​គំរូ​ពាក្យសុំ​ចុះ​ឈ្មោះ​នៅ គជប រៀង​រាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​ទទួល​ចុះបញ្ជី​គណបក្សនយោបាយ និង​ទទួលស្គាល់​អ្នកសង្កេតកា​រណ៍​បន្ទប់ A24​។​

​លោក អឹម សួស្តី ថ្លែង​ទៀត​ថា ការចុះ​ឈ្មោះ​នោះ​ដែរ បើ​គណបក្ស​នយោបាយ​ណាមួយ មិន​ទៅ​ចុះឈ្មោះ ក៏ គជប នៅតែ​ដំណើរការ​តាម​នីតិវិធី​ដដែល ពីព្រោះ​ស្ថាប័ន​មួយ​នេះ ធ្វើតាម​តួនាទី​រហូតដល់​មាន​អ្នក​ជំនួស​។

​ប្រធាន​នាយកដ្ឋាន​បូកសរុប​ខុទ្ទកាល័យ​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អ៊​ក គឹម​ហាន ឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​រៀបចំ​ឈ្មោះ​សមាជិក​របស់​បក្ស​ដែល​ត្រូវ​បញ្ជូន​មក គជប រួចហើយ ប៉ុន្តែ​គ្រាន់តែ​នៅ​រង់ចាំ​គណៈកម្មការ​របស់​បក្ស​នៅ​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ ជា​អ្នកសម្រេច រួច​នឹង​បញ្ជូន​មក គជប ឲ្យទាន់ពេល​កំណត់រប​ស់​ច្បាប់​ផង​ដែរ​។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហេង យឿន មានប្រសាសន៍ថា ក្រុមការងារ​របស់​គ​ណ​បក្សប្រឆាំង នឹង​ត្រៀម​ដាក់​ពាក្យ​បញ្ជូន​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ របស់​ខ្លួន​មក គជប មុន​ថ្ងៃ​កំណត់​។ លោក​បន្តថា មូលហេតុ​ដែល​បញ្ជូន​ឈ្មោះ​សមាជិក​ទៅ គជប ដោយសារ​ការ​បោះឆ្នោត​ជា​អសកល ម្យ៉ាងទៀត ដើម្បី​រក្សា​សមាជិក​ជាប់ឆ្នោត​ទាំងនោះ​ផង​ដែរ។

​របាយការណ៍​របស់ គជប ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៤ ឲ្យដឹងថា សម្រាប់​អាណត្តិ​ទី​២ មាន​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន​៣.៣២៤​នាក់ ដែល​ចំនួន​នេះ កើនឡើង​៧០​នាក់ បើ​ប្រៀបធៀប ទៅ​នឹង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​នៃ​អាណត្តិ​ទី​១៕

សរសេរមកកាន់ លោក ណាត សុភាព​ តាមរយៈsopheap@vodhotnews.com

What Next?

Recent Articles