ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ចាត់ទុកជារឿងភ្ញាក់ផ្អើលមួយ ដែលតារាសម្ដែងអ្នកនាងឌុច សុភា ត្រូវគេអះអាងថា កំពុងសម្ងំទទួលតំណែងមិនធម្មតាមួយ របស់ស្ថានីយទូរទស្សន៍ MYTV ដែលជាស្ថាប័នដ៏មានសក្តានុពលមួយ ក្នុងស្រទាប់អ្នកទស្សនា។ តំណែងដែលនាងទទួលបាននេះ នឹងលេចបង្ហាញជាចេញសាជាធារណៈក្នុងពេលដ៏ខ្លី ខណៈក្រុមអ្នកវិភាគលើកឡើងក្នុងន័យស្របគ្នាថា នឹងធ្វើឲ្យនាងលេចធ្លោ យ៉ាងយូរនៅពាក់កណ្ដាលឆ្នាំ២០១៤នេះ។
ប្រភពពីទូរទស្សន៍ CTN និងMyTV បានប្រាប់ឲ្យដឹងថា អ្នកនាងឌុច សុភា កំពុងទទួលតំណែងធំមួយ ក្នុងពេលដែលមនុស្សភាគច្រើន មើលឃើញថានាងមានសន្ទុះដើរថយក្រោយក្នុងសិល្បៈ។ តំណែងដែលនាងទទួលបាននោះ គឺបានថតជាតួឯកក្នុងរឿងភាគធំមួយរបស់ស្ថានីយទូរទស្សន៍ MY TV ដែលមានចំណងជើងថា «កំលោះចាប់ហួយ»។ នាងត្រូវគេឲ្យសម្ដែងជាតួឯកស្រី រស់នៅស្រុកស្រែ ប៉ុន្តែស្ថិតក្នុងត្រកូលជាកូនលោកមេភូមិ និងជានារីដែលមានចរឹតច្រឡឺមតិចតួច។ ខ្សែរឿងនេះ ថតបានជាង៣០%ហើយ ដោយគ្រោងចាក់ផ្សាយក្នុងពេលដ៏ខ្លីនេះឯង ដើម្បីបើកទំព័រការសម្ដែងរឿងភាគលើកដំបូងរបស់អ្នកនាង ស្វាគមន៍បុណ្យចូលឆ្នាំខ្មែរខាងមុខ។ ខ្សែរឿងនេះ ថតសម្ដែងស្ទើរទាំងស្រុង នៅតំបន់ភ្នំបាសិតក្នុងខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញ ដោយនឹងមានទីតាំងសំខាន់ៗមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវគេសៀតបញ្ចូលធ្វើជាទីតាំងថតសម្ដែងដែរ។ នៅមិនទាន់មានការអះអាងថា រឿងនេះ មានប៉ុន្មានភាគនៅឡើយទេ ប៉ុន្តែអ្វីដែលVOD បានទទួល គឺរឿងទាំងមូលនឹងអាចចាក់ផ្សាយបណ្ដើរៗ ទាំងមិនទាន់ថតចប់នៅលើកញ្ចក់ទូរទស្សន៍ MY TV។ អ្នកនាងឌុច សុភា ត្រូវគេអះអាងថា ផ្ចិតផ្ចង់ក្នុងការសម្ដែងខ្លាំងណាស់ ដើម្បីឲ្យស័ក្តសមនឹងតំណែងជាកូនស្រីរបស់លោកមេភូមិ ដែលមានចរឹតមិនស្លូត មិនកាច គឺចរឹតស្មើ ដែលប្រហាក់ប្រហែលនឹងចរឹតខាងក្រៅរបស់នាងផ្ទាល់តែមួយ។ នេះជាខ្សែរឿងភាគទីមួយហើយរបស់ឌុច សុភា ចាប់តាំងពីអ្នកនាងបានធ្លាក់ខ្លួនជាមេម៉ាយកូនមួយ ក្រោយការដាច់ស្រេចជាមួយអតីតស្វាមីដែលជាមន្ត្រីអន្តោប្រវេសន៍នៅច្រកបាវិត ដ៏សំបូរទ្រព្យ។ យ៉ាងណាមិញ ក្រោយត្រឡប់ចូលសិល្បៈវិញ អ្នកនាងក៏ធ្លាប់សម្ដែងបានមួយរឿងដែរ ដោយគ្រាន់តែរឿងនោះជារឿងដុំ និងមិនសូវទទួលការចាប់អារម្មណ៍ ក្រោយពេលចាក់បញ្ចាំងតាមកុននោះតែប៉ុណ្ណោះ។
អ្នកនាងឌុច សុភា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធនឹងស្នាដៃសម្ដែងក្នុងរឿងភាគលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍My TV មួយនេះ។ ប៉ុន្តែលោកអ៊ុន សុធា ដែលជាតួឯកប្រុសនៅក្នុងរឿងនេះ បានទទួលស្គាល់ថានោះជាការពិត។ លោកអ៊ុន សុធា បញ្ជាក់ថា នៅក្នុងរឿង«កំលោះចាប់ហួយ»នេះ លោកត្រូវសម្ដែងជាតួអ្នកលក់ម៉ាំ រីឯអ្នកនាងឌុច សុភា ត្រូវសម្ដែងជាតួកូនស្រីលោកមេភូមិ ដែលជាអ្នកសំបូរទ្រព្យ។ ក្នុងរឿងនេះ អ្នកនាងឌុច សុភា គឺជានារីដែលមានប្រុសចោមរោមច្រើន ប៉ុន្តែចុងក្រោយបានក្លាយជាគូស្នេហ៍របស់លោក ដែលជាកំលោះក្រម៉ិចក្រម៉ើម និងម៉ត់ចត់ម្នាក់។ ទោះយ៉ាងណា ទម្រាំបានក្លាយជាគូស្នេហ៍ តួអង្គប្រុសស្រីទាំងពីរ ក៏ផ្ទុះរឿងចម្រូងចម្រាស់ដាក់គ្នា មិនខុសពីគូស្នេហ៍វ័យក្មេងនៅស្រុកចម្ការមួយចំនួន ដែលមានទម្លាប់ឌឺដងដាក់គ្នានោះផងដែរ។

តាមរយៈការអះអាងនេះ មានន័យថា អ្នកនាង ឌុច សុភា ត្បិតថាក្នុងឆ្នាំ២០១៣បានស្ងប់ស្ងាត់ខ្លាំងក្រោយរបូតតំណែងពិធីការិនីនៅប៉ុស្ដិ៍អប្សរា និងសំបូរតែរឿងអាស្រូវវាយផ្ទប់ ប៉ុន្តែនៅអំឡុងដើមឆ្នាំ២០១៤នេះ គឺយីអ៊ុនរបស់តារាស្រីរូបនេះ កំពុងហើបស្ទុះជាថ្មី។ អ្វីដែលខ្លាំង ហើយប្លែក គឺអ្នកនាងស្រាប់តែបានតំណែងតួឯកក្នុងរឿង«កំលោះចាប់ហួយ» ក្នុងកាលៈទេសៈ នៃការប្រកួតប្រជែងពីសំណាក់តារាស្រីក្មេងៗភាគច្រើន។ តំណែងរបស់អ្នកនាង នឹងរុលឲ្យភាពស្ងប់ស្ងាត់ កក្រើកម្ដងទៀត ពិសេសនៅពេលដែលខ្សែរឿងនោះ ដំណើរចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍My TV។ មន្ត្រីប៉ុស្ដិ៍MY TV ប្រាប់ថា រឿងនោះបានចំណាយខ្ទង់ផលិតអស់ច្រើន ហើយក៏ជាបញ្ចូលឈុតឆាកកំប្លុកកំប្លែង ឲ្យមានភាពទាក់ទាញច្រើនមិនធម្មតាផងដែរ។ បើឌុច សុភា អាចធ្វើឲ្យផ្ទុះក្នុងរឿង«កំលោះចាប់ហួយ»នោះមែន មានន័យថាអ្នកនាង ពិតជាស្មើមុខស្មើមាត់ជាមួយអ្នកនាងកែវ ស្រីនាង និង កែវ នីសា ជាមិនខានទេ ដោយសារភាគច្រើនគេឲ្យតម្លៃថា ពួកនាងទាំង៣ ស្អាត ល្បី និងខ្លាំងក្នុងការសម្ដែងកាលពីមុនមិនចាញ់គ្នា៕
សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
