អ្នករត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី ចោទ​សន្តិសុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ថា​យក​លុយ​ខុសច្បាប់

ដោយ៖​ ណុល ដា​រ៉ា​
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (រូបថត៖ តាត ឧត្តម)

​អ្នករត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី ជាង​៥០​នាក់ ប្រមូលផ្ដុំ​គ្នា នៅមុខ​ច្រកចូល​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​តវ៉ា​មិនឲ្យ​សន្តិសុខ​យកលុយ​ថ្លៃ​ចេញចូល​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កាំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កន្លែង​ដែល​មាន​ការ​បង្ក្រា​លើ​បាតុ​ករទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ កាលពីដើម​ខែ​មករា​។ មុនពេល​មាន​ការបង្ក្រាប​បាតុករ ប្រជាពលរដ្ឋ កម្មករ អ្នករត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី អាច​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ផ្លូវ​បេតុង ក្នុង​តំបន់​ពិសេស​ជា​ធម្មតា ប៉ុន្តែ​ក្រោយពី​ការបង្ក្រាប​នោះមក សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ តម្រូវឲ្យ​អ្នករត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី បង់លុយ​ថ្លៃ​ចេញចូល ដោយ​ម៉ូតូ​ឌុប​ត្រូវ​បង់​៣​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ឯ​រ៉ឺម៉ក​កង់​បី​ត្រូវ​បង់ ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​អ្នករត់​ម៉ូតូឌុប ដែល​មាន​ប្រពន្ធ​ជា​កម្មករ​ធ្វើការ​ក្នុង​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស លោក ជិន ពៅ រអ៊ូរទាំ​ថា លោក និង​អ្នកភូមិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​បេតុង​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ មិន​មាន​លទ្ធភាព​បង់​លុយ​តាម​ការតម្រូវ​របស់​សន្តិសុខ​បាន​ទេ «​ប្រជាជន​នៅក្នុង​ហ្នឹង ចេញចូល​ឆ្លងកាត់​ភូមិ​គាត់​ក៏​មិន​បាន​ដោយ​សេរី​ដែរ ដល់​ពេល​ឥឡូវ​ប្រជាជន​នៅ​ភូមិ​ជាប់​ហ្នឹង ឆ្លងកាត់​តាម​ហ្នឹង​ក៏​មិនបាន​ដែរ បិទ​សិទ្ធិសេរីភាព​គេ​ទាំង​អស់ មក​ធ្វើ​តំបន់​សេដ្ឋកិច្ច​នៅ​កន្លែង​ហ្នឹង ហើយ​បិទ​ផ្លូវ​ប្រជាជន ដូចជា​ធ្វើបាប​ប្រជាជន​ពេក ធ្វើបាប​កម្មករ​ពេក​ហើយ​»​។​

​ប្រធាន​សន្តិសុខ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មិន​បង្ហាញ​អត្តសញ្ញាណ មានប្រសាសន៍ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ «​យើង​ដើម្បី​រៀបចំ​ឲ្យ​ស្រួល មួយ​រយៈ​នេះ​យើង​មាន​បាតុកម្ម​រញ៉េរញ៉ៃ អញ្ចឹង​ម៉ូតូឌុប​ដែល​ចូល​ក្នុង​តំបន់​នេះ យើង​ស្រង់​ឈ្មោះ​គាត់​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​គាត់​ទី​១ គាត់​ដាក់​សំណើ​មក​យើង​វិញ​ថា ពួកគាត់​ប្រមូលផ្តុំ​វា​មាន​រឿង​ច្រើនណាស់ អាច​ដណ្តើម​ម៉ូយ បាតុកម្ម​ប៉ះពាល់​វ៉ៃ​គ្នា អញ្ចឹង​យើង​រៀបចំ​ឲ្យ​គាត់ ហើយ​គាត់​សុំ​បង់​ជូន​ជា​កំរៃ​មក​វិញ ដើម្បី​រៀបចំ​ឲ្យ​ពួកគាត់ នៅក្នុង​តំបន់​នេះ ហើយ​គោលការណ៍​របស់​តំបន់​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូលទេ​»​។​

​អ្នកសម្របសម្រួល​បណ្ដា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម លោក​សន ជ័យ យល់ថា បើ​ការធ្វើ​ផ្លូវ​នោះ​អត់​មាន​ចុះកិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល ថា​ជា​ផ្លូវ​បង់លុយ​ទេ ហើយ​ក្រុម​សន្តិសុខ​ទាមទារ​ស្រេច​តែ​នឹកឃើញ នោះ​គឺជា​រឿង​ខុសច្បាប់ «​យើង​ត្រូវ​ពិនិត្យមើល​ថា​តើ ផ្លូវ​នោះ​ជា​ផ្លូវ​របស់​រដ្ឋ ហើយ​តើ​មានការ ចុះកិច្ចសន្យា​វិនិយោគ យ៉ាងម៉េច​? ប្រសិន​ជា​របស់​វិស័យ​ឯកជន គេ​ត្រូវ​មាន​កិច្ចសន្យា​មួយ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​នឹង​យក​ផ្លូវ​នោះ ជា​ផ្លូវ​បង់លុយ ប៉ុន្តែ​ប្រសិនជា​អត់​មាន​ចែង​ទេ ហើយ​គេ​នឹកឃើញ​ថា ដោយសារតែ​មាន​មនុស្ស​ចេញចូល​ច្រើន រ៉ឺម៉ក​កង់​បី ម៉ូតូឌុប​ច្រើន ចេញចូល​តំបន់​ហ្នឹង ហើយ​គេ​ចាប់ផ្តើម ទារ​យក​លុយ នោះ​ជា​ទង្វើ​មួយ​ដែល​ខុសច្បាប់​»​។​

​លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​រដ្ឋ គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ បើ​ផ្លូវ​នោះ​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើំដំណើរ​ដោយ​សុខសាន្ត ហើយ​ក្រុមហ៊ុន​មក​វិនិយោគ​យក​ផ្លូវ​នេះ​ជា​ផ្លូវ​បងលុយ វា​មិន​ឆ្លើយតប​ទៅនឹង​ទិដ្ឋភាព​ជាក់ស្ដែង តាម​ប្រពៃណី​ទំនៀមទម្លាប់ និង​ការរស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទេ​។ ដូច្នេះ​គេ​ត្រូវតែ​បញ្ឈប់​អំពើ​នោះ​ជាបន្ទាន់​៕

សូមសរសេរមកលោក ​ណុល ដា​រ៉ា​​ តាមរយៈ dara@vodhotnews.com

What Next?

Recent Articles