អ្នក​បឹងកក់ អំពាវនាវ​ឲ្យ​មន្ត្រី​សាលា​រាជធានី និង​ពលរដ្ឋ​ជួយ​ទិញ​ផ្កា នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រលាញ់

ដោយ៖​ ណាត សុភាព​
ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com

ប្រជាសហគមន៍បឹងកក់ លក់ផ្កានៅមុខសាលារាជធានីភ្នំពេញ (រូបថត៖ ណាត សុភាព)

ប្រជា​សហគមន៍​បឹងកក់​ជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អំពាវនាវ​ឲ្យ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ ជួយ​ទិញ​ផ្កា​របស់​ពួកគាត់ ដើម្បី​បង្ហាញ​ពី​ក្តីស្រលាញ់ និង​ជួយ​ទ្រទ្រង់​​សហគមន៍ ក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ខណៈដែល​ប្រជា​សហគមន៍​បឹងកក់​ចំនួន ១៣​នាក់ បាន​ឈរ​លក់​ផ្កាឈូក​ចំនួន ១០០​ដើម និង​ផ្កាកូឡាប ២០០​ដើម នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តីស្រលាញ់​។

អ្នកស្រី​ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ មានប្រសាសន៍ថា ការលក់​ផ្កា​នេះ គឺ​ក្នុង​គោលបំណង​អំពាវនាវ​ឲ្យ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជួយ​ទិញ​ផ្កា​របស់​ពួកគាត់ ដើម្បី​បង្ហាញ​ការយោគយល់ និង​ក្តីស្រលាញ់​រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​។ អ្នកស្រី​បន្ត​ថា ការលក់​ផ្កា​នេះ មិន​ផ្តោត​សំខាន់​តែ​លើ​អាជ្ញាធរ​​ទេ ពួកគាត់​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​ទិញ​ផ្កា​របស់​ពួកគាត់​ដែរ ដើម្បី​យក​ថវិកា​ដែល​លក់បាន​នោះ ទៅ​ទ្រទ្រង់​សហគមន៍​បឹង​កក់ សម្រាប់​យុទ្ធ​ការទាមទារ​រក​យុត្តិធម៌​ជូន​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​ផង​ដែរ​។​

​អ្នកស្រី​ទេព វ​ន្នី ឲ្យដឹងទៀតថា ការជ្រើសរើស​កន្លែង​លក់​ផ្កា នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ ដោយសារ​ទីកន្លែង​នោះ ជា​កន្លែង​ដែល​ពួកគាត់​តវ៉ា​ដើម្បី​​សិទ្ធិសេរីភាព និង​ធ្លាប់​រង​ការបង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក​។

​បើ​តាម​អ្នក​បឹងកក់ ផ្កា​ដែល​លក់​នៅ​ថ្ងៃនេះ មិន​កំណត់​តម្លៃ​ទេ គឺ​អាស្រ័យ​ទៅលើ​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​។ ប្រសិន​បើ​លក់​ផ្កា​នៅមុន​សាលា​​រាជធានី​ភ្នំពេញ​នេះ មិន​អស់​នៅ​ព្រឹក​នេះ​ទេ ពួកគេ​នឹង​បន្ត​លក់​នៅ​ពេល​រសៀល​ទៀត ឬ​គ្រោង​នឹង​លក់​ផ្កា​នៅតាម​ស្ថាប័នរដ្ឋ​ធំៗ​មួយចំនួនទៀត ក្នុង​​រាជធានី​ភ្នំពេញ៕​

សរសេរមកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com​

What Next?

Recent Articles