ដោយ៖ បូ សាវី
ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋប្រមាណ៤រយគ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកឆែប ខេត្ដព្រះវិហារ ចោទប្រកាន់ក្រុមហ៊ុនចិនមួយឈ្មោះ រ៉ូយ ហ្វេង ថា យកគ្រឿងចក្រឈូសឆាយរំលោភយកដីស្រែពួកគេ និងគំរាម ចាប់ដាក់ខ្នោះពលរដ្ឋ បើពួកគាត់ហ៊ានតវ៉ា។
ពលរដ្ឋនៅភូមិជោកជ័យ ឃុំសង្កែ២ ស្រុកឆែប លោក ឌួង សុខែម ប្រាប់VODនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនមួយ ឈ្មោះរ៉ូយ ហ្វេង បានយកគ្រឿងចក្របួនគ្រឿង មកឈូសឆាយចូលដីស្រែ និងចំការពលរដ្ឋចំនួន៤ឃុំ ដើម្បីយកដាំអំពៅ និងបានគំរាមចាប់ដាក់ខ្នោះពលរដ្ឋ ខណៈពួកគាត់សួររកឈ្មោះក្រុមហ៊ុន។ លោកបន្ដថា លោកកំពុងរៀបចំដាក់ពាក្យបណ្ដឹង ទៅអង្គការសង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធដើម្បីឲ្យជួយដោះស្រាយ «ប្រជាជនតវ៉ាខ្លាំងណាស់បងឥឡូវនេះ ខ្ញុំកំពុងប្រមូលស្នាមមេដាយ ប្ដឹងទៅអាដហុក បង ខ្ញុំចង់ទាមទារឲ្យអាជ្ញាធរចេញក្រុមហ៊ុនទៅវិញ កុំឲ្យឈូសឆាយដីស្រែដូចរាល់ថ្ងៃ បើបងប្អូនសុទ្ធតែកសិករ អ្នកស្រែ»។
ពលរដ្ឋមួយរូបទៀត លោក យឹម វ៉ាន់កន ឲ្យដឹងថា គ្រឿងចក្របួនគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយប៉ះពាល់ ក្បាលដីស្រែពួកគេរាប់រយហិកតា ជាបន្ដបន្ទាប់។ លោកថា ពួកគាត់បារម្ភ ខ្លាចបាត់បង់ដីធ្វើស្រែចំការ ដែលជាកម្មសិទ្ធិតាំងពីដូនតាមមកនោះ។ លោកបន្ថែមថា ពលរដ្ឋបានទៅតវ៉ាឲ្យបញ្ឍប់គ្រឿងចក្រនោះ ប៉ុន្ដែមិនមានប្រសិទ្ធិភាព ហើយអាជ្ញាធរក៏មិនមានសមត្ថភាពដោះស្រាយ «ដីខ្ញុំប៉ះពាល់ពាល់ទាំងក្បាលស្រែ និងស្រែបង អស់មួយហត្ថបង ខាងក្រុមហ៊ុនចិនគេធ្វើចំការអំពៅបងឈូសឆាយប្រហែលពីថ្ងៃហើយបង។ បងប្អូនយើងជួបការលំបាកណាស់ ខ្វះដីធ្វើស្រែ»។
VOD មិនអាចទាក់ទងក្រុមហ៊ុនចិន រ៉ូយ ហ្វេង ដើម្បីបំភ្លឺពីបញ្ហានេះ បាននៅឡើយទេនៅថ្ងៃនេះ។
អភិបាលស្រុកឆែប លោក អ៊ុង វុទ្ធី មានប្រសាសន៍ខ្លីថា ក្រុមការងារកំពុងចុះដោះស្រាយហើយ។
អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា អាដហុកនឹងស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីពលរដ្ឋ។ លោក មានប្រសាសន៍កត់សំគាល់ថា បច្ចុប្បន្ន នៅខេត្ដព្រះវិហារ ការរំលោភដីធ្លីពលរដ្ឋ ពីសំណាក់ក្រុមហ៊ុនដែលទទួលបានដីសម្បទាន សេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ កាន់តែមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកថា រដ្ឋាភិបាលគួរមានវិធានការទប់ស្កាត់ និងចាត់វិធានការលើបញ្ហានេះ ដើម្បីជៀសវាងទំនាស់កាន់តែវែងអន្លាយ៕
សូមសរសេរមកលោក បូសាវី តាមរយៈ savy@vodhotnews.com