ដោយ ហ៊ុំ ចំរើន
2014-02-15
RFA
ពលរដ្ឋនៅស្រុករំដួល ខេត្តស្វាយរៀង អះអាងថា មន្ត្រីប៉ូលិសចុះធ្វើអត្តសញ្ញាណប័ណ្ណខេត្តនេះថា មិនបានយកចិត្តទុកដាក់បម្រើសេវាកម្មដិតដល់ជួនរបស់ប្រជាពលរដ្ឋនោះទេ គឺរហ័សរហួនតែចំពោះអ្នកដែលបានបង់លុយឲ្យប៉ូលិសប៉ុណ្ណោះ។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋខ្លះរងទុក្ខលំបាក ខាតបង់ពេលវេលា និងថវិកាជាច្រើនឆ្នាំ ក៏នៅតែពុំទាន់ធ្វើអត្តសញ្ញាណប័ណ្ណរបស់ខ្លួនបាននៅឡើយ។ ប៉ុន្តែមន្ត្រីប៉ូលិសបដិសេធចំពោះការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារការធ្វើអត្តសញ្ញាណប័ណ្ណនេះ បានរៀបរាប់បញ្ជាក់ថា មានការខកចិត្ត និងចាត់ទុកសកម្មភាពរបស់អាជ្ញាធរប៉ូលិសថាគិតពីប្រយោជន៍ផ្ទាល់ខ្លួនមិនបានគិតគូរពីផលលំបាករបស់ប្រជាពលរដ្ឋដែលមកធ្វើអត្តសញ្ញាណប័ណ្ណនោះទេ។
ប្រជាពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់រស់នៅភូមិថ្មី នៃឃុំស្វាយចេក ស្រុករំដួល ថ្លែងបញ្ជាក់នៅថ្ងៃទី១៥ កុម្ភៈ ថា កញ្ញាខាតបង់ទាំងពេលវេលា និងថវិកាដោយសារការធ្វើអត្តសញ្ញាណប័ណ្ណនេះ ជាច្រើនលើកមកហើយ ជាពិសេសនៅពេលដែលខ្លួនទៅធ្វើអត្តសញ្ញាណប័ណ្ណ កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ។
កញ្ញាបញ្ជាក់ថា ពេលនោះឃើញប្រជាពលរដ្ឋជាច្រើនត្អូញត្អែរពីសកម្មភាពរបស់ប៉ូលិសថា គិតគូរតែប្រជាពលរដ្ឋណាដែលបានបង់ប្រាក់ថ្លៃសេវាកម្មធ្វើអត្តសញ្ញាណប័ណ្ណទៅឲ្យមន្ត្រីប៉ូលិសទេ។ ចំពោះអ្នកដែលពុំបានបង់ថ្លៃសេវាវិញ អាជ្ញាធរប៉ូលិសពុំបានយកចិត្តទុកដាក់ឲ្យបានដិតដល់ឡើយ៖ «ធម្មតាខ្ញុំសិស្សសាលាអ៊ីចឹងខ្ញុំត្រូវការអត្តសញ្ញាណប័ណ្ណអី ហើយខ្ញុំសុខចិត្តព្យាយាមខានរៀនខានសូត្រទៅធ្វើ ហើយធ្វើឡើង ៣ អត់បានទេ ហើយពេលមកធ្វើម្ដងទៀតអត់បាន ខ្ញុំមានអារម្មណ៍លែងចង់ធ្វើហើយ មិនដឹងយ៉ាងម៉េច ខ្ញុំមិនដឹងថា មូលហេតុអីបានធ្វើអត់បាន។ ខ្ញុំសួរគាត់ដែរ ខ្ញុំសួរថាបង! អើខ្ញុំធ្វើម៉េចបានអត្តសញ្ញាណប័ណ្ណខ្ញុំ ៣ដងហើយ ប៉ុន្តែដូចគេធ្វើអត់កើតអ៊ីចឹងបង។ ហើយអ្នកកន្លែងថតគេថាឲ្យខ្ញុំវិញដែរ គេពេលខ្លះទៅអ្នកវាយៗខ្វះអីមួយភ្លេចអីមួយអ៊ីចឹងគេអត់បញ្ជូនឲ្យទេ អាហ្នឹងវាបញ្ហាតិចតួចអ៊ីចឹងវាអត់គ្រប់លក្ខណៈរបស់យើងអីអ៊ីចឹង»។
តែយ៉ាងណាប្រធាននគរបាលប៉ុស្តិ៍ឃុំស្វាយចេក ស្រុករំដួល លោក ហន សុង មានប្រសាសន៍បញ្ជាក់ដោយបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលថាប៉ូលិសមិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាធ្វើអត្តសញ្ញាណប័ណ្ណនោះ។
លោក ហន សុង បញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរប៉ូលិសពុំដែលទារថ្លៃសេវាធ្វើអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋឡើយ។ លោកថា ផ្ទុយទៅវិញ អាជ្ញាធរប៉ូលិសតែងអនុគ្រោះឲ្យស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរា និងជនពិការទទួលបានសិទ្ធិមុនគេនៅពេលធ្វើអត្តសញ្ញាណប័ណ្ណ៖ «ដូចជាគ្មានទេលោក ខ្ញុំនៅធ្វើនេះ គ្រាន់តែថាវាច្រើនច្របូកច្របល់មនុស្សច្រើនមែន ប៉ុន្តែដោយសម្ដីហ្នឹងដូចអត់មានទេ។ សូមបញ្ជាក់បន្តិចទៀត ត្រង់ថាអ៊ីចេះ ឧបមាថា គាត់មកអ៊ីចឹងមនុស្សវាច្រើនអ៊ីចឹងទៅ គាត់មកមួយថ្ងៃ អ៊ីចឹងទៅមនុស្សវាច្រើនវាគរ។ ដោយសារតាមលេខរៀង អ៊ីចឹងទៅគាត់វាយូរអ៊ីចឹងទៅ ស្អែកគាត់មកវាយូរទៀត គាត់ថាលែងធ្វើហើយ មិនដឹងធ្វើអីប្រយោជន៍អីខ្ញុំទេ។ ដល់អ៊ីចឹងគាត់ក៏លែងទៅធ្វើទៀតទៅ អាហ្នឹងកន្លងមកដែលខ្ញុំទទួលព័ត៌មានដែលខ្ញុំនៅតាមមូលដ្ឋានលោក»។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋបញ្ជាក់ថា អ្នកដែលបង់ប្រាក់ទៅឲ្យប៉ូលិសពី ៥ពាន់ ទៅ ២ម៉ឺនរៀន និងទទួលបានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណមុនគេ។
អាជ្ញាធរប៉ូលិសបានចុះដំណើរការធ្វើអត្តសញ្ញាណប័ណ្ណជួនដល់ប្រជាពលរដ្ឋដែលមិនតម្រូវឲ្យបង់ប្រាក់ធ្វើនៅសាលាឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ចំនួន ២ថ្ងៃមកហើយ។ មន្ត្រីប៉ូលិសបញ្ជាក់ថា ប្រជាពលរដ្ឋនឹងទទួលបានអត្តសញ្ញាណប័ណ្ណនៅរយៈពេលប្រមាណ ១ខែ បន្ទាប់ពីថ្ងៃធ្វើអត្តសញ្ញាណប័ណ្ណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យោធិនពិការនៅបាត់ដំបងត្អូញពីការបើកប្រាក់សោធននិវត្តន៍មិនទៀងទាត់
- ពលរដ្ឋនៅខណ្ឌឫស្សីកែវបារម្ភខ្លាចបាក់ច្រាំងទន្លេដោយសារការបូមខ្សាច់
- រដ្ឋាភិបាលកែសម្រួលនីតិវិធីបើកប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល
- សាលារាជធានីសម្ពោធដាក់ឲ្យប្រើប្រាស់សេវារថយន្តក្រុងនៅភ្នំពេញ
- សកម្មភាពជួញដូរសាច់សត្វព្រៃនៅខេត្តប៉ែកពាយព្យ
- ពលរដ្ឋបាត់ម៉ូតូក្នុងថ្ងៃធ្វើបាតុកម្មស្វែងរកកិច្ចអន្តរាគមន៍
- លោកឧកញ៉ា សុខ គង់ ចែកលុយដល់កងកម្លាំងសមត្ថកិច្ចឱកាសចូលឆ្នាំចិន
- ទស្សនៈពលរដ្ឋចំពោះនិមិត្តរូបនៃខេត្តពោធិ៍សាត់
- ពលរដ្ឋនៅក្រុងបាវិតបារម្ភពីជនជាតិវៀតណាមឃ្វាលក្របីចូលមកស៊ីស្មៅនៅដីខ្មែរ