ដោយ ហង្ស សាវយុត
2014-02-15
RFA
នៅខេត្តឧត្តរមានជ័យ ពេលបច្ចុប្បន្ន អាជ្ញាធរភូមិ ឃុំខ្លះនៅតែយកអំណាចនិងតួនាទីរបស់ខ្លួនទៅទារប្រាក់ពីប្រជាពលរដ្ឋ នៅពេលដែលអ្នកភូមិត្រូវការធ្វើលិខិតស្នាម និងបោះត្រាឯកសារផ្សេងៗ។ អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានហៅការទារប្រាក់ដែលលើសពីតម្លៃសេវាសាធារណៈ ដែលច្បាប់កំណត់នោះ ថាគឺជាអំពើខុសច្បាប់។
ប្រជាពលរដ្ឋមួយគ្រួសារ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានចោទប្រកាន់មេភូមិពោធិវង្ស នៃសង្កាត់ បន្សាយរក្សថា កំពុងគាបសង្កត់រូបគាត់ឱ្យបង់ប្រាក់ជាច្រើនម៉ឺនរៀលជាថ្នូរនឹងការធ្វើលិខិតស្នាមឱ្យលក់ដីមួយកន្លែង។
អ្នកភូមិឈូក នៃសង្កាត់សំរោង ក្រុងសំរោង គឺអ្នកស្រី រ៉ាន់ គាំ។ អ្នកស្រីបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ថា គាត់មានដីទំហំ ៣ហិកតារនៅក្នុងភូមិពោធិវង្ស នៃសង្កាត់បន្សាយរក្ស។ កាលពីពេលថ្មីៗ កូនរបស់គាត់ម្នាក់បានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ហើយគាត់ខ្វះលុយកាក់ដើម្បីជួយកូន ក៏សម្រេចចិត្តលក់ដីនោះ។ ក៏ប៉ុន្តែនៅពេលដែលគាត់ទៅជួបមេភូមិពោធិវង្ស ឈ្មោះ គឹម សារុន ឱ្យជួយធ្វើលិខិតស្នាមលក់ បែរជាមេភូមិមិនព្រមធ្វើដោយបង្ខំឱ្យគាត់ធ្វើវិភាគទានដីកន្លះហិកតារ ទើបគេធ្វើលិខិតឱ្យ។
លោក គឹម សារុន៖ «គេថាគេសរសេរសំបុត្រឱ្យ ដល់តែទុកលុយឱ្យគេ ៥០ដុល្លារបានគេស៊ីញ៉េ។ដល់តែទុកលុយឱ្យគេថា ចាំគេមកពីព្រៃគេនឹងស៊ីញ៉េឱ្យរួច គេនឹងឱ្យអ្នកដែលទិញនោះ កាន់សំបុត្រយកទៅឃុំ។ ស្រាប់តែដល់ព្រឹកឡើងគេអត់ស៊ីញ៉េឱ្យទេ គេទូរស័ព្ទហៅខ្ញុំ ថាឱ្យខ្ញុំនេះទៅវិភាគទានដីឱ្យគេកន្លះហិកតារ បានគេស៊ីញ៉េឱ្យ បើយើងមិនវិភាគទានឱ្យគេ គឺមិនស៊ីញ៉េឱ្យទេ»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេភូមិពោធិវង្ស គឺលោក គឹម សារុន ដើម្បីសុំប្រតិកម្មចំពោះការចោទប្រកាន់នេះ បានយ៉ាងណានៅឡើយ ដោយសារតែលោកបិទទូរស័ព្ទ។
ចំណែកចៅសង្កាត់បន្សាយរក្ស លោក ហែម សេដា បានបដិសេធថា លោកមេភូមិពោធិវង្ស មិនបានទារប្រាក់ ៥០ដុល្លារ និងតម្រូវឱ្យធ្វើវិភាគទានដីកន្លះហិកតារដូចការចោទប្រកាន់នោះទេ។
លោកចៅសង្កាត់បានអះអាងទៀតថា មូលហេតុដែលមេភូមិពោធិវង្ស មិនព្រមធ្វើលិខិតឱ្យលក់ដីនោះ ដោយសារតែម្ដាយ គឺជាម្ចាស់កម្មសិទ្ធិ ហើយម្ដាយធ្លាប់សន្យាថានៅពេលណាលក់ដី គឺគាត់នឹងធ្វើវិភាគទានខ្លះសម្រាប់ការអភិវឌ្ឍភូមិ។ ក៏ប៉ុន្តែនៅពេលដែលលក់ដីនោះបែរជាមិនឃើញម្ដាយទៅលក់ ឃើញតែកូនជំនួសទៅវិញ។
លោក ចៅ សង្កាត់បានមានប្រសាសន៍បន្ថែមថា ដោយសារបញ្ហានេះ មេភូមិមិនហ៊ានធ្វើលិខិតបញ្ជាក់ការលក់ដីនោះទេ ដោយខ្លាចក្រែងកូនលួចដីលក់ឯម្ដាយមិនដឹង៖ «ដីរបស់ម្ដាយទិញ ក៏ប៉ុន្តែខាងម្ដាយនោះ មិនបានទៅ។ ដល់ឱ្យកូនទៅ ក៏មេភូមិនោះ ខឹងនិងម្ដាយយកដីលក់។ គេចង់ឱ្យម្ដាយនិងកូននោះ ជួបគ្នាដើម្បីនិយាយគ្នានៅចំពោះមុខអនុភូមិក៏បាត់មិនឃើញទៅ»។
ក៏ប៉ុន្តែអ្នកស្រី រ៉ាន់ គាំ បានច្រានចោលការពន្យល់របស់អាជ្ញាធរសង្កាត់បន្សាយរក្ស នោះ ដោយថា ពីដំបូងគឺអ្នកស្រីបានទៅលក់ដី ក៏ប៉ុន្តែនៅពេលដែលមេភូមិមិនព្រមធ្វើលិខិតឱ្យទើបកូនរបស់អ្នកស្រីទៅសាកសួរមេភូមិប៉ុណ្ណោះ មិនមែនទៅលក់ដីដូចមេឃុំអះអាងនោះទេ។
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកទើបតែបានទទួលបណ្ដឹងជុំវិញរឿងនេះ។ លោក ស្រី ណារ៉េន បានបញ្ជាក់ថា លោកនឹងចុះស៊ើបអង្កេតករណីនេះ ហើយបើរកឃើញ ដូចប្រជាពលរដ្ឋអះអាងមែនវាគឺជាអំពើពុករលួយ និងការជំរិតទារប្រាក់ខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូបង្រៀននៅមេមត់ត្អូញត្អែរចំពោះការកាត់ប្រាក់បន្ថែមម៉ោង
- មន្ត្រីដោះស្រាយផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនៅស្ទឹងត្រែងរងការចោទថាពុករលួយ
- ភ្នំពេញនឹងបង្កើតក្រុមចល័តពិសេសត្រួតពិនិត្យសកម្មភាពប៉ូលិសចរាចរណ៍
- ពលរដ្ឋនៅព្រៃវែងត្អូញពីតម្លៃស្រូវចុះថោកដោយសារប៉ូលិសទារលុយពីឈ្មួញវៀតណាម
- ស្មៀនឃុំនៅខេត្តស្វាយរៀងរងការចោទថាប្រព្រឹត្តអំពើពុករលួយ
- ការលួចនាំចូលរថយន្តចង្កូតស្ដាំមកកម្ពុជាកម្រើកឡើងវិញតាមច្រកព្រំដែនអូស្មាច់
- អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ចប់ការស៊ើបលើការចោទរបស់Global Fundឆាប់ៗ
- ថ្នាក់ដឹកនាំពន្ធនាគារខេត្តតាកែវរងការចោទថាប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម
- ពលរដ្ឋនៅព្រៃវែងបារម្ភខ្លាចក្រុមហ៊ុនយកថ្មអស់ពីភ្នំឈើកាច់