ដោយ អ៊ួន ឈិន
2014-02-16
RFA

កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ប្រឈមមុខនឹងអ្នកបុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤។ RFA
អ្នករងគ្រោះដោយអំពើហិង្សានៅបុរីកីឡា ទាមទាររកយុត្តិធម៌និងជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារឲ្យគ្រប់ ១០អគារតាមកិច្ចសន្យា ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ២ឆ្នាំទៅហើយនោះ។
ស្ត្រីមានផ្ទៃពោះនិងស្ត្រីសរសៃខ្ចីនៅសហគមបុរីកីឡា ដែលអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើកងកម្លាំងវាយឲ្យរបួសកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានទាមទារឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យពួកគាត់ និងចាត់វិធានការចំពោះក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមិនគោរពកិច្ចសន្យាក្នុងការវិនិយោគ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ុន ដែលទើបតែសម្រាលកូនបាន ៥ខែ ហើយដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរព្យាបាលមួយ ថ្លែងថា អ្វីដែលពួកគាត់រង់ចាំគឺមិនមែនជម្រកបណ្ដោះអាសន្នដែលសាលារាជធានីភ្នំពេញ គ្រោងនឹងសង់ឲ្យពួកគាត់នោះទេ។
ដូចគ្នានេះដែរ សកម្មជនដីធ្លីនៃសហគមន៍បុរីកីឡា ម្នាក់ដែលមានផ្ទៃពោះ ៨ខែ ហើយកំពុងសម្រាកនៅលើគ្រែពេទ្យ អ្នកស្រី ហាស់ សុខចិន្ដា មានប្រសាសន៍ថា គ្រូពេទ្យកំពុងតាមដានសុខភាពរបស់អ្នកស្រីនិងកូនក្នុងផ្ទៃយ៉ាងយកចិត្តទុកដាក់។
ទោះបីនៅមានការឈឺចាប់ដោយការវាយដំ អ្នកស្រី ហាស់ សុខចិន្ដា បានឆ្លៀតប្រាប់ឲ្យដឹងថា គន្លឹះនៃការបញ្ចប់បញ្ហានៅបុរីកីឡា គឺមានតែការជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច គោរពកិច្ចសន្យាមួយមុខគត់។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃមាឃបូជា និងជាទិវានៃសេចក្ដីស្រឡាញ់ផងនោះ អ្នកបុរីកីឡា ៧នាក់ក្នុងចំណោមអ្នកបុរីកីឡាជាង ១០០គ្រួសារ បានរងរបួសខណៈកងកម្លាំងអាជ្ញាធរបណ្ដេញពួកគាត់ចេញពីអគារទី៩ របស់ក្រុមហ៊ុនផានអ៊ីម៉ិច ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ ស្ត្រីទើបសម្រាលកូន ២នាក់ និងកុមារាម្នាក់របួសធ្ងន់។
ទាក់ទិននឹងបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោស នៅថ្ងៃទី១៥ ខែកុម្ភៈ ចំពោះអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់កងកម្លាំងលើសលប់វាយបង្ក្រាបប្រជាពលរដ្ឋ និងក្រុមអ្នកតវ៉ាសិទ្ធិលំនៅឋាននៅសហគមន៍បុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានជំរុញឲ្យប្រទេសផ្តល់ជំនួយ ពិចារណាឡើងវិញនូវការផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោសចំពោះការប្រើហិង្សាបង្ក្រាបអ្នកបុរីកីឡា
- ពលរដ្ឋនៅពោធិ៍សាត់បន្តតវ៉ាឲ្យដោះលែងស្ត្រីម្នាក់និងបញ្ឈប់បណ្ដេញពលរដ្ឋពីលំនៅឋាន
- អ្នកបុរីកីឡា៧នាក់របួសក្នុងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ
- ពលរដ្ឋនៅពោធិ៍សាត់តវ៉ាមុខតុលាការទារឲ្យដោះលែងស្ត្រីម្នាក់ទាក់ទងរឿងដីធ្លី
- ពលរដ្ឋជាង៣០០គ្រួសារនៅកំពង់ឆ្នាំងបារម្ភខ្លាចបាត់បង់ផ្ទះនិងដីស្រែចម្ការ
- បង្កើតគណៈកម្មការដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុនស្ករអំពៅ
- សង្គមស៊ីវិលរិះគន់ភាពខ្វះចន្លោះជុំវិញការផ្ដល់ប័ណ្ណកម្មសិទ្ធិដី
- ពលរដ្ឋនៅមណ្ឌលគិរីតវ៉ាបិទផ្លូវរឿងអាជ្ញាធរដុតរោងស្នាក់នៅប្រមាណ៣០០គ្រួសារ
- មន្ត្រីដោះស្រាយផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនៅស្ទឹងត្រែងរងការចោទថាពុករលួយ