Friday, 14 February 2014
ផាក់ ស៊ាងលី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សៀវភៅដំបូង ស្តីពីផ្តៅក្នុងបីប្រទេសនៃមហាតំបន់មេគង្គ ត្រូវបានចេញផ្សាយ កាលពីម្សិលមិញ ហើយក្រុមអ្នកស្រាវជ្រាវ និងចងក្រងសៀវភៅនេះបានសម្ដែងក្តីបារម្ភ ពីការគំរាមកំហែងដល់រុក្ខជាតិផ្តៅដោយសារការបាត់បង់ព្រៃឈើ។
អង្គការ WWF និងក្រុមរុក្ខវិទូមកពីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក បានធ្វើការសិក្សាស្រាវជ្រាវ ពីផ្តៅអស់រយៈពេល ៨ឆ្នាំ នៅក្នុងតំបន់មេគង្គ ដែលមានប្រទេស កម្ពុជា ឡាវ និង វៀតណាម ហើយបានចងក្រងជាសៀវភៅជាភាសាអង់គ្លេសមួយក្បាលដែលមានកម្រាស ២២២ ទំព័រ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញអង្គការ WWF បានប្រារព្ធពិធីនៅក្នុងរាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយសៀវភៅដែលមានចំណងជើងថា «ប្រព័ន្ធចំណាត់ថ្នាក់ អេកូឡូស៊ី និងការគ្រប់គ្រងផ្តៅក្នុងប្រទេស កម្ពុជា ឡាវ និង វៀតណាម»។ ផលិតផល និងគ្រឿងសង្ហារិម ដែលផលិតពីផ្តៅ ក៏ត្រូវបានដាក់តាំងបង្ហាញក្នុងពិធីនេះផងដែរ។
លោក ឈិត សំអាត នាយកអង្គការ WWF កម្ពុជា បានថ្លែងក្នុងឱកាសនោះថា សៀវភៅនេះមានកត់ត្រា និងផ្តល់ព័ត៌មានលម្អិតពីផ្តៅចំនួន ៦៥ ប្រភេទដែលបានរកឃើញនៅក្នុងប្រទេសទាំងបី។ ក្នុងនោះមាន ២០ ប្រភេទមាននៅក្នុងប្រទេស កម្ពុជា ដែលរួមមានផ្តៅពីរប្រភេទឈ្មោះផ្តៅទឹកឃ្មុំ និងបន្លាដងវែង ត្រូវបានរកឃើញថ្មីនៅ កម្ពុជា។
លោក ឈិត សំអាត បានបញ្ជាក់ថា៖ «ការចងក្រងនិងដាក់បញ្ចូលព័ត៌មានពីការគ្រប់គ្រងផ្តៅគឺដើម្បីជាមាគ៌ាសម្រាប់ការគ្រប់គ្រង និងប្រើប្រាស់ផ្តៅដោយនិរន្តរភាពនៅក្នុងប្រទេសទាំងបី»។ សៀវភៅនេះ ក៏នឹងត្រូវបកប្រែជាភាសាខ្មែរ ឡាវ និង វៀតណាម ក្នុងពេលឆាប់ៗខាងមុខនេះដែរ។
លោក ឈិត សំអាត ក៏បានឲ្យដឹងផងដែរថា ពាណិជកម្មផ្តៅក្នុងពិភពលោកមានតម្លៃជាង ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលមានមនុស្សប្រមាណជា ៧០០ លាននាក់រួមមានអ្នកដក ផលិត និងអ្នកទិញ លក់ កំពុងប្រឡូកក្នុងការងារនេះ។ ដោយឡែកឧស្សាហកម្មផ្តៅនៅកម្ពុជាកំពុងផ្តល់ចំណូលដល់អ្នកពាក់ព័ន្ធក្នុងការរកស៊ីផ្តៅប្រមាណជា ១,៥ លានដុល្លារក្នុងមួយឆ្នាំដែលក្នុងមួយគ្រួសារៗ អាចទទួលបានផលប្រយោជន៍ប្រហែលជា ៨៦ ដុល្លារក្នុងមួយខែ។
ទោះយ៉ាងណាលោក សំអាត បានថ្លែងដូច្នេះថា៖ «ការដកផ្តៅហួសកម្រិតកង្វះខាតការគ្រប់គ្រង នាំឲ្យធនធាននេះកាន់តែរេចរឹលនិងការប្រើប្រាស់ដោយគ្មាននិរន្តរភាព»។
អង្គការ WWF ក៏បានលើកឡើងផងដែរថា ធនធានផ្តៅព្រៃ កំពុងតែទទួលរងការគំរាមកំហែង ដែលបណ្តាលមកពីការបង្វែរការប្រើប្រាស់ដីព្រៃ និងសកម្មភាពដក និងប្រមូលផ្តៅ ដោយគ្មានបច្ចេកទេស ដែលធ្វើឲ្យផ្តៅព្រៃធ្លាក់ចុះ ហើយជះឥទ្ធិពលដល់ភាពរីកចម្រើនដល់វិស័យផ្តៅក្នុងតំបន់មហាមេគង្គ។
លោក ឃូ អៀងហួត រុក្ខវិទូជាន់ខ្ពស់និងជាអ្នកស្រាវជ្រាវបានថ្លែងថា ផ្ទៃដីព្រៃ ៧០ ភាគរយនៅ កម្ពុជា មានផ្តៅ ប៉ុន្តែលោកមិនបានសិក្សាឲ្យបានដឹងពីចំនួនទំហំផ្ទៃដីពិតប្រាកដដែលមានផ្តៅនោះទេ។
លោកបញ្ជាក់ថា៖ «ការបំប្លែងដីវាមានប្រយោជន៍ម្យ៉ាង និងខាតម្យ៉ាង។ យើងផ្តល់ដីសម្បទាន បើដាំដំឡូងវាបានដំឡូង ដាំកៅស៊ូបានកៅស៊ូ តែរឿងផ្តៅក្នុងព្រៃមួយរយភាគរយវាបាត់បង់ហើយ»។ លោកបន្តថា ភ្លើងឆេះព្រៃក៏បង្កមហន្តរាយដល់ផ្តៅដែរ។
លោក Charles M. Peters អ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធសៀវភៅនេះ បានមានថ្លែងថា តំបន់ផ្ទៃដីព្រៃ គឺប្រែប្រួលរាល់ថ្ងៃ និងរាល់ឆ្នាំហើយធនធានផ្តៅក៏កាន់តែតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃដែរ បើសិនជាគ្មានវិធានណាមួយទប់ស្កាត់នោះទេ។
លោក ឈិត សំអាត បានឲ្យដឹងផងដែរថា សៀវភៅនេះមិនបានដាក់បញ្ចូលពីផលប៉ះពាល់នៃការផ្តល់ដីព្រៃសម្បទានទៅលើផ្តៅនោះទេ។
លោកលើកឡើងថា៖ «ប៉ុន្តែបើតាមទ្រឹស្តី ការផ្តល់ដីសម្បទាន គឺធ្វើឡើងលើដីសឹករេចរឹល មិនមែនដីព្រៃទេ។ បើតាមអនុក្រឹត្យ វាមិនប៉ះពាល់ព្រៃ និងផ្តៅនោះទេ»។ លោកបានអំពាវនាវឲ្យមានការពិនិត្យឡើងវិញ បើសិនមានដីសម្បទានណាមួយប៉ះពាល់ព្រៃ ឬផ្តៅនោះ៕