អ្នក​ភូមិ​ទៅ​ដេក​យាម​បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​ឈូស​ឃើញ​បដិមា

Friday, 28 February 2014
សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍

20140228_03

ក្រុម​អ្នក​ភូមិ​ទៅ​បោះ​ជំរំដេក ​​ប្រឆាំង​និង​ការ​ឈូស​ឆាយ​ព្រៃ​ពី​សំណាក់​ក្រុម​ហ៊ុន​ចិន​។ រូបថត ហេង ជីវ័ន

ព្រះវិហារៈ ក្រុម​អ្នក​ភូមិ​ប្រមាណ ១០០ នាក់ បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​បន្ទាប់​ពី​គ្រឿង​ចក្រ​ក្រុមហ៊ុន​ដី​សម្បទាន ចិន នៅ​ក្នុង​ស្រុក ត្បែង​មាន​ជ័យ បាន​ឈូស​ប្រទះ​ឃើញ​ព្រះពុទ្ធ​បដិមា ថ្មភក់​សតវត្សរ៍ ទី៨ កាល​ពី​ថ្ងៃ​ពុធ។

លោក អ៊ុង វីរៈ អនុ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ថ្លែង​ថា ក្រុមហ៊ុន ចិន Lan Feng បាន​ជីក​រណ្តៅ​ជម្រៅ​ពីរ​ម៉ែត្រ​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ យក្ស ប្លោក នៅ​ពេល​ពួក​គេ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​មុន​សម័យ​អង្គរ ដែល​មាន​ទំហំ ៦០ សង់ទីម៉ែត្រ គុណ ៦០ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០ គីឡូក្រាម​នៅ​មូលដ្ឋាន​នោះ។

លោក វីរៈ បាន​ថ្លែង​បន្ត​ថា៖ «យើង​មក​ធ្វើការ​ស៊ើប​អង្កេត​នៅ​ក្នុង​តំបន់​នេះ​ហើយ​យើង​អាច​អះអាង​ថា វា​ពិត​ជា​ប្រភេទ​បដិមា​ថ្មភក់ ដែល​ធ្វើ​ឡើង​ក្នុង​សតវត្សរ៍ ទី៨ នៅ​តំបន់​ប្រាសាទ យក្សប្លោក»។

«ឥឡូវ​នេះ យើង​ទុក​វា​នៅ​ក្រុមហ៊ុន​នោះ​មុន​ពេល​ផ្ទេរ​វា​ទៅ​មន្ទីរ​វប្បធម៌»។

លោក ម៉ៅ រី ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត បាន​ថ្លែង​ថា មន្រ្តី​វប្បធម៌ បាន​ស្នើ​សុំ​ក្រុមហ៊ុន Lan Feng ឈប់​ជីក​ឈូស​ឆាយ​នៅ​ក្នុង​តំបន់​នោះ​ជា​បណ្តោះ​អាសន្ន​សិន រហូត​ទាល់​តែ​អ្នក​ជំនាញ​អាច​ពិនិត្យ​តំបន់​នេះ​បន្ថែម​ទៀត​ដោយ​លោក​កត់​សម្គាល់​ថា វា​អាច​នឹង​មាន​វត្ថុ​បុរាណ​ដទៃ​ផ្សេងៗ​កប់​នៅ​ទី​នោះ។

លោក​ថ្លែង​បន្ត​ថា៖ «អ្នក​ភូមិ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​តំបន់​នេះ ហើយ​ចង់​ជីក​ក្នុង​តំបន់​នេះ ប៉ុន្តែ​យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នោះ​ទេ»។ «យើង​មាន​ការ​ភ័យ​ខ្លាច​ថា ពួក​គេ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​វត្ថុ​បុរាណ​ក្នុង​តំបន់​នេះ។ វត្ថុ​បុរាណ​ទាំង​នោះ ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។ គ្មាន​នរណា​ម្នាក់​អាច​យក​វត្ថុ​បុរណ​ទាំង​នោះ ទៅ​កន្លែង​ដទៃ​ឬ​យក​ទៅ​លក់​បាន​ទេ»។

លោក រី បន្ត​ថា ក្រុមហ៊ុន​ត្រូវ​តែ​ជម្រាប​ទៅ​អាជ្ញាធរ​វប្បធម៌ នៅ​ពេល​ពួក​គេ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​បែប​នេះ។

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Lan Feng ថា បាន​ឈូស​ឆាយ​ដី​ដោយ​មិន​គិត​ពី​ព្រំដែន​នៃ​ដី​សម្បទាន​ចំនួន ៩០០០ ហិកតា​របស់​ខ្លួន​និង​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន។

កាល​ពី​ម្សិលមិញ​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ម្នាក់​ឈ្មោះ ផាន សុខេត អាយុ ២៥ឆ្នាំ បាន​ថ្លែង​ថា អ្នក​ភូមិ​ប្រមាណ ១០០ នាក់​បាន​មក​ជួប​ជុំ​គ្នា​ការពារ​កន្លែង​នេះ​ពេញ​មួយ​យប់​ដើម្បី​ធានា​ថា ក្រុមហ៊ុន​មិន​លួច​វត្ថុ​បុរាណ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «យើង​ភ័យ​ខ្លាច​ក្រុមហ៊ុន​មិន​រាយការណ៍​ទៅ​អាជ្ញាធរ​នៅ​ពេល​ប្រទះ​ឃើញ​វត្ថុ​បុរាណ​មួយ​ចំនួន ឬ​ក៏​ភ័យ​ខ្លាច​ពួក​គេ​យក​ទៅ​ទុក​ស្ងាត់ៗ»។

លោក​ថ្លែង​ថា៖ «នោះ​ហើយ​ជា​ហេតុ​ផល ដែល​យើង​មក​ដេក​នៅ​ទី​នេះ និង​ឃ្លាំ​មើល។ កម្មករ​ម្នាក់​របស់​ក្រុមហ៊ុន​នេះ បាន​ប្រាប់​យើង​អំពី​បដិមា​នោះ​ទើប​យើង​ដឹង»។

លោក ឡោ ចាន់ មន្រ្តី​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​ថ្លែង​ថា អ្នក​ភូមិ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​យក​បដិមា​នោះ​ចេញ​ភ្លាមៗ​ដើម្បី​យក​ទៅ​ទុក​នៅ​មន្ទីរ​វប្បធម៌ មិន​មែន​ទុក​នៅ​ក្រុមហ៊ុន​ទេ»។

ទោះ​យ៉ាង​ណា​ក្តី​លោក ហូវ អានតាក អ្នក​បក​ប្រែ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន ចិន Lan Feng បាន​អះអាង​ថា ក្រុមហ៊ុន​មិន​មាន​បំណង​លួច​វត្ថុ​បុរាណ​ណា​មួយ​ដូច​ដែល​ក្រុម​អ្នក​ភូមិ​បារម្ភ​នោះ​ទេ ហើយ​ក្រុមហ៊ុន​នឹង​គោរព​ទៅ​តាម​សំណូមពរ​របស់​មន្ទីរ​វប្បធម៌​ដែល​សុំ​ឲ្យ​ផ្អាក​ការ​ឈូស​ឆាយ​បន្ថែម​ទៀត រហូត​ទាល់​តែ​ក្រុម​អ្នក​ជំនាញ​បាន​មក​ពិនិត្យ​កន្លែង​នេះ។

ទន្ទឹម​នេះ​ផង​ដែរ​អភិបាល​ស្រុក ត្បែង​មាន​ជ័យ លោក ប៉ាំង យាត បាន​ថ្លែង​ថា អាជ្ញាធរ​បាន​ដាក់​នគរបាល​នៅ​តំបន់​នោះ​ដើម្បី​ហាម​ប្រាម​មិន​ឲ្យ​នរណា​ទៅ​រំខាន​រហូត​ទាល់​តែ​ក្រុម​អ្នក​ជំនាញ​ចុះ​ទៅ​ស៊ើប​អង្កេត៕ PS


What Next?

Recent Articles