ដោយ ហង្ស សាវយុត
2014-03-01
RFA
ប្រជាពលរដ្ឋមួយចំនួននៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានអះអាងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន មួយ បានឈូសឆាយព្រៃពង្រីកផ្ទៃដី ធ្វើឱ្យប៉ះពាល់ដល់ទីប្រាសាទបុរាណមួយកន្លែង។ ក៏ប៉ុន្តែ សមត្ថកិច្ចបានបដិសេធថា កន្លែងដែលក្រុមហ៊ុនចិន ឈូសឆាយនោះ គឺគេគ្រាន់តែប្រទះឃើញផ្ទាំងថ្មបុរាណប៉ុណ្ណោះ មិនមែនជាទីប្រាសាទទេ។
ក្រុមជនជាតិដើមភាគតិចកួយ ប្រមាណ ៥០នាក់ នៅឃុំប្រមេរ បានប្រមូលផ្ដុំគ្នាទៅបោះតង់ដេក ចាំការពារទីទួលមួយកន្លែង ដែលគេអះអាងថា ជាប្រាសាទបុរាណ រយៈពេល ៣យប់ ៣ថ្ងៃមកហើយ។ ការប្រមូលផ្ដុំគ្នាទៅបោះតង់ដេកចាំការពារ បន្ទាប់ពីគេដឹងថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន មួយឈ្មោះ ឡាន ហ្វេង បានប្រើគ្រឿងចក្រឈូសពង្រីកផ្ទៃដី ធ្វើឱ្យប៉ះពាល់ដល់ទីបុរាណនោះ។
តំណាងសហគមន៍ជនជាតិភាគតិចកួយ គឺអ្នកស្រី នួន ម៉ុន។ អ្នកស្រីបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១ ខែមីនា ថា ក្រុមជនជាតិភាគតិចជាច្រើនភូមិ សុទ្ធតែបានដឹងថា ទីទួលមួយកន្លែងដែលនៅភាគខាងត្បូងឆៀងខាងលិចពីភូមិបុសធំ គឺជាគ្រឹះនៃប្រាសាទបុរាណមួយឈ្មោះ យក្សភ្លោះ។ ស្ត្រីដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុនចិន បានយកគ្រឿងចក្រទៅឈូសឆាយទីនោះ បណ្ដាលឱ្យបាក់បែកខ្ទេចខ្ទីអស់។
អ្នកស្រី នួន ម៉ុន៖ «អ្នកភូមិមិនដឹងថា គេទៅឈូសទេ ប៉ុន្តែក្រោយមកទើបដឹងថា គេទៅឈូស។ ភស្តុតាង គឺមានឥដ្ឋមានថ្មគាស់រាយប៉ាយពេញតែហ្នឹង។ ដល់ឈូសទៅប៉ះពាល់ដល់កំណប់អី ពួកខ្ញុំមិនទាន់បានឃើញផង ឮកម្មករអ្នកអារឧស ឱ្យក្រុមហ៊ុនហ្នឹងគេថាក្រុមហ៊ុនកប់ទៅវិញ ហើយពួកខ្ញុំតាំងពីថ្ងៃទី២៦-២៧ ខែកុម្ភៈ នាំគ្នាដេកហែចាំមើលកន្លែងហ្នឹង។ លើកគ្នាដេកយាមកន្លែងហ្នឹង ក្រែងលោក្រុមហ៊ុនលួចយកអីទៀត បើពួកខ្ញុំមិនទុកចិត្ត»។
ក្រុមអ្នកភូមិបានអះអាងថា ក្រៅពីក្រុមហ៊ុនឈូសឆាយទីប្រាសាទ គឺគេក៏ទទួលបានព័ត៌មានថា ក្រុមអ្នកឈូសឆាយបានប្រទះឃើញកំណប់ ក៏ប៉ុន្តែគេមិនហ៊ានយកចេញ ក៏កប់ទុកក្នុងដីទៅវិញ។ សមត្ថកិច្ចបានទទួលស្គាល់ត្រឹមតែថា ក្រុមហ៊ុនពិតជាបានឈូសឆាយប៉ះចំថ្មបុរាណនៅទីនោះមែន។
អធិការនគរបាលស្រុកត្បែងមានជ័យ លោក ប៉ាង វណ្ឌី បានមានប្រសាសន៍ថា កន្លែងដែលក្រុមហ៊ុនចិន ឈូសឆាយប៉ះវត្ថុបុរាណនោះ គឺគ្រាន់តែជាដីទួលមួយកន្លែង មិនមែនជាប្រាសាទបុរាណដែលនៅសេសសល់ស្លាកស្នាមអ្វីទេ។ លោកអធិការបានអះអាងថា ទីនោះគ្មានប្រាសាទបុរាណឡើយ៖ «ក្រុមការងារបានចុះទៅពិនិត្យជាក់ស្ដែង គឺឃើញតែដុំថ្ម១ដុំ ដែលមានទំហំ ៥តឹកបួនជ្រុង មានប្រហោងកណ្ដាល ជារូបភាពគ្រឹះថ្មតែប៉ុណ្ណឹងទេ មិនមានជាអក្សរអីដែលយើងអាចថាវាជាសំស្ក្រឹត គឺមិនមានទេ»។
មន្ត្រីប៉ូលិសបានបដិសេធការអះអាងរបស់ប្រជាពលរដ្ឋ ដែលថា ការឈូសឆាយមានប៉ះកំណប់ផង គឺមិនមានទេ។ ចំណែកឯថ្មបុរាណ១ផ្ទាំង ដែលគេប្រទះឃើញនោះ គឺបានយកទៅរក្សាទុកនៅឯមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈហើយ។
ទោះយ៉ាងណា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ លោក នៅ សុគុណា មិនបានធ្វើការអធិប្បាយជុំវិញរឿងនោះទេ ដោយលោកមានប្រសាសន៍ថា កំពុងជាប់រវល់ប្រឡង។
អង្គការក្រៅរដ្ឋាភិបាលចំនួន២ គឺសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងអង្គការពន្លកខ្មែរ បានឱ្យដឹងថា គេបានទទួលព័ត៌មានអំពីរឿងនេះ ហើយគេកំពុងស្រាវជ្រាវឱ្យច្បាស់លាស់ថា ការអះអាងរបស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច តើមួយណាជាការពិត?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចិនថតកុននៅស្រុកខ្មែរដើម្បីពង្រីកទេសចរណ៍និងវប្បធម៌
- ពលរដ្ឋបារម្ភពីការអភិវឌ្ឍតំបន់ទេសចរណ៍នៅកែបធ្វើឲ្យបាត់បង់ព្រៃកោងកាង
- សម្ភាសលោក ថោង ខុន ជុំវិញដំណើរការវិស័យទេសចរណ៍នៅកម្ពុជា
- អត្ថន័យនៃឈ្មោះខេត្តសៀមរាប
- សហគមន៍ខេត្តព្រះវិហារខកចិត្តចំពោះអាជ្ញាធរប្រគល់តំបន់ទេសចរណ៍ទៅឯកជន
- ពិធីបុណ្យសមុទ្រលើកទី២នៅទីក្រុងកែបចាប់ផ្ដើម
- កម្ពុជាត្រៀមរៀបចំពិធីបុណ្យសមុទ្រ៣ថ្ងៃនៅកែប
- មន្ត្រីវប្បធម៌ខេត្តរតនគិរីអំពាវនាវឲ្យជួយអភិរក្សប្រាសាទបុរាណមួយ
- ស្ថានភាពភ្ញៀវទេសចរនៅតំបន់ប្រាសាទព្រះវិហារក្រោយកម្ពុជាឈ្នះក្ដី