របាយការណ៍​ស្ដីពី​ការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត

ដោយ ទីន ហ្សាការីយ៉ា
2014-03-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​អំពី​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ដោយ​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ហិង្សា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​មួយ​ចំនួន ហើយ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​មក​រស់​នៅ​កម្ពុជា ដោយ​មិន​ស្រប​ច្បាប់​ទាំង​នោះ មាន​ឯកសារ​ដើម្បី​ទៅ​បោះ​ឆ្នោត នៅ​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​គ្មាន​ឯកសារ​បោះ​ឆ្នោត និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ការ​ប្រកាស​របាយការណ៍​ស៊ើប​អង្កេត​នេះ នៅ​ខណៈ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត​អំពី​ការ​បោះ​ឆ្នោត បាន​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម មាន​អត្តសញ្ញាណប័ណ្ណ​មិន​ស្រប​នឹង​ច្បាប់​សញ្ជាតិ បែរ​ជា​មាន​សិទ្ធិ​បោះ​ឆ្នោត ផ្ទុយ​ពី​ជនជាតិ​ខ្មែរ​មួយ​ចំនួន បែរ​ជា​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត ដោយសារ​អាជ្ញាធរ​មិន​ចុះ​ឈ្មោះ​ជូន និង​គ្មាន​ឯកសារ​គ្រប់គ្រាន់​ទៅ​វិញ។

ការ​បង្ហាញ​របាយការណ៍​នេះ នៅ​ក្នុង​សន្និសីទ​លើក​ទី​៣ ស្ដីពី​ការ​រក​ឃើញ និង​អនុសាសន៍​ពី​វេទិកា​សហគមន៍ និង​ព័ត៌មាន​ស៊ើប​អង្កេត​លើ​ដំណើរ​ការ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ នេះ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ ស៊ី.ស៊ី.អាយ.អិម (CCIM) លោក ប៉ា ងួនទៀង មាន​ប្រសាសន៍​ថា ស៊ី.ស៊ី.អាយ.អិម បាន​ធ្វើ​វេទិកា​សហគមន៍ និង​បាន​ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​នៅ​ចំនួន ៦​ខេត្ត​រាជធានី គឺ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​នៃ​ការ​បោះ​ឆ្នោត អាណត្តិ​ទី​៥ ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​មក។

លោក​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​ទាំង​នោះ​មាន​ដូច​ជា ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​មាន​សិទ្ធិ​បោះ​ឆ្នោត ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​បណ្ដេញ​ចេញ​គ្មាន​សិទ្ធិ​បោះ​ឆ្នោត ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រើប្រាស់​លិខិត​បញ្ជាក់​អត្តសញ្ញាណ និង​ផ្សេងៗ​ទៀត៖ «សំឡេង​របស់​ប្រជាពលរដ្ឋ​យើង​ពាំនាំ​សំឡេង​ប្រជាពលរដ្ឋ បើ​សិន​ជា គ.ជ.ប មិន​មែន​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ទេ អា​ហ្នឹង​ជា​ផល​លំបាក​របស់​ពួក​គាត់​វិញ»

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី បាន​លើក​របាយការណ៍​ថា នៅ​ក្នុង​ខេត្ត​កំពង់ចាម មាន​ជន​អន្តោប្រវេសន៍​វៀតណាម ចំនួន ២០០​គ្រួសារ បាន​ទៅ​បោះ​ឆ្នោត ក្នុង​នោះ​មាន ៤ ឬ ៥​គ្រួសារ​ប៉ុណ្ណោះ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ នៅ​ក្នុង​របាយការណ៍​ដដែល​នេះ បាន​សម្ភាស​ជាមួយ​ប្រធាន​សមាគម​វៀតណាម ប្រចាំ​នៅ​ខេត្ត​កំពង់ចាម លោក យឿង តាំ អះអាង​ថា ឲ្យ​តែ​វៀតណាម រៀប​ការ​ជាមួយ​ខ្មែរ គឺ​បាន​ទៅ​បោះ​ឆ្នោត​ទាំងអស់។ ជនជាតិ​វៀតណាម ស្ទើរ​តែ​ទាំងអស់​មាន​សៀវភៅ ក២ សម្រាប់​ស្នាក់​នៅ។

ដោយ​ឡែក​ចំពោះ​ប្រជាពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​បុរីកីឡា នៅ​សង្កាត់​វាលវង់ រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​ភ្នំបាត និង​ទួលសំបូរ ប្រមាណ ២០​នាក់ បាត់​សិទ្ធិ​បោះ​ឆ្នោត និង​អ្នក​មិន​ព្រម​ចាក​ចេញ​ប្រមាណ ២០​នាក់​ទៀត ក៏​បាត់​សិទ្ធិ​បោះ​ឆ្នោត​ដែរ។

លោក ង្វៀង វាំងមាង កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​និយាយ​ថា លោក​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ ក្រោយ​ពេល​លោក​បាន​រៀប​ការ​ជាមួយ​នារី​ខ្មែរ កាល​ពី​ឆ្នាំ​២០០២ ហើយ​លោក​បាន​ប្ដូរ​ឈ្មោះ​ពី ង្វៀង វាំងមាង មក​ជា​ឈ្មោះ​ខ្មែរ សុខ មាន វិញ។ នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ លោក ង្វៀង វាំងមាង ឬ សុខ មាន នេះ ដាក់​ថា លោក​មាន​ទីកន្លែង​កំណើត​នៅ​វិហារលួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។ ទីលំនៅ​បច្ចុប្បន្ន​នៅ​សង្កាត់​បឹងកុក ក្រុង​កំពង់ចាម។

នាយការិយាល័យ​ស្ថិតិ​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម លោក ហម រដ្ឋា អះអាង​ថា លោក​មិន​បាន​ដឹង​ថា លោក ង្វៀង វាំងមាង ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​តាម​របៀប​ណា​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា រាល់​ការ​ចុះ​អនុវត្ត​ផ្ទាល់​តាម​មូលដ្ឋាន​របស់​មន្ត្រី​ថ្នាក់​ក្រោម ពិត​ជា​មាន​ការ​ខ្វះ​ចន្លោះ។

នៅ​ក្នុង​ច្បាប់​សញ្ជាតិ​ចែង​ថា ជន​បរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ត្រូវ​មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល និង​ត្រូវ​ទៅ​ស្បថ​នៅ​ចំពោះ​មុខ​តុលាការ​កំពូល បន្ទាប់​ពី​បាន​ធ្វើ​សញ្ជាតូបនីយកម្ម។ល។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​ជនជាតិ​វៀតណាម មែន​ឬ​មិន​មែន ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​មិន​ស្រប​តាម​ច្បាប់​សញ្ជាតិ​នោះ៖ «យើង​នាំ​គ្នា​ពិនិត្យ ឬ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​គេ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នោះ​ជា​វៀតណាម មែន​ឬ​មិន​មែន? ជួន​កាល​គ្នា​កើត​នៅ​ស្រុក​ខ្មែរ តាំង​ពី​តូច​មក​ទៅ»

លោក ប៉ា ងួនទៀង បាន​អះអាង​ថា លោក​នឹង​បញ្ជូន​របាយការណ៍​ដែល​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ពី​ការ​បោះ​ឆ្នោត​នេះ ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពេល​ខាង​មុខ។ ការ​គ្រោង​បញ្ជូន​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​ពី​ការ​បោះ​ឆ្នោត​ទៅ គ.ជ.ប នេះ នៅ​ខណៈ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles