ដោយ រដ្ឋា វិសាល
2014-03-01
RFA

ពលរដ្ឋនាំគ្នាហែក្បួនលើកបដាពាក្យស្លោកគាំពារទន្លេ និងប្រឆាំងការបំផ្លាញទន្លេ ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA/Ratha Visal
ខណៈក្រុមហ៊ុនចិន កំពុងឈូសឆាយបង្កើតការដ្ឋានគ្រោងចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ផ្ទាល់ពីគម្រោងនេះ នៅតែទទូចសុំឲ្យរាជរដ្ឋាភិបាល បញ្ឈប់គម្រោងនេះវិញ ដើម្បីបញ្ចៀសកុំឲ្យជម្លៀសអ្នកភូមិចេញពីកន្លែងដែលពួកគាត់ធ្លាប់រស់នៅសុខសាន្តច្រើនជំនាន់មកហើយ។
មនុស្សប្រមាណ ២០០នាក់ បាននាំគ្នាហែក្បួនលើកបដាពាក្យស្លោកគាំពារទន្លេ និងប្រឆាំងការបំផ្លាញទន្លេ ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ។
ការហែ ឬក្បួននេះ រៀបចំឡើងដោយក្រុមសហគមន៍អ្នករងផលប៉ះពាល់នៅភូមិស្រែគរ មានប្រជាពលរដ្ឋឃុំស្រែគរ ឃុំក្បាលរមាស ឃុំភ្លុក និងមានការចូលរួមគាំទ្រពីក្រុមសហគមន៍ទន្លេបី មកពីខេត្តរតនគិរី រួមទាំងសហគមន៍មកពីតំបន់ជាយសមុទ្រខេត្តកោះកុង បានរួមគ្នាធ្វើការសែនព្រេនបួងសួងបែបជំនឿប្រពៃណី សុំឲ្យបារមីអ្នកតាថែរក្សាទន្លេ ជួយបញ្ឈប់ការសាងសង់ទំនប់តាមការបួងសួងរបស់ប្រជាពលរដ្ឋ។
តំណាងចាស់ទុំភូមិស្រែគរ លោក ចាន់ ធន់ មានប្រសាសន៍ថា នេះជាឆ្នាំទី៤ហើយដែលអ្នកភូមិបានរៀបចំពិធីបួងសួងឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីគម្រោងសាងសង់ទំនប់ត្រូវបានរាជរដ្ឋាភិបាល និងក្រុមហ៊ុនបរទេស រៀបចំធ្វើការសិក្សា និងឯកភាពគ្នាលើការកសាងទំនប់វារីអគ្គិសនីនៅតំបន់នោះ។ លោកបន្តថា ថ្វីត្បិតក្រុមហ៊ុនបានរៀបចំគោលនយោបាយផ្តល់សំណងផលប៉ះពាល់ប្រជាពលរដ្ឋយ៉ាងណាក្តី ក៏អ្នកភូមិយល់ថា ការអភិវឌ្ឍគម្រោងនេះនៅតែបង្កផលប៉ះពាល់ច្រើនទៀតដល់ធនធានធម្មជាតិក្នុងទន្លេ និងធនធានព្រៃឈើច្រើនសន្ធឹកសន្ធាប់៖ «ប្រជាពលរដ្ឋនៅតាមដងទន្លេទាំងពីរទាំងបីហ្នឹង គឺជាកូនចៅរបស់លោកតាទាំងអស់។ លោកតាត្រូវមើលឲ្យឃើញ ប្រសិនលោកតាមិនជួយទេ គ្មានអ្នកណាជួយបានទេ។ ឥឡូវ ពួកយើងទាំងអស់គ្នា សង្ឃឹមលើលោកតាជួយជួយថែរក្សា»។
ក្រុមហ៊ុនចិន កំពុងរៀបចំឈូសឆាយផ្លូវ និងការដ្ឋានសាងសង់ទំនប់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន នៅចម្ងាយប្រមាណ ២គីឡូម៉ែត្រពីខ្ទមអ្នកតាក្រហមក ដែលអ្នកភូមិជឿថា មានបារមីជួយបញ្ចៀសទុក្ខ និងគ្រោះភ័យរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសហគមន៍ទន្លេបីមកពីខេត្តរតនគិរី អ្នកស្រី ហ្វយ សុត ចាប់អារម្មណ៍ថា ការសាងសង់ទំនប់ គឺបំផ្លាញទន្លេ និងបំផ្លាញជីវភាពរស់នៅប្រជាពលរដ្ឋ។ អ្នកស្រីទាមទារឲ្យបញ្ឈប់ការសាងសង់ទំនប់នេះដូចគ្នា៖ «គឺសហគមន៍យើងខ្ញុំអត់ត្រូវការទំនប់ទេ ហើយតើបងប្អូនទាំងអស់គ្នាសុខចិត្តចេញពីភូមិឬអត់? អត់ទេ»។
របាយការណ៍សិក្សាផលប៉ះពាល់ប្រជាពលរដ្ឋ បង្ហាញថា ប្រជាពលរដ្ឋជាង ៥០០គ្រួសាររស់នៅភូមិចំនួន៧ ឃុំចំនួន៣ ត្រូវជម្លៀសទៅតាំងទីលំនៅកន្លែងថ្មី ដោយសារភូមិពួកគាត់រស់នៅ នឹងក្លាយទៅជាអាងស្តុកទឹក។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន កត់សម្គាល់ដែរថា ការសិក្សាវាយតម្លៃរបស់មន្ត្រីអង្គការសង្គមស៊ីវិលរកឃើញថា តំបន់សាងសង់ទំនប់សេសានក្រោម២ បង្កផលប៉ះពាល់ច្រើនទាំងបរិស្ថានធម្មជាតិ និងសង្គម។ លោកផ្តល់យោបល់ថា រាជរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូ ចាប់ផ្ដើមការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមដងទន្លេ ដោយផ្ដោតទៅលើតំបន់ដៃទន្លេសេសាន គឺទំនប់ព្រៃកលាង១ ព្រែកលាង២ និងតំបន់ទន្លេជាប់ព្រំដែនវៀតណាម ដែលបង្កផលប៉ះពាល់តិចជាងទំនប់សេសានក្រោម២៖ «នឹងត្រូវបិទទន្លេពីរខ្សែ អ៊ីចឹង ទំហំនៃផលប៉ះពាល់ទៅលើធនធានធម្មជាតិ ទៅលើសង្គម ទៅលើប្រជាពលរដ្ឋរស់នៅតាមដងទន្លេ មិនមែនតិចតួចដែរ។ទីនេះ គឺជាអ្នកទទួលរងដោយផ្ទាល់ ឯអ្នកដែលទទួលរងដោយប្រយោល ដោយគម្រោងទំនប់វារីអគ្គិសនីនេះ នៅមានចំនួនជាង ១០០ភូមិទៀត»។
ផ្ទុយពីការលើកឡើងនេះ អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ ថ្លែងថា លោកគាំទ្រជំនឿប្រពៃណីប្រជាពលរដ្ឋ ប៉ុន្តែលោកអះអាងថា ការអភិវឌ្ឍទំនប់នេះនឹងផ្តល់ផលប្រយោជន៍ និងការអភិវឌ្ឍនៅកម្ពុជា៖ «ខ្ញុំយល់ចិត្តពួកគាត់ណាស់ តែយើងគួរតែយល់ចិត្តរាជរដ្ឋាភិបាល ជាចំណុចរួមដែលយើងត្រូវទៅជាមួយគ្នា។ គ្រប់សំណងផលប៉ះពាល់ទាំងអស់ យើងបំពេញតាមបំណងបងប្អូនតាមផ្លូវច្បាប់ត្រឹមត្រូវទាំងអស់»។
ក្នុងពិធីបន់ស្រន់អ្នកតាក្រហមក នោះ អ្នកភូមិបានរៀបចំបំបួសដើមឈើតាមជំនឿព្រះពុទ្ធសាសនា សែនអារក្សតាមប្រពៃណីជនជាតិឡាវ និងជនជាតិដើមភាគតិច និងបណ្ដែតកន្ទោង ដោតដោយពាក្យស្លោកប្រឆាំងការសាងសង់ទំនប់តាមដងទន្លេសេសាន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែងបារម្ភពីសំណង
- តវ៉ារឿងទំនប់វារីអគ្គិសនីសេសានក្រោម២
- អំពើពុករលួយក្នុងការផ្ដល់សំណងប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនីសេសាន
- ពលរដ្ឋប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២ឡើងមកតវ៉ា
- អ្នករងផលប៉ះពាល់ដោយគម្រោងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២បារម្ភពីសំណង
- ពលរដ្ឋរារាំងគ្រឿងចក្រក្រុមហ៊ុនចិនមិនឲ្យកាយបំបាត់ប្រឡាយទឹកស្អាតនៅកំពត
- មន្ត្រីឃុំនៅស្ទឹងត្រែងច្រានចោលគោលនយោបាយសំណងនៃគម្រោងសង់ទំនប់វារីអគ្គិសនី
- ពលរដ្ឋសុំឲ្យទូតចិនជួយបញ្ឈប់គម្រោងសង់ទំនប់វារីអគ្គិសនីភាគឦសាន
- អ្នករងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីនៅស្ទឹងត្រែងទាមទារព័ត៌មានជាក់លាក់ពីសំណង