ដោយ៖ ជន ស្រីណុច
ថ្ងៃអាទិត្យ ទី2 ខែមិនា ឆ្នាំ2014
http://vodhotnews.com
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា សាលារាជធានី នឹងចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនរថយន្តក្រុងសាធារណៈ ដើម្បីឲ្យក្រុមហ៊ុននោះ ទទួលសិទ្ធិបន្តដឹកជញ្ជូនអ្នកដំណើរជាផ្លូវការ បន្ទាប់ពីសាកល្បងមួយខែកន្លងទៅទទួលការគាំទ្រច្រើនពីប្រជាពលរដ្ឋ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់ VOD នៅររៀលថ្ងៃអាទិត្យ នេះថា ការដាក់ឲ្យដំណើការរថយន្តក្រុងសាធារណៈជាផ្លូវការ នឹងត្រូវដាក់នៅខែមីនានេះ ព្រោះប្រជាពលរដ្ឋមានការពេញចិត្តខ្លាំង បើទោះបីជាចំនួនអ្នកជិះក្នុងរយៈពេលពីរថ្ងៃសប្តាហ៍ចុងក្រោយនេះ មានការថយចុះបន្តិចមែន។ លោកបន្តថា ចាប់ពីថ្ងៃដំបូង គឺថ្ងៃទី០៥ខែកុម្ភៈ រហូតមកដល់ថ្ងៃអាទិត្យនេះ មានរយៈ ពេល ២៥ថ្ងៃ ហើយ ដែលមានចំនួនមនុស្សជិះជាមធ្យម១៥០០នាក់ក្នុងមួយថ្ងៃ បើគិតជាទឹកប្រាក់ជាង ៥៨លានរៀល ស្មើនឹងប្រមាណជាង១៤០០០ដុល្លារអាមេរិក។
ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់រថយន្តក្រុងសាធារណៈសាកល្បង ចំនួន ១០គ្រឿង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អំពាវនាវឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ព្យាយាមកាត់បន្ថយការធ្វើដំណើរដោយឯកជន ហើយបែរមកជឿទុកចិត្ត លើការធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណៈវិញ។ លោកបន្តថា ការដាក់សេវាដឹកជញ្ជូនជាសាធារណៈនេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
សេវាកម្មរថយន្តក្រុងសាធារណៈសាកល្បង នៅលើមហាវិថីព្រះមុនីវង្ស រយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។ កាលពីឆ្នាំ២០០១ កម្ពុជា បានដាក់ឲ្យប្រើប្រាស់សេវានេះម្តងរួចមកហើយ តែបរាជ័យទៅវិញ ដោយសារការមិនចាប់អារម្មណ៍ ពីអ្នកធ្វើដំណើរ និងកង្វះខាតជំនួយ៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
