ប៉ូលិស​រារាំង​សហគមន៍​ដី​ធ្លី​ប៉ុនប៉ង​ទៅ​បួងសួង​នៅ​​មុខ​តុលាការ​កំពូល

ដោយ វោហារ ជាតិ
2014-03-03
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សហគមន៍​ដីធ្លី ៦១០
ប៉ូលិស​រារាំង​សហគមន៍​ដីធ្លី​នៅ​ក្បែរ​វាលមេរុ មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៤។ RFA/Tep Soravy

កម្លាំង​អាជ្ញាធរ​ចម្រុះ​ច្រើន​រយ​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​បិទ​ច្រក​ចេញ​ចូល​មុខ​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ដើម្បី​រារាំង​ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល​ជាង ១០០​នាក់ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​បួងសួង​បន់​ស្រន់​នៅ​មុខ​តុលាការ​កំពូល ស្នើ​សុំ​ឲ្យ​ដោះលែង​បាតុករ និង​ពលរដ្ឋ ២១​នាក់​ចេញ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ខេត្ត​កំពង់ចាម។

ពលរដ្ឋ​សហគមន៍ និង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ បាន​ប៉ះទង្គិច​គ្នា​នៅ​ក្បែរ​ព្រះបរមរាជវាំង នៅ​គ្រា​ដែល​អាជ្ញាធរ​ឆក់​ដណ្ដើម​យក​ស្គរ និង​អាគុយ​របស់​អ្នក​ភូមិ ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ពួកគេ។

ពលរដ្ឋ​សហគមន៍​ដីធ្លី ២​នាក់ ក្នុង​ចំណោម​ជាង ១០០​នាក់ បាន​រង​របួស​នៅ​មុខ​សាលា​ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​៣ មីនា នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ទៅ​សុំ​ឲ្យ​អាជ្ញាធរ​ប្រគល់​ស្គរ និង​អាគុយ​ជា​សម្ភារៈ​សម្រាប់​ធ្វើ​បាតុកម្ម កូដកម្ម​មក​វិញ បន្ទាប់​ពី​អាជ្ញាធរ​បាន​ឆក់​ដណ្ដើម​យក​ទៅ​ទុក។

អ្នក​របួស​នោះ​រួម​មាន អ្នកស្រី ភួង សុភាព តំណាង​សហគមន៍​ថ្មគោល របួស​ឈាម​ច្រមុះ និង​អ្នកស្រី ចាន់ ធឿន តំណាង​សហគមន៍​បុរីកីឡា ហើម​ស្មងជើង។

អ្នកស្រី ភួង សុភាព ប្រាប់​អ្នក​កាសែត​ថា ពួកគាត់​ចង់​បាន​សម្ភារៈ​មាន​ស្គរ និង​អាគុយ​ដែល​កម្លាំង​អាជ្ញាធរ​ចាប់​យក​នោះ​ទៅ​វិញ តែ​កម្លាំង​ចម្រុះ​ដែល​មាន​ឯកសណ្ឋាន​ឈុត​ខ្មៅ បាន​ស្ទុះ​ទៅ​វាយ​ពួក​គាត់​បណ្ដេញ​ចេញ​ពី​មុខ​សាលា​ខណ្ឌ​ដូនពេញ៖ «ទាត់​ខ្ញុំ​ពីរ​បី​ជើង​ទៀត ម៉េច​តាម​មក​វាយ​ខ្ញុំ​ទៀត។ពួក​ខ្ញុំ​គ្រាន់​តែ​មាន​សុំ​ស្គរ​ទៅ​វិញ​ទេ អត់​មាន​ប្រតាយប្រតប់​អី​ជាមួយ​គាត់​ទេ»

ប្រធាន​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា បដិសេធ​ថា កម្លាំង​សន្តិសុខ​លោក​មិន​បាន​វាយ​ទៅ​លើ​អ្នក​តវ៉ា​ទេ។

អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស​មក​ពី​អង្គការ​លីកាដូ លោក អំ សំអាត បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រារាំង​ក្រុម​សហគមន៍​ដីធ្លី​ដែល​មាន​បំណង​ហែ​ក្បួន​ទៅ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​មនុស្ស ២១​នាក់​ចេញ​ពី​ពន្ធនាគារ​ដោយ​សន្តិវិធី។

លោក​ចាត់​ទុក​ថា នេះ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ៖ «ការ​អនុវត្ត​របស់​អាជ្ញាធរ​គឺ​ផ្ទុយ​ពី​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ក៏​ដូចជា​មិន​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ប្រមុខ​រដ្ឋាភិបាល​ប្តេជ្ញា​ថា គោរព​សិទ្ធិ​ជួបជុំ ការ​ប្រមូល​ផ្តុំ និង​ការ​តវ៉ា​ដោយ​សន្តិវិធី»

ពលរដ្ឋ​សហគមន៍​ដីធ្លី​ជាង ១០០​នាក់ បាន​ស្លៀកពាក់​ស និង​រៀបចំ​បាយសី​ជា​ច្រើន​ថ្នាក់ មាន​គ្រាប់​ធញ្ញជាតិ​ជា​ដង្វាយ និង​មាន​កាន់​ទៀន ធូប ផ្កាភ្ញី ដោយ​មាន​តែង​តួ​ជា​តា​ដំបងដែក កាន់​ដំបង​ដែល​មាន​សរសេរ​ថា «ដំបង​យុត្តិធម៌» ដោយ​មាន​ការ​វាយ​ស្គរ​បំពង​សំឡេង និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​បាតុករ និង​ពលរដ្ឋ ២១​នាក់​ចេញ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​កំពង់ចាម មាន​សេរីភាព​វិញ។ ពួកគេ​ទាំង ២១​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា នៅ​ពេល​ដែល​មាន​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ៕

ប៉ូលិស​រារាំង​ក្រុម​សហគមន៍​ដីធ្លី​នៅ​ក្បែរ​វាលមេរុ។

ប៉ូលិស​រារាំង​ក្រុម​សហគមន៍​ដីធ្លី​នៅ​ក្បែរ​វាលមេរុ។

ប៉ូលិស​រារាំង​ក្រុម​សហគមន៍​ដីធ្លី​នៅ​ក្បែរ​វាលមេរុ។

ក្រុម​សហគមន៍​ដីធ្លី​ហែ​ក្បួន​ឆ្ពោះ​មក​ក្បែរ​វត្ត​ឧណ្ណាលោម ក្រោយ​មាន​ការ​រារាំង។

ក្រុម​សហគមន៍​ដីធ្លី​ហែ​ក្បួន​តាម​ផ្លូវ​មាត់​ទន្លេ។

ក្រុម​សហគមន៍​ដីធ្លី​ហែ​ក្បួន​តាម​ផ្លូវ​មាត់​ទន្លេ។

ក្រុម​សហគមន៍​ដីធ្លី​ហែ​ក្បួន​តាម​ផ្លូវ​មាត់​ទន្លេ។

ក្រុម​សហគមន៍​ដីធ្លី​ជួប​ជុំ​គ្នា​បួង​សួង​នៅ​រូបសំណាក​តេជោមាស តេជោយ៉ត។

ក្រុម​សហគមន៍​ដីធ្លី​ជួប​ជុំ​គ្នា​បួង​សួង​នៅ​រូបសំណាក​តេជោមាស តេជោយ៉ត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles