ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី3 ខែមិនា ឆ្នាំ2014, ម៉ោង 05:17 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សកម្មជនដីធ្លី រងការរារាំង ដោយសមត្ថកិច្ច ក្នុងគ្រាដែលពួកដង្ហែក្បួនទៅតុលាការកំពូល (រូបថត៖ តាត ឧត្តម)
សកម្មជនដីធ្លីជិត១០០នាក់បានប៉ះទង្គិចគ្នាផ្ទួនៗ ជាមួយកម្លាំងចម្រុះរបស់រដ្ឋាភិបាល នៅថ្ងៃចន្ទនេះ ខណៈមានការរារាំង មិនឲ្យធ្វើពិធីបន់ស្រន់ មុខតុលាការកំពួល ដើម្បីរកការដោះលែង មនុស្ស២១នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។
ក្រុមអ្នកតស៊ូមតិទាំងនោះមកពីសហគមន៍បុរីកីឡា បឹងកក់ ថ្មគោល និងសហគមន៍មួយចំនួនទៀត។ ពួកគេហែក្បួន តាមមហាវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅតុលាការកំពូល ដោយស្លៀកពាក់ស និងអ្នកខ្លះកាន់គ្រឿងបូជា ដូចជាបាយសី ទៀនធូប ផ្កាភ្លីជាដង្វាយ ដល់វត្ថុសក្តិសិទ្ធិ បែបអរូបិយ និងទូងស្គរជាដើម។
ពួកគេ អំពាវនាវឲ្យវត្ថុសក្តិសិទ្ធិ ផ្តន្ទាទោសអ្នកដែលឃុបឃិតគ្នាចាប់មនុស្ស២១នាក់ ដែលគ្មានកំហុសដាក់ពន្ធនាគារ និងឲ្យថែរក្សាអ្នកដែលធ្វើសកម្មភាព ការពារយុត្តិធម៌សង្គម។
មនុស្ស២១នាក់រួមទាំងសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២និងទី៣ ហើយបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងខេត្តកំពុងចាម។
ប៉ុន្តែការហែក្បួននោះ បានប៉ះទង្គិចជាមួយកម្លាំងរដ្ឋាភិបាលដល់ទៅពីរលើក នៅពេលឧបករណ៍តវ៉ារបស់ពួកគេ ដូចជាស្គរ និងអាគុយ ជាដើម ត្រូវបានសមត្ថកិច្ចដកហូត និងដាក់របាំងរាំងផ្លូវ «អស់សមត្ថភាពការពារប្រទេស ចាប់ប្រជាពលរដ្ឋខ្លួនឯង ដោះដូរនិងរឿងនយោបាយ ដោះលែងពួកគាត់ជាបន្ទាន់…»។
ក្រោយប៉ះទង្គិចយ៉ាងហោចណាស់ស្ត្រីអ្នកតស៊ូមតិពីរនាក់ រងរបួស។ អ្នកស្រី ភួង សុភាព ដែលមានឈាមលើផ្ទៃមុខអះអាងថា អាជ្ញាធរបានប្រើហិង្សា វាយលើរូបគាត់ រហូតមានរបួស «ទាត់ខ្ញុំបីបួនជើង ហើយយកអាយកូម វ៉ៃខ្ញុំ ហើយយករុកច្រមុះខ្ញុំទៀត ពួកខ្ញុំគ្រាន់តែមកសុំស្គរតែប៉ុណ្ណឹងឯង បើឲ្យស្គរមកវាចប់ហើយ»។
តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី យល់ថា វិធានការរារាំងនិងបង្កឲ្យមានមនុស្សរងរបួសនេះ បង្ហាញថា សិទ្ធិជួបជុំដោយសន្តិវិធី សិទ្ធិ ជំនឿសាសនា ដែលធានាដោយរដ្ឋធម្មនុញ្ញ ត្រូវបានមន្ត្រីរដ្ឋាភិបាលរំលោភបំពាន។
ស្ត្រីរូបនោះបន្តថាបើអាជ្ញាធរនៅតែមិនប្ដូរឥរិយាបទទេនោះ រដ្ឋាភិបាលនឹងដកខ្លួនលែងរួចពីការថ្កោលទោស ពីស្ថាប័នជាតិ និងអន្តរជាតិ «យើងអត់ចង់ឲ្យគាត់ខុសហើយ ខុសទៀតទេ។ អ៊ីចឹងបើគាត់ដឹងខ្លួនទាន់ គាត់ភ្ញាក់រឭកទាន់ ដូចជាតុលាការ ដូចជារដ្ឋាភិបាលដែលពុករលួយ ថ្នាក់ដឹកនាំដែលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហ្នឹង ដឹងខ្លួនទាន់ គាត់ដោះលែងអ្នកទាំងអស់ហ្នឹង អ្នកទាំងអស់ហ្នឹងរក្សាជីវិត ពួកគាត់បាន គឺពួកគាត់ហ្នឹងក៏ទោសស្រាលហើយ ហើយប្រសិនអ្នកទាំងអស់ហ្នឹង ត្រូវស្លាប់ទៀត គឺពួកគាត់ត្រូវតែទោសធ្ងន់ទៀត»។
ទោះជាយ៉ាងណា មុនប៉ះទង្គិចនៅមុខសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលរងខណ្ឌនេះ គំរាមចាត់វិធានការបំបែកដើម្បីរក្សាសណ្តាប់ធ្លាប់ «ខ្ញុំគ្រាន់តែប្រាប់ទេ ប្រសិនបើនៅធ្វើរញ៉េរញ៉ៃ ខ្ញុំបំបែក»។
មន្ត្រីឃ្លាំមើលការំលោភសិទ្ធិមនុស្ស នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ យល់ថា បើច្បាប់រដ្ឋធម្មនុញ្ញមិនត្រូវបានគេគោរព នោះពលរដ្ឋស្លូតត្រង់បន្តរងគ្រោះ រីឯមន្ត្រីខិលខូចមួយចំនួននៅ តែបន្តរំលោភច្បាប់ដើម្បីមហិច្ឆតារបស់ខ្លួន។
ទោះជាយ៉ាងណាសម្ភារដែលអាជ្ញាធររឹបអូសនោះ ត្រូវបាន អាជ្ញាធរខណ្ឌដូនពេញប្រគល់ឲ្យក្រុមអ្នកភូមិវិញនៅថ្ងៃដដែលនេះ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com