Wednesday, 05 March 2014
ឃុត សុភចរិយា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ នៅព្រឹកថ្ងៃពុធនេះ សមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការចាប់ខ្លួនអតីត អ្នកបឹងកក់ ៣នាក់បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់ទៅតវ៉ាមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងបន្ថែមដែលសាលារាជធានីភ្នំពេញសន្យា មុនពេលបោះឆ្នោតថ្ងៃទី ២៨ កក្កដាឆ្នាំមុន។
បច្ចុប្បន្ន ក្រុមសកម្មជនដីធ្លី បឹងកក់ អតីតអ្នកភូមិបឹងកក់ និងសហគមន៍ដីធ្លីមួយចំនួនទៀត កំពុងប្រមូលផ្តុំគ្នា តវ៉ាមុខស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែង ពួកគេទាំងបីនាក់មកវិញ។
អតីតពលរដ្ឋបឹងកក់ ទាំងបីនាក់នោះរួមមានឈ្មោះ សាត ថា, ទៀន ណារ៉េត និងអ្នកស្រី អ៊ីន ស្រីទូច។
សូមរំឭកថា កាលពីឆ្នាំ ២០០៧ រដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន វិនិយោគលើគម្រោង បឹងកក់ ចំនួន ៧៩ លានដុល្លារ រយៈពេល ៩៩ ឆ្នាំលើផ្ទៃដី ១៣៣ ហិកតា បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៤២០០ គ្រួសារ រស់នៅក្នុងតំបន់ បឹងកក់ នេះ ហើយរហូតមកដល់បច្ចុប្បន្នពលរដ្ឋតវ៉ាស្វែងរកដំណោះស្រាយនៅពុំទាន់ ចប់នៅឡើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សនានា បានថ្លែងថា ប្រជាពលរដ្ឋ បឹងកក់ ភាគច្រើនត្រូវបានអាជ្ញាធរបង្ខំឲ្យចេញពីផ្ទះ ដោយទទួលសំណងមិនសមរម្យ ហើយនៅសល់ជាង ៧០ គ្រួសារ បានតស៊ូក្រាញននៀលមិនព្រមចាកចេញមកទល់សព្វថ្ងៃនេះ៕