​សិក្ខាសាលា​ថ្នាក់ជាតិ ស្តី​ពី​ការព្រួយបារម្ភ​ចំពោះ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដង​សា​ហុង នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២០​មីនា​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃចន្ទ ទី17 ខែមិនា ឆ្នាំ2014
http://vodhotnews.com

វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) និង​សម្ព័ន្ធ​ទន្លេ​កម្ពុជា (RCC) នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី “​ការព្រួយបារម្ភ​ចំពោះ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង​” នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ខាងមុខនេះ ខណៈ​ដែល​ទំនប់​វា​រី​អគ្គិសនី​នេះ នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា និង​ការឈានទៅរក​ការបាត់បង់​នូវ​ពូជ​ផ្សោត​ដែល​កម្រ​មាន​នៅក្នុង​ទន្លេមេគង្គ​។​

សេចក្តីជូនដំណឹង​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបា​ល​ស្តីពី​កម្ពុជា និង​សម្ព័ន្ធ​ទន្លេ​កម្ពុជា (RCC) ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បានឲ្យដឹងថា សិក្ខាសាលា​ថ្នាក់ជាតិ​នេះ គ្រោង​រៀបចំ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំពេញ​-​កូរ៉េ  រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង និង​ចែករំលែក​ព័ត៌មាន ពី​គម្រោង​ទំនប់​វា​រីង​គ្គិ​ស​នី​ដន​សា​ហុង​ក្នុង​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ ក្នុងចំណោម​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ អំពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង និង​ផលប៉ះពាល់​ចម្បងៗ​របស់​វា ព្រមទាំង​ស្វែងរក​យុទ្ធសាស្ត្រ​ធ្វើការ​រួមគ្នា​ទាក់ទង​នឹង​គម្រោង​ទំនប់​នេះ​។​

​សេចក្តីជូនដំណឹង​ដដែល បន្តថា បន្ទាប់​ពី​ការពិភាក្សា សេចក្តីថ្លែងការណ៍​រួម​មួយ ស្តីពី លទ្ធផល​នៃ​ការពិភាក្សា​វែកញែក​ទៅលើ​ក្តីបារម្ភ និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ទំនប់​វា​រី​អគ្គីសនី ដន​សា​ហុង នឹង​ត្រូវបាន​រៀបរៀង​ឡើង និង​ចែក​ជូន​ទៅ​ដល់​ដៃគូ​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច ដើម្បី​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ ក៏ដូចជា​ការគាំទ្រ ក្នុង​ការស្វែករក​នូវ​ដំណោះស្រាយ​ទៅលើ​បញ្ហា​ប្រឈម​ដែល​អាច​កើតមានឡើង ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស ទៅលើ​បញ្ហា​ជីវភាព និង​ការឈានទៅរក​ការបាត់បង់​នូវ​ពូជ​ផ្សោត​ដែល​កម្រ​មាន​នៅក្នុង​ទន្លេមេគង្គ​។​

សិក្ខាសាលា ស្តីពី “​ការព្រួយបារម្ភណ៍​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី ដន​សា​ហុង​” នេះ នឹង​មាន​ការចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និង​តំណាង​សហគមន៍ ប្រមាណ​៩០​នាក់​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles