ប្រជាសហគមន៍​នៅ​បន្ត​រារាំង​ជន​ជាតិ​ចិន​ចូល​ក្នុង​ជ្រលង​អារ៉ែង

Tuesday, 18 March 2014
ផាក់ សៀងលី និង​ Daniel Pye
ភ្នំពេញ ប៉ុស្តិ៍

20140317_07

ប្រ​ជាពលរដ្ឋ​នៅស្រុក​ថ្ម​បាំង នាំគ្នា​យាម​ផ្លូវ​មិន​ឲ្យ​ក្រុម​ហ៊ុន​ដឹក​គ្រឿង​ចក្រ​ទៅ​អារ៉ែង​។ រូបថត អាដហុក

​កោះកុងៈ ជន​ជាតិ​ចិន ៧ នាក់ ត្រូវ​បាន​រា​រាំង​មិន​ឲ្យ​ចូល​​ក្នុង​ជ្រលង​អារ៉ែង ក្នុង​ខេត្ត​កោះ​កុង កាល​ពី​ម្សិលមិញ​ ខណៈ​ដែល​​ប្រជា​ជន​នៅ​មូល​ដ្ឋាន​បាន​បន្ត​បិទ​ផ្លូវ​​​​ ដែល​ប្រតិបតិ្ត​ករ​​​សម្បទាន​ទំនប់​អារ៉ែង​ព្យា​យាម​ប្រើ​ប្រាស់ ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​ចក្រ​ទៅ​កាន់​ការដ្ឋាន​។ នេះ​បើ​យោង​តាម​អ្នកភូមិ​នៅ​កន្លែង​កើត​ហេតុ។

​លោក វេន វន ​មេ​ដឹក​នាំ​សហ​គមន៍​ម្នាក់ ដែល​​​មាន​វត្ត​មាន​នៅ​កន្លែង​បិទ​ផ្លូវ​កាល​ពី​ម្សិលមិញ​ បាន​ថ្លែង​ថា ​និយោជិត​ ៧ រូប​នៃ​ក្រុម​ហ៊ុន Sinohydro (Cambodia) United Ltd ​បាន​ព្យា​យាម​​​ទៅតាម​​ជ្រលង​ ​ដោយ​បន្លំ​ធ្វើ​ជា​ភ្ញៀវ​ទេស​ចរណ៍នៅ​វេលា​ម៉ោង ៥ ល្ងាច​កាល​ពីម្សិលមិញ។

​លោក វន បាន​បញ្ជាក់​ថា៖ «​មាន​​​​ប្រាំ​ពីរ​នាក់​ជា​បុរស​ចិន និង​អ្នក​បើក​បរខ្មែរ​ម្នាក់​។ ​គេ​អះអាង​ថា ជា​ភ្ញៀវ​ទេស​ចរណ៍ ដែល​ចង់​មក​ទស្សនា​ជ្រលង​អារ៉ែង ប៉ុន្តែ​យើង​មិន​​ឯក​​ភាព​ ហើយ​គេ​ក៏​បាន​ត្រឡប់​ទៅ​វិញ។ យើង​មិន​ដែល​ឃើញ​ជន​ជាតិ​ចិន​មក​​​ទស្សនា​​ជ្រលង​អារ៉ែង​ពី​មុន​នោះ​ទេ។ យើង​ឃើញ​តែ​ភ្ញៀវ​ទេស​ចរណ៍​ពី​ប្រទេស​លោក​ខា​ងលិច»។

​យោង​តាម​​​​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ម្សិលមិញ​ពី​អង្គ​ការ Mother Nature Cambodia បាន​ឲ្យ​ដឹង​ថា​ ​អ្នក​តំណាង​ក្រុម​ហ៊ុន Sinohydro ជា​ច្រើន​នាក់​ ​បាន​មក​តំបន់​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​មក​ដល់​របស់​វិស្វ​ករ​ចិន​​ជា​ច្រើន​នាក់ និង​គ្រឿង​បរិក្ខា​ខួង​។

​​លោក វន បាន​បន្ថែម​ថា៖ «​យើ​ង​នៅ​ទី​នេះ​រយៈ​ពេល​យូរ ដើម្បី​បញ្ឈប់​ជន​ជាតិចិន និង​គ្រឿង​ចក្រ​»។

​លោក ដឿម គុណឌី ​អ្នក​តំណាង​អង្គការ Mother Nature ​នៅ​​កន្លែង​បិទ​ផ្លូវ កាល​ពី​ម្សិលមិញ​​ បាន​បញ្ជាក់​ដូច​ការ​រៀប​រាប់​របស់​លោក វន មែន ចំពោះ​ព្រឹត្ត​ការណ៍​កាល​ពីម្សិលមិញ។

​លោក នាង បូរ៉ាទីណូ ​អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​​ឲ្យ​អង្គការ​សិទិ្ធ​មនុស្ស​អាដហុក បាន​ថ្លែង​ថា ការ​តវ៉ា ដែល​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ក្រុ​ម​និយោជិត​​បីនាក់​របស់​ក្រុម​ហ៊ុន Sinohydro ​បាន​ចុះ​មក​តំបន់​នេះ កាល​ពី​ថ្ងៃព្រហស្បតិ៍ ​ក៏​បាន​បង្វែរ​ទិស​ដៅ​គ្រឿង​ចក្រ​ដែល​ត្រូវ​បញ្ជូន​តាម​ជ្រលង​នេះ​ផង​ដែរ។

​លោក​បាន​បញ្ជាក់​ថា៖ «​​​អ្នកភូមិ​បាន​ឃើញ​អ៊ិច​ស្កា និង​​គ្រឿង​ចក្រ​ដទៃ​ទៀត​មួយ​ចំនួន ​កំពុង​បញ្ជូន​ទៅ​​អារ៉ែង ប៉ុន្តែ​បន្ទាប់​ពី​ការ​តវ៉ា​​ គេ​យក​គ្រឿង​ចក្រ​ទាំង​នោះ​ទៅ​លាក់​នៅ​ក្នុង​ព្រៃ​ក្បែរ​នោះដែល​មាន​ចម្ងាយ​ប្រហែល ១០ គីឡូ​ម៉ែត្រ​ពីកន្លែង​តវ៉ា​»។ លោក​បាន​បន្ត​ថា៖ «​គ្រឿង​ចក្រ​ភាគ ច្រើន​​កំពុង​ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​កំពត​ទៅ​ខេត្ត​កោះ​កុង»។

​លោក ​Phay Thoun Phlam Kesorn អភិបាល​រង​ខេត្ត បាន​ថ្លែង​ថា លោក​បាន​ស្នើ​សុំ​ឲ្យ​សហគមន៍​អនុញ្ញាត​ក្រុមហ៊ុន Sinohydro ធ្វើ​ការ​ងារ​របស់​ពួកគេ​នៅ​ជ្រលង ហើយ​បាន​ដាក់​សំណើ​របស់​ប្រជា​ជន​​​ទៅ​អភិបាល​ខេត្ត ដើម្បី​លុប​ចោល​សម្បទាន​​​ទំនប់​នេះ។

​លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​បាន​ធ្វើ​របាយការណ៍​អំពី សំណើ​ជូន​អភិបាល​ខេត្ត​រួច​ហើយ ប៉ុន្តែ​យើង​មិន​ទាន់​ទទួល​បាន​សេចក្តី សម្រេច​ទេ​ ក្នុ​ងករណី​នេះ»៕ TK


What Next?

Recent Articles