ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014
http://vodhotnews.com
ពលរដ្ឋ២៤គ្រួសារ នៅភូមិបឹងកក់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ បានប្រមូល ផ្តុំគ្នាទៅវាស់ដីស្រែរបស់ខ្លួន ដើម្បីដាក់ពាក្យបណ្តឹងថ្មីទៀត ជំរុញឲ្យក្រុមហ៊ុនKDCរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល ប្រគល់ដីឲ្យពួកគេវិញ។
តំណាងអ្នកភូមិតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ស្ងួន ញឿន ប្រាប់VODថា មូលហេតុដែលអ្នកភូមិសម្រុកចុះវាស់ដីនៅពេលនេះ ដោយសារពាក្យបណ្តឹងអ្នកភូមិ ប្តឹងក្រុមហ៊ុនលោកស្រីជា ខេង ពីបទរំលោភយកដីអ្នកភូមិនោះ ត្រូវបានអាជ្ញាធរអះអាងថាបានបាត់។តំណាងអ្នកភូមិរូបនោះឲ្យដឹងទៀតថា ពាក្យបណ្តឹងនោះអ្នកភូមិ៤០គ្រួសារ បានប្តឹងតាំងពីឆ្នាំ២០០៦ ដោយចោទពីបទរំលោភយកដីពលរដ្ឋ១៧០ហិកតា។
មេឃុំតាជេស លោក សួស ស៊ីថៃ អះអាងថា លោកមិនបានដឹងរឿងបាត់ឯកសារនៃពាក្យបណ្តឹងរបស់អ្នកភូមិទេ ព្រោះលោកទើបឡើងកាន់តំណែងថ្មី ។
ក្រុមហ៊ុនKDCត្រូវបានអ្នកភូមិចោទថា បានរំលោភយកដីអ្នក ភូមិតាជេស ទំហំ១៤៥ហិកតាផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋដល់១០៨គ្រួសារ។
ទោះជាយ៉ាងណា អាជ្ញាធរខេត្ត បានឯកភាពគ្នា បង្កើតគណៈកម្មការមួយ សម្រាប់ដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយច្រើនឆ្នាំនៅតំបន់នេះ។
យ៉ាងណាក៏ដោយ សម្រាប់អ្នកភូមិរងគ្រោះរឿងដីធ្លីនេះ អះអាងថា ពួកគេគ្មានជំនឿលើគណៈកម្មការនេះទេ ដោយសារមន្ត្រីសំខាន់ៗក្នុងគណៈកម្មការនេះ ភាគច្រើន ជាមនុស្សដែលក្រុមហ៊ុនទិញបាន ហើយមន្ត្រីខ្លះទៀត ធ្លាប់ប្រឌិតរឿង ចាប់អ្នកភូមិ ដែលតវ៉ាកន្លងមកដាក់ពន្ធនាគារច្រើនឆ្នាំ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com