​ជនជាតិដើម​នៅ​មណ្ឌលគិរី ​ចងក្រង​​សហគម​ន៍​ និង​សហគមន៍​ ដើម្បី​ប្រឆាំង​ការកាប់​ព្រៃឈើ​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
ទិដ្ឋិភាពព្រៃឈើដែលត្រូវបានបំផ្លាញនៅឯ ខេត្ត​មណ្ឌលគិរី (រូបភាព៖ ហេង វិចិត្រ)

ទិដ្ឋិភាពព្រៃឈើដែលត្រូវបានបំផ្លាញនៅឯ ខេត្ត​មណ្ឌលគិរី (រូបភាព៖ ហេង វិចិត្រ)

​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​ចំនួន​១៣ បាន​ព្រមព្រៀង​សហការ​គ្នា​ទៅវិញទៅមក ដើម្បី​ប្រយុទ្ធប្រឆាំង​សកម្មភាព​ក្រុមហ៊ុន​ឯកជន​កាប់បំផ្លាញ​ព្រៃឈើ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​របរ​ចិញ្ចឹមជីវិត និង​ប្រពៃណី​របស់​ពួកគាត់​។​

​ក្នុង​ពេល​ពិភាក្សា​រវាង​តំណាង​សហគមន៍​ទាំង​១៣ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ នៅ​ឃុំ​ដាក់​ដាំ ស្រុក​សែន​មនោ​រម្យ តំណាង​សហគមន៍​នៅ ឃុំ​ដា​ក់ដាំ អ្នកស្រី ខ្វើង ទំ ថ្លែងថា បាន​ជា​ពួកគាត់​សម្រេច​ចងក្រង​បណ្តាញ​សហគមន៍​នេះ ដោយសារ​កន្លង​មក​ប​ទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ជួយ​ទប់ស្កាត់​បាន​ទាន់ពេល​ទេ​។

អ្នកស្រី​បន្ត​ថា ក្នុងចំណោម​សហគមន៍​ទាំង​១៣​ពេលនេះ សហគមន៍​ខ្លះ​កំពុងរ​ង់​ផលប៉ះពាល់​ខ្លាំង​ពី​ការកាប់បំផ្លាញ​ព្រៃ ហើយ​សហគមន៍​ខ្លះទៀត​កំពុង​ប៉ះពាល់​តិចតួច​ «​ការងារ​ពួក​ខ្ញុំ​កំពុង តែ​ព្រមព្រៀង​ឥឡូវ​និង កំពុងតែ​មាន​បញ្ហា​អី​ជួយ​គ្នា ត​គ្នា​ទៅ ជួយ​ទប់ស្កាត់​ភូមិ​មួយៗ​ទៅ កន្លែង​គេ​ផ្សេងៗ​ឥត​ទាន់ ឈូស​ទេ គ្រាន់​តែ​កាប់​បំផ្លាញ ព្រៃឈើ ចា​កន្លែង​នាង​ខ្ញុំ កាប់​ទាំង​ដើម​ជ័រ និង​ឈូស​ទាំង​ដី ចង់រ​លោភ​បំពាន់​ដី​ធ្លា​តែម្តង»

​តំណាង​សហគមន៍​ឡា​កា អ្នកស្រី ម​អារ ងំ ថ្លែងថា ពួកគាត់​មិន​ខ្លាច​ចំពោះ​ការ​គំរាម​សម្លាប់ ឬ ចាប់​ដាក់​ពន្ធនាគារ​ទេ ព្រោះ​បើ​មិន​អាច​ការពារ​ព្រៃឈើ​បាន​ពួក​គាត់​គង់តែ​ស្លាប់​ដដែល​។

ជនជាតិដើម​ពូ​នង រូបនេះ​បន្ត​ថា ពួកគាត់​មិន​ចង់ឲ្យ​មាន​ការអភិវឌ្ឍ​ន៍​ផ្លូវថ្នល់​សាលារៀន ឬ មន្ទីរពេទ្យ​ទេ ប្រសិនបើ​ការអភិវឌ្ឍន៍​ហើយ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ​នោះ​ «​ខ្ញុំ​ថា​ល្អ​ជាង កុំឲ្យ​ធ្វើ​សាលារៀន និង​ធ្វើ​ផ្លូវ ស៊ី​ផ្លូវ​ខ្ញុំ​ស៊ី​ឥត​កើត​ទេ​ផ្លូវ សាលារៀន​ខ្ញុំ​ស៊ី​កើត ខ្ញុំ​ត្រូវការ​សាលារៀន ក៏​ត្រូវការ​ផ្លូវ ក៏​ត្រូវការ​ដី​ដែរ ព្រៃ​ដែរ អញ្ចិង​ខ្ញុំស៊ី​ពីនោះ មក​ដល់​និង​ខ្ញុំ​ធ្វើ​ដំណើរ ខ្ញុំ​ទៅ​រៀន សុខ​សប្បាយ​ទៀត ដល់​ឯ​និះ ទៅ​រៀន​មិច​កើត បើ​បាយ​ឥត​មាន​ផង​និង ក្រុមហ៊ុន និង​ឈូស ក្តៅក្រហាយ សឹង​អី មិន​ឲ្យ​កូន​ទៅ​រៀន​ទេ ខ្ជិល​ណាស់​»។​

​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី​ហៅ អា​យ ស៊ី​ស៊ី លោក ដូង វណ្ណ​រា ហៅ ណិប ស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​សិក្សា​ឲ្យ​បាន​លម្អិត​ពី​ការប៉ះពាល់ និង ផលចំនេញ មុន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​អភិវឌ្ឍន៍​។

លោក ដូង វណ្ណា ជា​ជន​ជាដើម​ពូ​នង​ដែរ​នោះ​បន្ត​ថា ជនជាតិដើម នឹង​ចេញ​មុខ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ពួកគេ​មិន​សុខចិត្ត​នៅ​ស្ងៀម​ទេ ប្រសិនបើ​ការអភិវឌ្ឍន៍​នៅតែ​មិន​សិក្សា​ពី​ការប៉ះពាល់​ដល់​ជីវិត​របស់​ពួកគាត់​ទៀត​នោះ «​និង​មាន​គេ​ហៅថា អសន្តិសុខ​និង​មិន​ចេះ​ឈប់ វា​ឥត​មាន​សន្តិភាព​បាទ ហើយ​ជាពិសេស យុវជន សម័យថ្មី គេ មិន​ឈរ ឪ​ប​ដៃ​មើល​ទេ ខ្ញុំ​គិតថា​អញ្ចិង​»​។

​ប្រជា​សហគមន៍​ជនជាតិដើម​អះអាងថា ពួកគាត់​មិន​មាន​ជំនាញ​អ្វី​ផ្សេង​សម្រាប់​ចិញ្ចឹម​ជីវិត​ទេ ក្រៅ​ពី​ទទួល​អនុផល​ព្រៃឈើ ហើយ​ថា ចាប់ពី​ឆ្នាំ​២០០៨​មក​ពេល​ដែល​ក្រុមហ៊ុន​ចេះតែ​បន្ត​កាប់​ព្រៃ​នោះ ធ្វើឲ្យ​ប៉ះពាល់​ជីវភាព និង ប្រពៃណី​ដូនតា​របស់​ពួកគាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

(រូបភាព៖ ហេង វិចិត្រ)

​ជុំវិញ​ការ​ត្អូញត្អែរ​ពី​ទុក្ខលំបាក​របស់​ជនជាតិ​ដើម​ភាគតិច​នេះ​VOD មិនទាន់​បាន​សុំ​ការពន្យល់ ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃនេះ​។​

​បច្ចុប្បន្ន​ក្នុងចំណោម​សហគមន៍​ទាំង​១៣​នៅ​ខេត្ត​មណ្ឌលគិរី គឺ​មាន​សហគមន៍​ពីរ​ដែល​កំពុង​មានទំនាស់​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​គឺ​សហគមន៍​ឡា​កា និង សហគមន៍​ប៊ូ​ស្រា​។ នៅ​សហគមន៍​ឡា​កា​ក្រុមហ៊ុន វីឡា កំពុង​អភិវឌ្ឍន៍​ដាំ​កៅស៊ូ​លើ​ផ្ទៃដី ​៥០០០​ហិកតា ដែល​ក្រុមហ៊ុន​នេះ​រង់ការ​ចោទ​ពី​ជនជាតិដើម​ភាគតិច​ថា បាន​ធ្វើឲ្យ​ប៉ះពាល់​ព្រៃ​ដូនតា​របស់​ពួកគាត់​៕

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles