ដោយ រដ្ឋា វិសាល
2014-03-25
RFA
ប្រធានការិយាល័យភូមិបាលស្រុកលំផាត់ ខេត្តរតនគិរី លោក ម៉ឹង មុន្ឋិន ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត ពីបទចោទថាបានឃុបឃិតកាប់រានព្រៃក្នុងតំបន់រមណីយដ្ឋានទឹកជ្រោះ ៧ជាន់។
ការឃុំខ្លួននេះ ធ្វើឡើងនៅថ្ងៃច័ន្ទ ទី២៤ ខែមីនា បន្ទាប់ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ កសាងសំណុំរឿងប្ដឹងករណីនេះតាមផ្លូវតុលាការ តាំងពីខែតុលា ឆ្នាំ២០១៣។
ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តរតនគិរី លោក ទឹម ស៊ីណាត ឲ្យដឹងពីករណីនេះថា លោកបានដឹងពីការឃាត់ខ្លួនមន្ត្រីភូមិបាលស្រុកនេះ ប៉ុន្តែលោកមិនទាន់បានទទួលលិខិតផ្លូវការណាមួយទាក់ទិនការចាប់ខ្លួននេះពីមន្ត្រីតុលាការនៅឡើយ៖ «មានតែសោកស្ដាយហ្នឹង ហើយគេចាប់មន្ត្រីយើង ហើយគេចោទហ្នឹងៗពាក់ព័ន្ធនឹងបទឃុបឃិតនៃការកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិហ្នឹងណា! វាអត់ពាក់ព័ន្ធនឹងយើងទេ ប៉ុន្តែគ្នាជាមន្ត្រីភូមិបាល អ៊ីចឹងគ្នាជាមន្ត្រីក្រោមឱវាទរបស់ស្រុក ហើយមានលិខិតបញ្ជាបេសកកម្មខាងស្រុកបញ្ជាឲ្យគាត់ចុះពិនិត្យទីតាំងដីដែលមានបញ្ហាហ្នឹង ហើយគាត់ចុះទៅគាត់ធ្វើរបាយការណ៍ជូនស្រុកវិញតែប៉ុណ្ណឹង»។
អភិបាលស្រុកលំផាត់ លោក គង់ ស៊្រុន ធ្លាប់បានបញ្ជាក់ថា កន្លងទៅនេះអាជ្ញាធរឃុំបានធ្វើសំណើសុំដីរដ្ឋបាលនៅតំបន់រមណីយដ្ឋានទឹកជ្រោះ៧ជាន់ ឬទឹកជ្រោះអូរសៀនឡែ ក្នុងឃុំកាឡែង សម្រាប់សាងសង់អាគារសាធារណៈរបស់រដ្ឋ ក៏ប៉ុន្តែអាជ្ញាធរស្រុកបានចេញលិខិតបញ្ជាបេសកកម្មឲ្យមន្ត្រីភូមិបាលស្រុកចុះសិក្សាករណីនេះ បន្ទាប់មកដីតំបន់នោះប្រមាណ ១០ហិកតារ ត្រូវគេបែងចែកសម្រាប់រដ្ឋបាលស្រុក ១ហិកតារ។ សម្រាប់សង់វិទ្យាល័យ ១ហិកតារ ចែកមន្ទីរភូមិបាល ១ហិកតារ ចែករដ្ឋបាលឃុំ ១ហិកតារ ចែកគណៈកម្មការការពាររមណីយដ្ឋាន ១ហិកតារ ចែកសហគមន៍ភូមិ ១ហិកតារ និងដីមួយចំណែកត្រូវគេកាប់រានព្រៃដោយគ្មានការអនុញ្ញាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តតាកែវកោះហៅខ្មែរក្រោម៣នាក់ឲ្យចូលបំភ្លឺនៅថ្ងៃ២៦ មីនា
- តុលាការមិនចាត់ការបណ្ដឹងប្រឆាំងលោក ហ៊ុន សែន រឿងបាត់កោះ
- តុលាការព្រហ្មទណ្ឌអន្តរជាតិទទួលបណ្ដឹងចោទលោក ហ៊ុន សែន
- ជនជាតិដើមភាគតិចចារ៉ាយនៅរតនគិរីអះអាងថាក្រុមហ៊ុនម៉ែនសារុនលួចអារឈើមូល
- តុលាការបន្តឃុំលោក វន់ ពៅ និងមនុស្ស២០នាក់ផ្សេងទៀត
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីគ្រោងដាក់ញត្តិសុំឲ្យទប់ស្កាត់បទល្មើសព្រៃឈើ
- មន្ត្រីពន្ធនាគារមិនទាន់ប្រាកដថានឹងបញ្ជូនលោក វន់ ពៅ មកសវនាការ
- តុលាការខេត្តកំពង់ស្ពឺចេញដីកាឲ្យកម្មកររោងចក្រវីងស្ដារស៊ូបញ្ឈប់ធ្វើកូដកម្ម
- លោក ហ៊ុន សែន ត្រូវបានប្ដឹងពីបទឧក្រិដ្ឋកម្មទៅតុលាការអន្តរជាតិជាលើកទី៣