​កម្មករ​នៅ​រោងចក្រ​ឌូ​ហឺ​ស្ត​ បន្ត​តវ៉ា ខណៈ​ភាគី​រោងចក្រ​មិន​គោរព​អនុសាសន៍​ក្រសួង​ការងារ​​

ដោយ៖​ ឡុង ​គីម​ម៉ា​រីតា​
ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កម្មករ​ប្រមាណ​៨០០​នាក់ នៅ​រោងចក្រ​ឌូ​ហឺ​ស្ត នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ថៅកែ​របស់​ខ្លួន ដែល​មិន​គោរព​អនុសាសន៍​ក្រសួង​ការងារ​។​

​កម្មករ​រោងចក្រ​ឌូ​ហឺ​ស្ត ផ្នែក​អ៊ុត សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ VOD ដឹងថា កម្មករ​បន្ត​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​១៧ មីនា​មក​រហូត​ដល់​ថ្ងៃនេះ ដើម្បី​ឲ្យ​ភាគី​រោងចក្រ ដោះស្រាយ​រឿង​កាត់​ប្រាក់​ឈ្នួល​កម្មករ ២​ម៉ោង​កាលពី​ដើមខែ​មីនា ក្រោយពេល​ដែល​កម្មករ​ឈប់​សម្រាក​ពី​ការងារ ដោយសារ​ពេល​ពួកគាត់​ក្អួតចង្អោរ​ក្រោយ​ហូបបាយ​ ដែល​រោងចក្រ​ផ្ដល់ឲ្យ ហើយ​មាន​ជន្លេន​នៅក្នុង​នោះ​។​

តាម​កម្មករ​ឲ្យដឹង​របស់​កម្មករ​ថា រោងចក្រ​ឌូ​ហឺ​ស្ត (DEWHIRST ) មាន​កម្មករ​សរុប​ប្រមាណ​ជិត​២០០០​នាក់ ចែកចេញ​ជា​ពីរ​ក្រុម គឺ​មួយ​ផ្នែក​ខាង​ដេរអាវ និង​មួយ​ផ្នែក​ទៀត​ផ្នែក​ដេរខោ​។​

កម្មករ​ផ្នែក​ដេរ​ខោ កញ្ញា​ស្រី​ពៅ ឲ្យ​VOD​ដឹងថា កម្មករ​ផ្នែក​ដេរខោ​បន្តធ្វើ​កូដកម្ម​រហូតដល់​ភាគី​រោងចក្រ​ ទទួលយក​អនុសាសន៍​របស់​ក្រសួង និង​ដោះស្រាយ​រឿង​កាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​។ កញ្ញា​ឲ្យដឹង​បន្ត​ថា បើ​ភាគី​រោងចក្រ​នៅ​តែ​មិន​ព្រម​ដោះស្រាយ​ជូន​កម្មករ​ទេ  នោះ​នៅ​ចុងខែ​ខាងមុខនេះ ផ្នែក​ដេរអាវ​នឹងចូលរួម​ធ្វើ​កូដកម្ម​ដែរ​។

​មន្ត្រី​សហជីព​ស៊ី​ខៅ​ឌូ ប្រចាំ​រោងចក្រ​ឌូ​ហឺ​ស្ត លោក ​ស៊ា​ង យូ​ត ឲ្យ​VOD​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៤ ខែមីនា ម្សិលមិញ ក្រសួង​ការងារ​បាន​ហៅ​ភាគី​រោងចក្រ និង​សហជីព​ចូលរួម​ប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា ក្នុង​នោះ​ក្រសួង​តម្រូវឲ្យ​ភាគី​រោងចក្រ​អនុវត្តបី​ចំណុច គឺ​ទី​១ បង្កើន​គុណភាព​អនាម័យ​ចំណីអាហារ ទី​២ ឲ្យ​ប្រធាន​ផ្នែក ប្រធាន​ក្រុម​មាន​ក្រម​សីលធម៌​ល្អ មិន​ជេរ​ប្រមាថ​មើលងាយ​កម្មក​រ និង​ទី​៣ សន្យារ​មិន​សងសឹក​ដល់​កម្មករ​ដែល​ធ្វើ​កូដកម្ម​។​

​លោក​ស៊ា​ង យ៉ូត បន្តថា ក្រោយ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ហើយ ភាគី​រោងចក្រ​បាន​បដិសេធ​ចុះហត្ថលេខា​លើ​អនុសាសន៍​របស់​ក្រសួង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​បន្ត​ធ្វើ​កូដកម្ម​បន្តទៀត​។​

VOD មិនទាន់​អាច​សុំ​ប្រតិកម្ម ពី​ថៅកែ​រោងចក្រ ជុំវិញ​ការអះអាង របស់​កម្មករ​នេះ​បាន​នៅឡើយ​ទេ​។​

​កម្មករ​ផ្នែក​ដេរ​ខោ នៅ​រោងចក្រ​ឌូ​ហឺ​ស្ត បាន​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​១៧ ខែ​មីនា មកដល់​ពេល​មាន​រយៈពេល​៩​ថ្ងៃ​ហើយ ប៉ុន្តែ​ភាគី​រោងចក្រ​នៅ​តែ​មិន​អាច​រក​ដំណោះស្រាយ​ជូន​កម្មករ​បាន​៕

សូមសរសេរមកកញ្ញា ឡុង ​គីម​ម៉ា​រីតា​ តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles