ដោយ រដ្ឋា វិសាល
2014-04-03
RFA

២៩-មីនា-២០១៤៖ សកម្មភាពក្រុមហ៊ុន៧២ របស់វៀតណាម អារដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ ក្នុងខេត្តរតនគិរី ដោយសំអាងថា ព្រៃនោះរដ្ឋបានផ្ដល់មកក្រុមហ៊ុនសម្បទាន ម៉ែន សារុន។ រូបថតសហគមន៍ ឃុំប៉ក់ញ៉ៃ
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (Adhoc) ខេត្តរតនគិរី រកឃើញថា ក្រុមហ៊ុនវៀតណាម ឈ្មោះ៧២ ដែលធ្វើអាជីវកម្មបន្តពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្លូបល ធីក រ៉ាម៉ា ខ្មែរអន្តរជាតិ និងមិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International And Men Sarun Friendship) បានរំលោភទៅលើសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្ដីពីការអនុញ្ញាតឲ្យក្រុមហ៊ុននេះបង្កើតរោងម៉ាស៊ីនអារកែច្នៃឈើ ផលិតគ្រឿងសង្ហារិម និងផលិតក្ដារបន្ទះជាបណ្ដោះអាសន្ន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី នៅថ្ងៃពុធ ទី២ ខែមេសា អំពាវនាវសុំឲ្យក្រសួងកសិកម្ម ស៊ើបអង្កេតជាបន្ទាន់ទៅលើការរំលោភសេចក្តីប្រកាសរបស់ក្រសួង ស្ដីពីលក្ខខណ្ឌនៃច្បាប់អនុញ្ញាតបង្កើតរោងម៉ាស៊ីនកែច្នៃឈើរបស់ក្រុមហ៊ុន ម៉ែន សារុន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនេះ បានអង្កេតទៅលើសេចក្តីរាយការណ៍របស់សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលបានរកឃើញថា ក្រុមហ៊ុន៧២ បានបង្កើតរោងម៉ាស៊ីនអារឈើមួយនៅជាប់ព្រំព្រៃការពារសហគមន៍ ហើយកាប់ឈើមូលថ្មីៗដឹកជញ្ជូនចូលរោងម៉ាស៊ីន។ ឈើមូលនោះ ត្រូវគេអារច្រៀកភ្លាមៗ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ។ ចំណែកឈើដែលអាររួច ក្រុមហ៊ុនបានដឹកចេញបន្តពីរោងអារឈើ ដោយគ្មានការត្រួតពិនិត្យដូចគ្នា និងមិនបានធ្វើរបងហ៊ុមព័ទ្ធជុំវិញបរិវេណរោងម៉ាស៊ីនអារឈើ ជាដើម។
លោក ឆាយ ធី សម្ដែងការបារម្ភថា ការបណ្ដែតបណ្តោយរបស់មន្ត្រីជំនាញព្រៃឈើ នឹងនាំឲ្យក្រុមហ៊ុននេះកាប់ឈើអនាធិបតេយ្យ ហើយអារច្រៀកដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម ដោយបំពានច្បាប់៖ «វៀតណាម មិនបានគោរពសេចក្តីប្រកាសរបស់ក្រសួងទេ។ វៀតណាម នៅតែអារដឹកទាំងថ្ងៃដឹកទាំងថ្ងៃ អារទាំងយប់ដឹកទាំងយប់។ ស្ថាប័នព្រៃឈើគាត់នៅឆ្ងាយ គាត់ មិនបានចុះទៅតំបន់ព្រៃនៅជាប់ព្រំដែននោះទេ មានន័យថា ឈើត្រូវបានអារដោយខុសច្បាប់ ក៏យើងបារម្ភថា ឈើអាចដឹកចេញតាមតំបន់ព្រំដែនដោយខុសច្បាប់»។
កាលពីសប្ដាហ៍មុន ក្រុមល្បាតសហគមន៍ភូមិឡំ បានរឹបអូសម៉ាស៊ីនកាត់ឈើមួយគ្រឿង និងប្រទះឃើញកម្មករជនជាតិវៀតណាម ប្រមាណ ១៥នាក់ ត្រូវបានក្រុមហ៊ុន៧២ ប្រើប្រាស់ឲ្យអារឈើមូលថ្មីៗក្នុងព្រៃការពារ ព្រមទាំងប្រើប្រាស់រថយន្តស្ទូចដឹកជញ្ជូនឈើចូលរោងអារឈើ ហើយអារច្រៀកឈើនាំចេញភ្លាមៗពីរោងអារឈើ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែមេសា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ម៉ែន សារុន គឺលោក មាស សុគន្ធមុនី សុំបញ្ជាក់ពីករណីនេះបានទេ។ ក៏ប៉ុន្តែ កាលពីសប្ដាហ៍មុន លោកបានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណអារឈើដែលប្រមូលបានក្នុងដីសម្បទាន ហើយបានបង់ពន្ធជូនរដ្ឋរួចហើយ។
យ៉ាងនេះក៏ដោយ តំណាងសហគមន៍ភូមិឡំ លោក រម៉ា ស្វាន នៅតែអះអាងថា មកទល់នឹងថ្ងៃទី២ ខែមេសា ក្រុមហ៊ុន៧២ នៅតែបន្តចូលព្រៃកាប់ឈើមូលក្នុងព្រៃដឹកជញ្ជូនចូលរោងអារច្រៀកឈើ ដោយគ្មានមន្ត្រីជំនាញព្រៃឈើត្រួតពិនិត្យ។ លោកបន្តថា បានធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែមិនទាន់ឃើញមានវិធានការបែបណានៅឡើយ៖ «គេអត់ច្រៀកទេឈើចាស់ៗហ្នឹង គេកាប់ថ្មីច្រៀកៗតែម្តង ពិសេសឈើក្រំហ្នឹងហើយច្រើនមែនទែន។ ឃើញគេច្រៀកៗ ប៉ុន្តែក្ដារនៅក្នុងហ្នឹងអត់មាន អត់ឃើញគេដឹកទៅណាអត់ឃើញ។គេថាអត់ខ្លាចទេ គេថាពួកក្រសួងមកអនុញ្ញាតមកពីថ្នាក់លើមកខ្ញុំអត់ខ្លាចពួកប្រជាពលរដ្ឋទេ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកបណ្ឌិត អ៊ុក រ៉ាប៊ុន កាលពីថ្ងៃទី២៤ ខែមករា បានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុន ម៉ែន សារុន បង្កើតរោងម៉ាស៊ីនកែច្នៃឈើជាមួយនឹងលក្ខខណ្ឌសំខាន់ៗរួមមាន សំណង់រោងម៉ាស៊ីនត្រូវរៀបចំឲ្យបានសមរម្យ តាមនីតិវិធីរដ្ឋបាលព្រៃឈើ ត្រូវធ្វើរបងហ៊ុមព័ទ្ធជុំវិញបរិវេណរោងម៉ាស៊ីន ឈើដែលដឹកជញ្ជូនចូលបរិវេណរោងម៉ាស៊ីន ត្រូវមានការអនុញ្ញាតចេញដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ផលិតផលឈើកែច្នៃដឹកជញ្ជូនចេញពីបរិវេណរោងម៉ាស៊ីន ត្រូវមានលិខិតអនុញ្ញាតចេញដោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ជាដើម។
ទាក់ទងបញ្ហានេះដែរ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភឺន ទទួលស្គាល់ថា លោកមិនទាន់ត្រួតពិនិត្យសេចក្តីចោទប្រកាន់នេះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បណ្ដាញស្នូលព្រៃឡង់ខេត្តក្រចេះបារម្ភបាត់បង់ព្រៃឈើនិងសត្វព្រៃ
- ពលរដ្ឋខ្វែងគំនិតលើគម្រោងផលិតទឹកស្អាតក្នុងបឹងឈ្វាំងខេត្តកំពង់ឆ្នាំង
- មន្ត្រីកងអង្គរក្សនាយករដ្ឋមន្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពីបទកាប់រានព្រៃឈើនៅរតនគិរី
- ក្រុមហ៊ុនវៀតណាមបន្តកាប់ឈើក្នុងព្រៃអភិរក្សនៅរតនគិរី
- ពលរដ្ឋបន្តទាមទារឲ្យរោងម៉ាស៊ីនអគ្គិសនីមួយនៅសៀមរាបផ្លាស់ទៅទីតាំងថ្មី
- ពលរដ្ឋនៅក្រចេះធ្វើយុទ្ធនាការបញ្ឈប់គម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង
- មន្ត្រីឃ្លាំមើលបរិស្ថាន៖ ព្រៃឈើប្រទេសកម្ពុជានឹងហិនហោចក្នុងអាណត្តិទី៥នេះ
- លោក ហ៊ុន សែន អំពាវនាវឲ្យទប់ស្កាត់បទល្មើសព្រៃឈើ
- “តើធនធានត្រីនឹងបាត់ទៅណាពេលសង់ទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ?”