​ពលរដ្ឋ​តវ៉ា​ជា​ថ្មី​ទៀត ​នៅមុខ​សាលា​ខេត្ដ​ព្រះវិហារ ឲ្យ​ដោះស្រាយទំនាស់​ដី ជាមួយ​ក្រុមហ៊ុន​ចិន​​

ដោយ៖​ បូ សា​វី​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

​ពលរដ្ឋ​តវ៉ា​ជា​ថ្មី​ទៀត ​នៅមុខ​សាលា​ខេត្ដ​ព្រះវិហារ ឲ្យ​ដោះស្រាយ ទំនាស់​ដី ជាមួយ​ក្រុមហ៊ុន​ចិន​(រូបថតដោយបូ សាវី)

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិ​ចគួ​យ ជាង​៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​សាលា​ខេត្ដ​ព្រះវិហារ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ ករណី​ទំនាស់​ដីធ្លី​ដ៍​រាំ​រ៉ៃ ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន ហ្វេ​ង។

​សមាជិក​សហគមន៍​ឃុំ​ប្រមេ​រ ស្រុក​ត្បែងមានជ័យ អ្នកស្រី នួន ម៉ុន ប្រាប់​ VOD​ថា ប្រជាពលរដ្ឋ រួម​ទាំង​កុមារ​ផង បាន​នាំយក​គ្រឿងឧបភោគ បរិភោគ មក​តាម​ខ្លួន ដើម្បី​ដេក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ពួកគាត់ ជាមួយ​ក្រុមហ៊ុន​ចិន​នោះ​។ អ្នកស្រី​បន្ដ​ថា ពួកគេ​មិន​ត្រឡប់​ទៅ​លំនៅឋាន​វិញ​នោះទេ បើ​មិន​មាន​កិច្ចសន្យា​ដោះស្រាយ​ពី​អាជ្ញាធរ​។

អ្នក​តវ៉ា​ម្នាក់ទៀត អ្នកស្រី សឹង សាំ ឲ្យដឹងថា ពួកគាត់ ចង់​ឲ្យ​អាជ្ញាធរ ចុះបញ្ជី​ដីធ្លី​ពួកគាត់ ជា​ដី​សមូហភាព​របស់​សហ​គ​មន៍ ដើម្បី​ទុកជា​ផលប្រយោជន៏​ដល់​កូន​ចៅ​ជំនាន់​ក្រោយ និង​អ្នកភូមិ​មួយចំនួន​ទៀត​សុំ​ចុះបញ្ជី​ជា​ឯកជន​។ អ្នកស្រី​បន្ដ​ថា ក្រសួងមហាផ្ទៃ បាន​ចេញ​លិខិត​ឲ្យ​អាជ្ញាធរខេត្ដ ដោះស្រាយ ប៉ុន្ដែ​អាជ្ញាធរ​មិន​អនុវត្ត​តាម​ឡើយ​។​

​អភិបាលរង ខេត្ដ​ព្រះវិហារ លោកស្រី ខូ​យ ប៊ុន​ថា​ន មានប្រសាសន៍ថា លោក​ស្រី​កំពុង​ជួប​ជាមួយ​ពលរដ្ឋ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

អ្នកសម្របសម្រួល ស​មាគ​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទំនាស់​ដីធ្លី​នេះ កើតឡើង នៅ​ឆ្នាំ​២០១២ ជាមួយ​ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង ស្ថិតនៅ​ឃុំ​ប្រមេ​រ ជាប់​ព្រំប្រទល់ ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែ​ប​។ ក៏​ប៉ុន្ដែ​លោក​ថា​អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ដោះស្រាយ​ទេ​។

​លោក ឡោ ចាន់ បន្តថា ក្រុមហ៊ុន​ចិន​ឡាន​ហ្វេ​ង ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ ៩០១៥​ហិកតា ដោយ​គ្របដណ្ដប់​លើ​ដី​សហគមន៍​ជនជាតិដើម​ភាគ​តិចគួយ​ផងដែរ​។

បើ​តាម​ទិន្ន័យ​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ អន្ដរជាតិ​ដា​ណឺ​ម៉ាក នៅ​ឆ្នាំ​២០១២ ឲ្យដឹងថា ក្រសួ​ង​អភិវឌ្ឍន៍ជនប​ទ បាន​ចេញ​លិខិត​ទទួលស្គាល់​អត្ដ​សញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​៦០ ក្នុងនោះមាន​សហគមន៍​ចំនួន​ ៣​ភូមិ​ នៅ​ឃុំ​ប្រមេរ​នេះ​ផង​ដែរ​៕

សូមសរសេរមកកាន់លោក បូ សា​វី តាមរយៈ savy@vodhotnews.com

What Next?

Recent Articles