​អ្នកភូមិ​បុរី​កីឡា ទាមទារ​ឲ្យ​អ្នកនាំពាក្យ​សាលាក្រុង ​សុំ​ទោស​ជា​សាធារណៈ​ ដែល​ថា​ពួកគេ​មិន​មែន​ជា​ជនរងគ្រោះ​ពិត​​

>ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា ឆ្នាំ2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ពាក្យពេជន៍របស់អ្នកបុរីកីឡា ដែលសរសេរលើក្រដាស ទាមទារឲ្យលោក ឡុង ឌីម៉ង់ សុំទោសជាសាធារណៈ (រូបថត៖ សុទ្ធ គឹមសឿន)

​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​តំបន់​បុរី​កីឡា រួមទាំង​សហគមន៍​ផ្សេងទៀត ប្រមាណ​ជា​៥០​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាមទារ​ឲ្យ​អ្នកនាំពាក្យ​សាលាក្រុង​សុំទោស​ពួកគេ​ជា​សាធារណៈ និង​បដិសេធ​ទទួលយក​ជម្រក​បណ្តោះអាសន្ន​ជាដាច់ខាត​។​

​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ រួម​មាន​បុរី​កីឡា សហគមន៍​បឹងកក់  និង​ថ្មគោល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​នាំគ្នា​អុជ​ធូប​បន់ស្រន់ នៅមុខ​រូបសំណាក​ព្រះ​ពុទ្ធរូប ដែល​គេ​នាំយក​ទៅ​កន្លែង​តវ៉ា​នៅ​មុខ​សាលា​រាជធានី​នោះ​។​

​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នឹង​ផ្ទះសម្បែង​នៅ​បុរី​កីឡា អ្នកស្រី ឆាយ គឹម​ហ៊​ន មានប្រសាសន៍ថា នៅថ្ងៃនេះ​ប្រជា​សហគមន៍​បុរី​កីឡា​មក​ទាមទារ​ឲ្យ​លោក ឡុង ឌី​ម៉ង់ សុំទោស​ពួកគេ​ជា​សាធារណៈ ខណៈ​ដែល​លោក​បាន​និយាយ​នៅ​លើ​ទូរទស្សន៍ CNC កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​ដែល​តវ៉ា​សព្វថ្ងៃ​ជាង​១០០​គ្រួសារ មិន​មាន​លក្ខណៈសម្បត្តិ​ត្រូវ​ទទួល​បាន​ផ្ទះ នៅ​អគារ​ទី​៩ និង​ទី​១០​ទេ គឺ​សាលា​រាជ​ធានី​ភ្នំពេញ​ដោះស្រាយ​តាម​សប្បុរ​ស​ធម៌។

អ្នក​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀង​អ្នកស្រី ស ស៊ន ដែល​យល់ព្រម​ទទួលយក​ជម្រក​បណ្តោះអាសន្ន​ពី​សាលា​រាជធានី នៅ​សប្តាហ៍​មុន មានប្រសាសន៍ថា ផ្អែក​លើ​ប្រសាសន៍​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ដែល​និយាយ​បែប​នេះ នោះ​អ្នកស្រី និង​ពលរដ្ឋ​ចំនួន​៥១​គ្រួសារ​ផ្សេង​ទៀត សុំ​បដិសេធ​ឈប់​ទទួល​យក​ជម្រក​បណ្តោះអាសន្ន ដែល​សាលា​រាជធានី​សន្យា​នឹង​ធ្វើឲ្យ ហើយ​ពួកគេ​ទាមទារ​ដាច់ខាត​នៅ​ជម្រក​ពិតប្រាកដ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ជំនួយការ​ច្បាប់​របស់​អង្គការ​អាដហុក លោក​ណៃ វ៉ង់​ដា ដែល​តាមដាន​ព្រឹត្តិការណ៍​នេះ មានប្រសាសន៍ថា ការ​ដែល​អ្នកនាំពាក្យ​មាន​លើក​ឡើង​បែប​នេះ​មិន​ត្រូវ​ទេ ព្រោះ​ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ មិនមែន​ជា​ជនរងគ្រោះ​ពិតប្រាកដ សាលាក្រុង​ក៏​មិន​សន្យា​ធ្វើ​ជម្រក​បណ្តោះអាសន្ន​ឲ្យ​ទេ ។ លោក​បន្ត​ក្នុង​នាម​ជា​ស្ថាប័ន​រដ្ឋ ហើយ​ជា​អ្នកដឹកនាំ​ពាក្យ​ម្នាក់​មុន​នឹង​និយាយស្តី​អ្វី​ចេញមក ត្រូវ​គិត​គួរឲ្យ​បានច្បាស់លាស់​។

នៅ​ម៉ោង​ជាង​៩​ព្រឹក​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ហៅ​តំណាង​អ្នក​ភូមិ​បុរី​កីឡា​១០​នាក់​ចូល​ជួប​តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅឡើយ​ទេ ដោយ​VOD មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉ង់​។​

​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​បុរី​កីឡា​ជាមួយ​ក្រុមហ៊ុន ផាន​អ៊ី​មិច​របស់​លោកស្រី ស៊ុយ សុផាន អូសបន្លាយ​ច្រើន​ឆ្នាំ​មកហើយ ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​នៅ​មិន​បាន​ទទួល​សំណង​ជាង​១០០​គ្រួសារ​ទៀត ដោយ​ក្រុមហ៊ុន​នេះ​សន្យាថា សង់​អាគារ​ចំនួន​១០​ជូន​ពួកគេ តាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង តាំងពី​ឆ្នាំ​២០០៤ ប៉ុន្តែ​ក្រុមហ៊ុន​នេះ សង់​បាន​តែ ៨​អាគារ ក៏​បណ្តេញ​អ្នកភូមិ​ចេញ ផ្ទុយ​នឹង​កិច្ចសន្យា​៕​

អ្នកមានជម្លោះដីធ្លីអង្គុយនៅមុខសាលារាជធានី រង់ចាំការសុំទោសពីលោក ឡុង ឌីម៉ង់

 

សូមសរសេរមកកាន់កញ្ញា ​ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles