រុស្ស៊ី និង​កម្ពុជា នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​បំណុល​ក្នុង​ស្មារតី​មិត្តភាព​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com

មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ឲ្យដឹងថា ប្រទេស​រុស្ស៊ី និង​កម្ពុជា បាន​ប្តេជ្ញា​ក្នុង​ការដោះស្រាយ​បញ្ហា​បំណុល ដែល​កម្ពុជា​ជំពាក់​ដោយ​ស្មារតី​មិត្តភាព និង​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ជំនួប​គួរសម​រវាង​ឯកអគ្គរដ្ឋទូត​ថ្មី​រុស្ស៊ី​ប្រចាំ​កម្ពុជា​លោក Dmitry Tsvetkov និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួង មានប្រសាសន៍ថា ភាគី​ទាំងពីរ បាន​ពិភាក្សា​លើ​វិស័យ​សក្តានុពល​ជាច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​បន្តថា ភាគី​រុស្ស៊ី បាន​អញ្ជើញ​លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ដើម្បី​ចុះ​អនុសារណៈ​យោគយល់​គ្នា​ស្តីពី​ការពិគ្រោះ​យល់​បល់​រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ហា​បំណុល ដែល​កម្ពុជា​ជំពាក់​។ លោក​បញ្ជាក់ថា បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អតីត​សហភាពសូវៀត ភាគី​ទាំងពីរ នឹង​ខិតខំ​ដោះស្រាយ​ក្នុង​ស្មារតី​មិត្តភាព ក្នុង​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក កុយ គួង បន្តថា កម្ពុជា មិន​ទាន់​កំណត់​ពេលវេលា​សម្រាប់​ដំណើរ​ទស្សនកិច្ច ទៅ​ប្រទេស​រុស្ស៊ី​នៅឡើយ​ទេ​។​លោក កុយ គួង មិន​បាន​បញ្ជាក់​ពី​តួលេខ​ច្បាស់លាស់​នៃ​បំណុល ដែល​កម្ពុជា​ជំពាក់​រុស្សី​ទេ ប៉ុន្តែ​បើ​តាម​ឯកសារ​នានា ប្រទេស​កម្ពុជា ធ្លាប់​ជំពាក់​ប្រទេស​រុស្សី​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​។ រុស្សី បាន​លុប​ចោល​អស់​៧០​ភាគរយ ហើយ​នៅសល់​ទាំង​ប៉ុន្មាន ស្នើ​ឲ្យ​បង្វែរ​ជា​ជំនួយ​អភិវឌ្ឍន៍​វិញ​។​

​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​រុស្ស៊ី  ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា ឆ្នាំ​១៩៥៦៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles