ដោយ កេសរណ្ណីយ្យា
2014-05-05
RFA

ក្បួនដង្ហែរបស់បណ្ដាញសហគមន៍ទូទាំងប្រទេស ជិត ១ពាន់នាក់ ទាមទារឲ្យតុលាការកាត់ក្ដីដោយយុត្តិធម៌ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។ RFA/Van Vichar
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឱ្យប្រទេសម្ចាស់ជំនួយប្រកាសជាសាធារណៈជំទាស់ទៅនឹងសេចក្ដីព្រាងច្បាប់បី ស្តីពីប្រព័ន្ធតុលាការនៅកម្ពុជា ដែលរដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាពិនិត្យដើម្បីអនុម័ត។
សេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ទាំងបីនោះ នឹងផ្តល់ការគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការក្ដោបក្ដាប់ប្រព័ន្ធតុលាការកម្ពុជា។
មន្ត្រីរដ្ឋាភិបាលមិនទាន់មានប្រតិកម្មចំពោះសេចក្ដីថ្លែងការណ៍នេះនៅឡើយទេ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆលោក ប្រ៊ែដ អាដាម (Brad Adams) នៅក្នុងសេចក្ដីថ្លែងការណ៍នោះ រិះគន់ថា៖ «ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជា តែងសន្យាជាមួយពលរដ្ឋខ្មែរ និងម្ចាស់ជំនួយថា នឹងជំរុញដំណើរការបង្កើតប្រព័ន្ធយុត្តិធម៌ឯករាជ្យ ប៉ុន្តែមិនបានគោរពពាក្យសន្យាទេរហូតមកដល់ពេលនេះ»។
សេចក្ដីព្រាងច្បាប់ទាំងបី រួមមានសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ និងសេចក្ដីព្រាងស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា កំពុងស្ថិតក្រោមការពិនិត្យរបស់គណៈកម្មការនីតិកម្មនៃរដ្ឋសភា។
រដ្ឋសភាកម្ពុជាអាចនឹងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ទាំងបី នៅក្នុងខែឧសភា នេះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទាមទារឱ្យពន្យារពេលអនុម័តសេចក្ដីព្រាងច្បាប់ទាំងបីនេះ រហូតដល់មានការផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ និងមានចូលរួមផ្ដល់យោបល់ជាសាធារណៈជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងព័ត៌មានថ្កោលទោសការប្រើហិង្សាទៅលើអ្នកកាសែត
- គ្រួសារជនរងគ្រោះស្លាប់ដោយទាហានថៃបាញ់សុំឲ្យកម្ពុជាជួយរកយុត្តិធម៌
- មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានហៅការប្រើហិង្សាលើអ្នកកាសែតជាបញ្ហាកើតឡើងដោយចៃដន្យ
- អង្គការអ្នកកាសែតគ្មានព្រំដែនទាមទារឲ្យកម្ពុជាចាត់វិធានការការពារអ្នកសារព័ត៌មាន
- លោក ប៊្រែដ អាដាម៖ សេចក្ដីព្រាងច្បាប់ទាំងបីរបស់កម្ពុជាគឺផ្ទុយពីរដ្ឋធម្មនុញ្ញ
- អង្គការអន្តរជាតិ៖ កម្ពុជានិងអូស្ត្រាលីគួរលុបចោលគម្រោងបញ្ជូននិងទទួលជនភៀសខ្លួន
- អ្នកកាសែតជាតិនិងអន្តរជាតិរងរបួសដោយកម្លាំងសន្តិសុខវាយក្នុងយុទ្ធនាការបោះឆ្នោត
- មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាដកបម្រាមហាមជួបប្រជុំគ្នាជាបន្ទាន់
- តុលាការកំពូលនឹងប្រកាសសាលក្រមសំណុំរឿងមនុស្ស២១នាក់សុំនៅក្រៅឃុំថ្ងៃ៩ឧសភា