ដោយ៖ ពេជ្រ សុធារី
ថ្ងៃចន្ទ ទី5 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋសហគមន៍អតីតបឹងកក់ ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ គ្រោងធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹងប្រតិកម្មចំពោះ សម្តីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានចោទពួកគាត់ថាការទាមទារសំណងបន្ថែមនោះ ជាការញុះញង់ និងជ្រៀតចូលរឿងនយោបាយ។
អ្នកស្រី សយ កូឡាប តំណាងប្រជាពលរដ្ឋសហគមន៍អតីតបឹងកក់ បានប្រាប់វីអូឌីថា សន្និសីទសារព័ត៌មាននោះ នឹងធ្វើនៅថ្ងៃទី០៥ ខែឧសភានេះ វេលាម៉ោង ០៩ព្រឹក នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាការប្រតិកម្មតបទៅនឹងសម្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលចោទអតីតអ្នកបឹងកក់ថា ការទាមទារសំណងបន្ថែមនោះ ជាការញុះញង់ និងជ្រៀតចូលនយោបាយ។ អ្នកស្រីបន្តថា ក្នុងសន្និសីទនោះដែរ អតីតអ្នកបឹងកក់ ក៏នឹងបង្ហាញពីទុក្ខកង្វល់ និងស្ថានភាពរស់នៅរបស់ពួកគាត់ បន្ទាប់ពីការបណ្តេញចេញនេះផងដែរ ព្រមទាំងបង្ហាញទៅសហគមន៍អន្តរជាតិ ពីការរំលោភសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានរបស់រដ្ឋាភិបាលកម្ពុជា ទៅលើប្រជាពលរដ្ឋដែលរងការបណ្តេញចេញ បន្ទាប់ពីផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនស៊ូកាគូអ៊ីន។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុបារាំង RFI កាលពីថ្ងៃទី២៨ ខែមេសាថា “ចំណុចទាមទារសំណងបន្ថែមរបស់អតីតអ្នកបឹងកក់ ដែលចាកចេញ ហួសពីសមត្ថកិច្ចរបស់សាលារាជធានី ដោយមានការសង្ស័យថា ជាការញុះញង់ពីខាងណាមួយ ឬបញ្ហានេះ ត្រូវបានជ្រៀតចូលដោយនយោបាយ”៕
សរសេរមកកាន់ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com