ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ ទី6 ខែឧសភា ឆ្នាំ2014
http://vodhotnews.com
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តក្រចេះ ស្នើសុំដំណោះស្រាយពីនាយករដ្ឋមន្ត្រី
មើលរូបភាពបន្ថែម
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ បន្តប្រមូលផ្តុំនៅភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ រង់ចាំដំណោះស្រាយពីនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋ៣៧នាក់ តំណាងពលរដ្ឋរងគ្រោះ ៤០៥គ្រួសារ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃអង្គារនេះ បន្តប្រមូលផ្តុំនៅដើមពោធិ៍ ក្បែរវត្តបុទុមវត្តីរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃចន្ទ ពួកគេ បានដាក់ញ្ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូវៀតណាម។ មន្ត្រីខុទ្ទកាល័យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិពលរដ្ឋទាំងនេះ និងបានអះអាងថា នឹងបញ្ជូនទៅពិនិត្យនៅថ្នាក់លើបន្តទៀត។
ពលរដ្ឋម្នាក់ អ្នកស្រី ហេង គឹមហៀត អះអាងជាជនរងគ្រោះ ឲ្យដឹងថា នេះជាលើកទី២ហើយ ដែលពួកគេ បានដាក់ញត្តិ ស្វែងរកអន្តរាគមន៍នេះ ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ទំហំជាង ២០០០ហិកតា របស់ពលរដ្ឋជាង៤០០គ្រួសារ ក្នុងភូមិពាមប៉ោអូរ៣ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ អ្នកស្រី បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋរងគ្រោះភាគច្រើន រស់នៅក្នុងព្រៃ មិនមានជម្រកជាក់ស្តែងនោះទេ។ អ្នកស្រីបន្តថា«ប្រជាជនឯណោះ ក្រីក្រណាស់ ពិបាកណាស់ ខ្លះពោះធំ ខ្លះកូនខ្ចី ហើយគេ មិនឲ្យជ្រកលើផ្ទះ ដុតហើយ រុះហើយ យើងទៅបកជញ្ជាំងមកដាក់ក្រាល ក្នុងជម្រកឈើប្រក់តង់ វាទៅដុតទៀត ដុតខ្ទេចអស់ ខ្ញុំ និងអ្នកទាំងអស់គ្នាវេទនាណាស់សព្វថ្ងៃ»។
ពលរដ្ឋម្នាក់ទៀត លោក ភី ឆាយ ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមូលដ្ឋាន មេព្រៃ និងសន្តិសុខក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិនភឿក នោះ បានឆាយ និងដុតបំផ្លាញផ្ទះសម្បែង ដំណាំ របស់ប្រជាពលរដ្ឋនៅទីនោះអស់ជាង ២៦០ខ្នង។ លោក អំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ជួយដល់ពួកគេ បញ្ឈប់សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន និងផ្តល់ដំណោះស្រាយសមរម្យដល់ពួកគេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុកប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារិន មានប្រសាសន៍ថា ដីតំបន់នោះ ត្រូវបានរដ្ឋសម្បទានដល់ក្រុមហ៊ុនវៀតណាម ដើម្បីធ្វើការអភិរក្សសត្វព្រៃ។ យ៉ាងណាក៏ដោយ អ្នកស្រី យល់ថា អាជ្ញាធរ គួរមានសំណងសមរម្យសម្រាប់ពួកគេ ដោយសារភាគច្រើនពួកគេ បានតាំងលំនៅទីនេះ លើសពី៥ឆ្នាំមកហើយ។ អ្នកស្រីបញ្ជាក់ថា«សូមឲ្យអាជ្ញាធរ ពាក់ព័ន្ធ គួរតែទទួលយកការស្នើសុំរបស់ពួកគាត់ ហើយត្រូវតែដោះស្រាយជាចាំបាច់ ទោះបីថា បានកម្រិតណាក៏ដោយ ដើម្បីឲ្យពួកគាត់ បានអស់ចិត្ត នៅពេលដែលពួកគាត់មានសំណើសុំអញ្ចឹង ប៉ុន្តែ នៅពេលដែលអត់មានធ្វើឲ្យពួកគេមិនសុខចិត្ត នឹងបញ្ហានេះ ទើបពួកគេឡើងទៅលើ»។
VOD មិនអាចសុំការឆ្លើយតបពីភាគីក្រុមហ៊ុន ប៊ិនភឿក បាននៅឡើយទេ។
ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីនេះ ឲ្យដឹងថា ពលរដ្ឋ បានកាន់កាប់ដីនៅតំបន់នោះតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដែលមាន ៦០គ្រួសារ និងក្នុងឆ្នាំ២០០៩ មាន ១៨១គ្រួសារ ហើយក្រោយមកកើនដល់ ៤០៥គ្រួសារ នៅដើមឆ្នាំ២០១២។ ពួកគេ បានស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាច្រើន ក្នុងនោះមាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអភិបាលខេត្តជាដើម តែរហូតមកទល់ពេលនេះ មិនមានដំណោះស្រាយនោះទេ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ធ្លាប់លើកឡើងថា ប្រសិនបើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនអាចសុំដំណោះស្រាយពីអាជ្ញាធរនៅតាមខេត្ត ប្រជាពលរដ្ឋ អាចមកសុំអន្តរាគមន៍ពីមន្ត្រីរដ្ឋាភិបាលនៅរាជធានីភ្នំពេញ និងរូបលោកផ្ទាល់ជាដំណាក់កាលចុងក្រោយ៕
សរសេរមកកាន់លោកស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com