
តារាសម្តែងនាង សាន សុម៉ាលី។ សេត គឹមសឿន
Wed, 11 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ នៅពេលមានគម្លាតពីការសម្តែងអស់រយៈពេលជាយូរ ដែលផ្ទុយពីតារាជំនាន់ថ្មីៗ រកតែពេលចូលសម្រាកមិនបាននោះ តារាសម្តែងនិយមភាពសិចស៊ីបែបយ៉េៗ និងធ្លាប់សាងភាពលេចធ្លោកាលពី១០ឆ្នាំមុន ក្នុងតំណែងតួឯករឿង« កាកី» នាង សាន សុម៉ាលី ត្រូវបានគេដឹងថា កំពុងអន្ទះសាចង់បើករបររកស៊ីផ្ទាល់ខ្លួនឯងមួយ បន្ទាប់ពីនាងអះអាងប្រាប់មិត្តភក្តិ ថាមានលុយក្នុងដៃតែប៉ុន្មានម៉ឺនដុល្លារនោះ។
តារាសិល្បៈភាគច្រើន បើទោះជាត្រូវបានគេដឹងថា មានការងារមមាញឹកក្នុងអាជីពសិល្បៈយ៉ាងណាក៏ដោយ ពួកគេហាក់សម្តែងបង្ហាញកាយវិការសស្រាក់សស្រាំ ប្រវេប្រវា រកបើករបរផ្សេងខាងក្រៅ មានដូចជាបើកហាងកែសម្ផស្ស ហាងកាត់សក់ កាត់សម្លៀកបំពាក់ និងហាងផឹកស៊ី ក្លិបកម្សាន្តជាដើម។
ការសម្លឹងចង់រកចំណូលក្រៅពីការងារសិល្បៈសម្តែងនោះ ប្រភពច្បាស់ការមួយបានអះអាងថា ពេលនេះ តារាសម្តែងមានកំណើតពីទឹកដីពាយ័ព្យជាប់ព្រំដែនថៃ ខេត្តបន្ទាយមានជ័យ នាង សាន សុម៉ាលី កំពុងផ្តើមប្រឹក្សាយោបល់ជាមួយមិត្តភក្តិថា នាងចង់បើកហាងរកស៊ីផ្ទាល់ខ្លួនមួយនៅពេលឆាប់ៗខាងមុខនេះ។
ប្រភពនោះបានរៀបរាប់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖«ថ្មីៗ នេះ នាង កាកី បានទៅទទួលទានអាហារនៅហាងសាច់អាំងជប៉ុនមួយ មានឈ្មោះថា Uraetei នៅផ្លូវ៣៦០ ម្តុំបឹងកេងកង និងបានឃើញ តារាសម្តែង សាន សុម៉ាលី បណ្តើរបុរសប្លែកមុខម្នាក់ចូលទៅទទួលទានអាហារនៅហាងនោះដែរ»។ ប្រភពនោះបញ្ជាក់ថា៖«ពេលនោះ ពួកគេ និងតារាសម្តែង សាន សុម៉ាលី អង្គុយតុជាប់គ្នា នាងមិនស្គាល់ខ្ញុំទេ តែខ្ញុំស្គាល់គាត់ច្បាស់ណាស់ថា ជាតារាសម្តែងនិយមស្លៀកពាក់ សិចស៊ី បញ្ចេញសាច់ដើមទ្រូង នាង សាន សុម៉ាលី មួយរយភាគរយ ប៉ុន្តែបុរសនាងបណ្តើរនោះមិនស្គាល់ទេ។ ពួកគេពិភាក្សាគ្នាចង់បើកហាង»។
ប្រភពដែលមានជំនាញខាងថតរូបម្នាក់នេះ បដិសេធថា ខ្លួនមិនបានដឹងថា សាន សុម៉ាលី មានគម្រោងបើកហាងអ្វីឲ្យច្បាស់នោះទេ ព្រោះមិនបានព្យាយាមតាមស្តាប់។ ប៉ុន្តែប្រភពដដែលនេះ បានអះអាងថា៖«នៅថ្ងៃនោះ អ្វីដែលខ្ញុំស្តាប់ឮ គឺត្រង់ សាន សុម៉ាលី បានប្រាប់ទៅបុរសម្នាក់នោះថា ខ្ញុំចង់បើកហាងរកស៊ីមួយ ធ្វើម៉េចទៅបើពេលនេះខ្ញុំមានលុយតិចក្នុងដៃ មានត្រឹមតែ២ម៉ឺនដុល្លារនោះ។ តបជាមួយការស្នើសុំយោបល់នោះ បុរសប្លែកមុខនោះ បានប្រាប់មក សាន សុម៉ាលី ថា បើយើងលុយតិចចឹងកុំអាលទាន់គិតអី ធ្វើតារាឲ្យតែល្បីសិនទៅចាំគិតទៀត»។
តបនឹងព័ត៌មានដែលប្រភពអះអាងខាងលើនេះ តារាសម្តែងដែលធ្លាប់ទទួលភាពលេចធ្លោក្នុងឆាកសិល្បៈ ក្រោយទទួលបានតំណែងតួឯងរឿង កាកី កាលពីអំឡុងជិត១០ឆ្នាំមុន នាង សាន សុម៉ាលី បានទទួលស្គាល់ថា នាងពិតជាបាននាំមិត្តភក្តិម្នាក់ចូលទៅក្នុងហាងសាច់អាំងជប៉ុននិយាយរឿងនេះមែន។
ជាមួយការលាន់មាត់ថា សុម៉ាលី បាននិយាយថា៖«អីក៏ច្បាស់ម៉េះបង! ដឹងតាំងពីខ្ញុំពិភាក្សាគ្នារឿងចង់បើកហាងទៀតនោះ។ ខ្ញុំមានគម្រោងចង់បើកហាងរកស៊ីមួយមែន ហើយខ្ញុំក៏ធ្លាប់បាននាំមិត្តភក្តិចូលទៅហាងមួយនោះពិភាក្សា សួរយោបល់គាត់មែន តែពេលនេះគម្រោងនោះវានៅមិនទាន់ចេញជារូបរាងយ៉ាងណាទេ ព្រោះវាជាគម្រោងទេបង មិនដឹងថាពេលណា ទើបបានអនុវត្តនោះទេ បើពេលនេះមិនមានប្រាក់ផងហ្នឹង»។
លាយឡំជាមួយសំណើចកក្អឹកនោះ សាន សុម៉ាលី បានលើកឡើងទៀតថា៖ «ពេលនេះមិនមានលុយមែន បង អារឿងគិត អារឿងពិភាក្សាចង់បើកនេះ បើករបរនោះរកស៊ីនោះចង់ណាស់ហើយ ធ្វើម៉េចបើយើងមិនមានលុយ។ ពេលនេះការងារសិល្បៈក៏មិនមានចំណូលណាធំដុំដែរ ក្រៅពីថតកម្មវិធីឡើងទូរទស្សន៍តិចតួច»។
តារាសម្តែងរមែងខកចិត្តស្នេហ៍រូបនេះបញ្ជាក់ទៀតថា៖«មានលុយតិចតួច បើកបានតើ តែការបើកក៏ត្រូវការប្រាក់បន្ថែមទៀតដែរ ដើម្បីដោះស្រាយចំណាយ ឬក៏លុយវិលជុំនោះ តែខ្ញុំមិនទាន់មានលទ្ធភាពដល់ទេ»៕