ដោយ៖ ពេជ្រ សុធារី
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី អំពាវនាវដល់មន្ត្រីរាជការខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្នចំពោះជនទុច្ចរិតមួយចំនួន ដែលបាននិងកំពុងធ្វើការឆបោកតាមទូរស័ព្ទឲ្យបញ្ជូនប្រាក់តាមប្រព័ន្ធ Wing ដើម្បីជាថ្នូរនឹងការតម្លើងឋានរន្តស័ក្កិ ឬតម្លើងឋានៈ និងរត់ការកិច្ចការផ្សេងៗទៀត។
នៅក្នុងសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១១ ខែមិថុនានេះ បានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានជនទុច្ចរិត បាននិងកំពុងធ្វើការឆបោកតាមទូរស័ព្ទចំពោះមន្ត្រីរាជការខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធ ដោយភូតកុហកថា ខ្លួនធ្វើការនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីឲ្យជនរងគ្រោះបញ្ជូនប្រាក់ឲ្យខ្លួនតាមប្រព័ន្ធ Wing ជាថ្នូរនឹងការតម្លើងឋានរន្តស័ក្កិ ឬតម្លើងឋានៈ និងរត់ការកិច្ចការផ្សេងៗទៀត។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដដែលនោះបានអំពាវនាវដល់មន្ត្រីរាជការខេត្ត ក្រុង និងកងកម្លាំងប្រដាប់អាវុធ ប្រុងប្រយ័ត្នចំពោះករណីនេះ ហើយប្រសិនបើទទួលបានការហៅទូរស័ព្ទចូល ដោយអ្នកហៅនោះអះអាងថាជាមន្ត្រីខុទ្ទកាល័យ ហើយសុំឲ្យមានការផ្ទេរប្រាក់ដើម្បីកិច្ចការណាមួយនោះ សូមទូរស័ទ្ទទៅកាន់លេខ ០១២ ៦០១ ១១១ ដើម្បីជៀសវាងការឆបោកពីជនទាំងនោះ៕
សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com