ដោយ៖ ឡុង គីមម៉ារីតា
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រសួងការបរទេសកម្ពុជា អះអាងថា មិនមានប្រជាពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ នៅពេលចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ដូចពាក្យចចាមអារ៉ាមមួយចំនួននោះទេ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរមួយចំនួន បានទទួលដំណឹងពីបងប្អូនរបស់ខ្លួនដែលរស់នៅក្នុងប្រទេសថៃថា ទាហានថៃបានបាញ់សម្លាប់ពលរដ្ឋខែ្មរស្លាប់ចំនួន៣នាក់ ខណៈពួកគេព្យាយាមរត់គេចពីទាហានថៃ ដែលតាមចាប់បញ្ជូនពួកគាត់ឲ្យត្រឡប់មកកម្ពុជាវិញ។ សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋកម្ពុជា ដែលជាអ្នកចំណាកស្រុកទៅរកការងារក្នុងប្រទេសថៃនោះ មានការភ័យខ្លាច ហើយនាំគ្នាសម្ងំលាក់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិកម្ពុជា លោក កុយ គួង មានប្រសាសន៍នៅព្រឹកថ្ងៃពុធនេះថា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែមិថុនានេះ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរ ដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ មកកាន់កម្ពុជាវិញ មានជាង ៧៥០៧នាក់ហើយ។ លោកថា បើទោះជាមានការចាប់បញ្ជូនពលរដ្ឋខ្មែរមកកាន់កម្ពុជាវិញ ពីសំណាក់ទាហានថៃក៏ដោយ ក៏ពុំមានករណីទាហានថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ ដូចពាក្យចចាមអារ៉ាមឡើយ «ខ្ញុំគ្រាន់តែឮព័ត៌មានចចាមអារ៉ាមទេ អំពីបញ្ហាហ្នឹង ហើយខាងស្ថានទូតកម្ពុជានៅទីក្រុងបាងកក ក៏ដូចជាស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ លោកបានស្រាវជ្រាវយ៉ាងលំអិតរួចហើយ និងបញ្ជាក់ថាជាព័ត៌មានមិនពិតទេ អត់មានករណីហ្នឹងទេ»។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនានេះដែរ បានបញ្ជាក់បន្ថែមថា មូលហេតុដែលទាហានថៃ បញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញនេះ ដោយសារអាជ្ញាធរថៃ បានដាក់កំហិតឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជនថៃ បញ្ឈប់ការប្រើប្រាស់ ពលករខុសច្បាប់តទៅទៀត ទើបស្ថាប័នទាំងនោះ សម្រេចឲ្យពលករខុសច្បាប់ រួមទាំងពលករកម្ពុជា ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ សេចក្តីជូនដំណឹងបន្តលើកហេតុផលថា ករណីដែលអាជ្ញាធរថៃបច្ចុប្បន្នបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញនេះ មិនមែនជាលើកទីមួយទេ ព្រោះកន្លងមក មុនពេលរដ្ឋប្រហារយោធានៅប្រទេសថៃ អាជ្ញាធរថៃក៏ធ្លាប់បានបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញដែរ ដោយធ្វើជារៀងរាល់២ ឬ ៣ថ្ងៃម្ដង។
បើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលមិញនេះ លោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស បានជួបពិភាក្សាជាមួយឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អំពីស្ថានការបច្ចុប្បន្ននៅប្រទេសថៃ ដែលក្នុងជំនួបនោះ លោក អ៊ុង ស៊ាន បានស្នើឱ្យភាគីថៃអនុវត្ដនូវភាពមនុស្សធម៌ ក្នុងការបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ ដោយមិនត្រូវដាក់ឱ្យឈរប្រជ្រៀតគ្នាក្នុងរថយន្ដទ្រុងព័ទ្ធ ដោយសំណាញ់ដែកនោះទេ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា មានប្រសាសន៍ថា លោកធ្លាប់លឺពាក្យចចាមអារ៉ាមថាមានពលរដ្ឋខ្មែរ ត្រូវបានទាហានថៃបាញ់ សម្លាប់ នៅពេលដែលចាប់បញ្ជូនត្រឡប់មកវិញនេះដែរ ប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយ។ តែទោះជាយ៉ាងណា លោកស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការទប់ស្កាត់ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីនេះ «នោះគ្រាន់តែជាលេស ជាការដោះសារទេ តើរដ្ឋាភិបាលត្រូវម៉េច ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធ្វើ ឬមួយឲ្យពួកគាត់រស់អាស្រ័យផលដោយសារតែទៅធ្វើជាកម្មករគេ នៅប្រទេសជិតខាង ត្រូវបានគេវាយ គេធ្វើបាប គេចាប់មកវិញ ដឹកដូចជ្រូកដូចមាន់ ដូចទា យកមកចាក់ចោលអ៊ីចឹង ឬមួយក៏យ៉ាងម៉េច។ មិនមែនថាគាត់ទៅច្រករបៀង ថាចំនួនច្រើន បានត្រឡប់មកវិញ មកផ្លូវតែមួយហៅថាច្រើន ជារឿងថ្មីចំពោះយើង ឬជារឿងចាស់»។
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែររាប់ពាន់នាក់ ត្រូវបានទាហានថៃ ចាប់ដាក់ក្នុងរថយន្តទ្រុង ហើយដឹកជញ្ជូនមកចាក់ចោលនៅតាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ បន្ទាប់ពីប្រទេសថៃ ជួបចលនារឿងទម្លាក់នាយករដ្ឋមន្ត្រីពីតំណែង និងមានរដ្ឋប្រហារដោយយោធា៕
សូមសរសេរមកកាន់កញ្ញា ឡុង គីមម៉ារីតា តាមរយៈ longkimmarita@gmail.com