ដោយ៖ ជន ស្រីណុច
ថ្ងៃពុធ ទី11 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
សកម្មភាពបិទផ្លូវព្រះមុនីវង្សរបស់អ្នកមានជម្លោះដីធ្លីតំបន់បឹងកក់ (រូបថត៖ ជន ស្រីណុច)
អ្នកមានជម្លោះដីធ្លីនៅតំបន់បឹងកក់ ប្រមាណជាមួយរយនាក់ នៅព្រឹកថ្ងៃពុធនេះ បានបិទផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យស្ថាប័នមួយនេះដោះស្រាយ ហើយផ្ដល់សំណងបន្ថែម លើការបណ្ដេញចេញកាលពី៦ឆ្នាំមុន។
អតីតអ្នកបឹងកក់ ដែលបានចាកចេញពីលំនៅដ្ឋាន អ្នកបុរីកីឡា និងដោយមានការចូលរួមពីអ្នកបឹងកក់ដែលមិនបានចាកចេញផង បានបិទផ្លូវរយៈខ្លី បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
អតីតអ្នកបឹងកក់អ្នកស្រី ស៊ា ណារ៉េត រៀបរាប់ថា អស់រយៈពេលច្រើនឆ្នាំហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ បណ្តេញពួកគាត់ចេញដោយបង្ខំ ផ្តល់សំណងមិនសមរម្យ ធ្វើឲ្យពលរដ្ឋរដ្ឋរងទុក្ខវេទនា គ្មានលំនៅឋានត្រឹមត្រូវ បាត់បង់មុខរបរ ហើយគ្រួសារខ្លះទៀតត្រូវបែកបាក់គ្នា ព្រោះតែការអភិវឌ្ឍន៍មិនត្រឹមត្រូវរបស់រដ្ឋាភិបាល។
សកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា ដែលចូលរួមជួយតវ៉ាដែរនោះ មានប្រសាសន៍ថា សាលាក្រុងមិនដែលគិតជួយដោះស្រាយបញ្ហាជួនជនរងគ្រោះទេ ខណៈដែលខ្លួនបើកសិទ្ធិឲ្យក្រុមហ៊ុនចូលអភិវឌ្ឍន៍ បូមខ្សាច់ពន្លិចផ្ទះរបស់ប្រជាពលរដ្ឋ។ អ្នកស្រីរិះគន់ថា ប្រជាពលរដ្ឋរងទុក្ខវេទនាភាគច្រើន កើតឡើងដោយសារការអភិវឌ្ឍន៍មិនត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ប្រធានលេខាធិការដ្ឋានក្រុមការងារពិសេសនៃសិទ្ធិលំនៅដ្ឋានលោក សៀរ ភារម្យ មានប្រសាសន៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋគឺជាការត្រឹមត្រូវ និងបង្ហាញឲ្យឃើញថា ពួកគេបានយល់ពីសិទ្ធិដែលច្បាប់បានចែង ខណៈដែលខ្លួននៅតែបន្តរងនូវការរំលោភសិទ្ធិមនុស្ស ពីសំណាក់អ្នកមានអំណាច។
បន្ទាប់ពីពលរដ្ឋបិទផ្លូវរយៈពេលកន្លះម៉ោង មន្ត្រីសាលារាជធានីបានហៅតំណាងពួកគេ៧នាក់ចូលជួប។ មន្ត្រីសាលារាជធានីភ្នំពេញ លោក ហួរ ហុកលីន សន្យាថា នឹងដោះស្រាយឲ្យអតីតអ្នកបឹងកក់ ក្រោយពីដោះស្រាយឲ្យអ្នកបុរីកីឡារួចរាល់សិន។
អតីតអ្នកបឹងកក់ជាង៣ពាន់គ្រួសារត្រូវបានបណ្ដេញចេញឲ្យទៅនៅជាយក្រុង បន្ទាប់ពីពួកគេបង្ខំទទួលយកសំណងទឹកប្រាក់មួយគ្រួសារ ៨ពាន់ដុល្លារ និងលុយខ្មែរ២លានរៀល ដើម្បីប្រគល់ដីឲ្យក្រុមហ៊ុនស៊ូកាកូអ៊ីន អភិវឌ្ឍន៍រយៈពេល៩៩ឆ្នាំ តែគម្រោងនេះប៉ះពាល់ប្រជាពលរដ្ឋជាង៤ពាន់គ្រួសារ៕


សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com