​ជនជាតិភាគតិច​ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធរ​ឃុបខិត​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ទន្ទ្រាន​យក​ដី​បម្រុង​ទុក​​

ដោយ៖​ ណាត សុភាព​
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ស្ថិតនៅ​ភូមិ​ស្រែអំពិល ខេត្ត​មណ្ឌលគិរី ចោទ​អាជ្ញាធ​ររ​ខេត្ត និង​មូលដ្ឋាន​ឃុបខិត​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ សុវណ្ណ រាជ​សី ទន្ទ្រាន​យក​ដី​ចំការ​បម្រុង​ទុក​របស់​ជនជាតិដើម​ភាគតិច ដើម្បី​ដាំ​កៅស៊ូ នៅ​តំបន់​នោះ​។

​តំណាង​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ស្ថិតនៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​​សីមា ខេត្ត​មណ្ឌលគិរី លោក អឿន មៀ ឲ្យដឹង​នៅ​ថ្ងៃ​សៅរិ៍​នេះថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មូលដ្ឋាន​បើកដៃ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ចូល​មក​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ដោយ​គ្រោង​ដាំ​កៅស៊ូ លើ​ដី​ចំការបម្រុង​ទុក​របស់​ជនជាតិដើម​ភាគតិច​។ លោក​ថា បច្ចុប្បន្ន អាជ្ញាធរ និង​ក្រុមហ៊ុន ព្យាយាម​ប្រើ​វិធីសាស្ត្រ​ថ្មី​បំបែកបំបាក់​សាមគ្គី​របស់​ជនជាតិដើម​ភាគតិច​ទាំងនោះ តាមរយៈ​ទិញ​ទឹកចិត្ត​ពួកគេ​ចំនួន​៧៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ប្រាក់​ចំនួន​១​លាន​រៀល ជា​ថ្នូរ​និង​ការដោះដូរ​ដី​ចំនួន​២៥០​ហិកតា​។

​លោក អឿន មៀ ស្នើ​ឲ្យ​ជនជាតិដើម​ភាគតិច​ទាំងអស់​ត្រូវ​ចេះ​សាមគ្គី​គ្នា កុំ​ជឿ​លើ​ល្បិចកល​អាជ្ញាធរ និង​ក្រុមហ៊ុន បើ​ពុំ​ដូច្នេះ​ទេ ដីចំការ​បម្រុង​ទុក​របស់​ពួកគេ​នឹង​បាត់បង់​នៅពេល​ដ៏​ខ្លី​ខាងមុខ​ “ខ្ញុំសំណូមពរពួកគាត់ កុំឲ្យចាញ់ល្បិចក្រុមហ៊ុន និងអាជ្ញាធរកំពូលដូចជា ចៅហ្វាយស្រុក ចៅហ្វាយខេត្ត កុំឲ្យគាត់ជឿគេតាមរយៈលុយ បើសិនជាអញ្ចឹងមែនមានផលប៉ះពាល់ច្រើន ទីមួយព្រៃអនុផលទំនៀមទំលាប់ជនជាតិដើមភាគតិច ពីរទៀតគាត់ទៅដល់កូនចៅគាត់ធំ ជំនាន់ក្រោយទៅគាត់អត់មានកន្លែងទីពឹង ព្រោះ មនុស្សកាន់តែកើនដីកាន់តែអស់ ដ៏អញ្ចឹងមានផលប៉ះពាល់ខ្លាំង”

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ភាគី​ក្រុមហ៊ុន​វៀតណាម សុវណ្ណ រាជ​សី អភិបាលស្រុក​កែវ​សីមា អភិបាលរង អភិបាលខេត្ត​មណ្ឌលគិរី​លោក អាង ប៊ុន​ហ៊ាង បាន​ទេ​នៅ​ថ្ងៃ​សៅ​រិ៍នេះ ដោយ​លោក​អះអាងថា កំពុង​ជាប់រវល់​ប្រជុំ​។

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ស្ថិតក្នុង​ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ឲ្យដឹងថា ជនជាតិភាគតិច​រស់​នៅ​តំបន់​នោះ​មាន​ចំនួន​៧៦​គ្រួសារ ក្នុងនោះ​មាន​ជាង​៣០០​នាក់ និង​មាន​ផ្ទៃ​ដី​ចំការ​បម្រុង​ទុក​សរុប​៥០០​ហិកតា​ធ្វើ​ចំការ​វិលជុំ​។ កាលពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​សុវណ្ណ រាជ​សី​បាន​ឈូស​ឆាយ​ម្តង​រួចមកហើយ​លើ​ផ្ទៃដី​២៥០​ហិកតា និង​មាន​ការ​ដាក់​សមត្ថកិច្ច​រារាំង​ការតវ៉ា ក្រោយមក​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤​នេះ ក៏​មាន​ការ​ឈូសឆាយ បោះ​ព្រំដី​ដែល​នាំឲ្យ​មាន​ការតវ៉ា រហូតដល់​អ្នក​ខ្លះ​ព្រម​ផ្តិត​ស្នាម​មេដៃ​លក់ ខ្លះ​មិន​ព្រម​៕

សរសេរ​មកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles