​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​នៅ​ឃុំ​តា​ជេស​ខេត្ត​កំពុងឆ្នាំង​តវ៉ា​មុខ​ផ្ទះ​មេភូមិ​ករណី​ជម្លោះ​ដីធ្លី​​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃសៅរ៍ ទី14 មិថុនា 2014
http://vodhotnews.com

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ នៅ​ភូមិ​បឹងកក់​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ​បាន​ប្រមូលផ្តុំ​នៅ​មុខ​ផ្ទះ​ប្រធានភូមិ ដើម្បី​តវ៉ា​ដោយ​ពួកគេ​ចោទថា ប្រធានភូមិ រូប​នោះ​កាន់ជើង ក្រុមហ៊ុន​មិន​គាំទ្រ​ពួកគាត់​ដែល​កំពុង​បាត់បង់​ដីធ្លី​ដោយ​សារ​ក្រុមហ៊ុនរំលោភ​យក​។

​តំណាង​ប្រជា​ពលរ​ដ្ឋ​បឹងក​ក់លោក ហុង ដា​រ៉ូ​ថ្លែងថា រូប​លោកនិង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត មិន​ពេញចិត្ត​ចំពោះ​ប្រធាន​ភូមិ​លោក ង៉ែត វណ្ណា ដែល​ថ្លែងប្រាប់​ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ីថា ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​មិន​មាន​ដីធ្លី​មាន​ជម្លោះ​ទេ តែ​បែរជា​ចេញមុខ​តវ៉ា​ជាមួយ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង​។ លោក ដា​រ៉ូ បញ្ជាក់ថា ពេល​នេះ​អ្នកភូមិ​បឹងកក់​២៩ គ្រួសារ កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី តែ​ប្រធាន​ភូមិ​បែរ​ជា​គាំទ្រ​ក្រុមហ៊ុន​បោះបង់​ប្រជាពលរដ្ឋ​ទៅវិញ​។

​ករណី​នេះ​ប្រធាន​ភូមិ​បឹងកក់​លោក​ង៉ែត វណ្ណា លើកឡើងថា លោក​មិន​និយាយ ដូច​ការចោទប្រកាន់រ​បស់​ប្រជាពលរដ្ឋ​នោះទេ​។ លោក​បញ្ជាក់ថា បទសំភាសន៍​ជាមួយ ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី​កាលពី​ថ្ងៃ​ទី​១០​ខែ​មិថុនា​កន្លង​ទៅ​នោះ​គឺ​លោក​លើក​ឡើង​តែ​ពី​បញ្ហា​ការងារ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​តែប៉ុណ្ណោះ​។

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងកក់ និង ភូមិ​ឡ​ពាង ក្នុង​ឃុំ​តា​ជេស ស្រុក​កំពុងត្រឡាច ៤៩​គ្រួសារ កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ​ខេឌីស៊ី លើ​ទំហំ​ដី​ជិត​៩០​ហិកតា អូសបន្លាយ​តាំងពី​ឆ្នាំ​២០០៧​មក​នៅ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​។

សរសេរ​មកកាន់​លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles