​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​នៅ​ឃុំ​តា​ជេស​ខេត្ត​កំពង់ឆ្នាំង ចេញ​តវ៉ា​នៅ​តំបន់​មាន​ជម្លោះ​ដីធ្លី​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី15 មិថុនា 2014
http://vodhotnews.com

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ នៅ​ភូមិ​បឹងកក់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ប្រមូលផ្តុំ​នៅ​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​ដី​ទំហំ​ជិត​១៩០​ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។​

​តំណាង​ប្រជាពលរដ្ឋ អ្នកស្រី អ៊ំ សូ​ភី ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគាត់​ប្រមាណ​៥០​នាក់ ចេញ​ទៅ​តវ៉ា​នៅ​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ និង​ថត​យក​រូបភាព​ទុក​ជា​ភស្តុតាង ព្រោះ​កាលពី​ថ្ងៃ​សោរិ៍​ម្សិលមិញ​ក្រុមហ៊ុន​ជួលក​ម្មករ​កាប់បំផ្លាញ​ដំណាំ ពួក​គាត់​ដូច​ជា ស្វាយចន្ទីរ ត្របែក​ជាដើម ដើម្បី​ធ្វើ​របង​ព័ទ្ធជុំវិញ​ដី​ដែល​មាន​ជម្លោះ​នោះ​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ភាគី​ក្រុមហ៊ុន ខេ​ឌី​ស៊ី បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​

​យ៉ាងណាក៏ដោយ អ្នកស្រី អ៊ំ សូ​ភី អះអាងថា បើសិនជា​ក្រុមហ៊ុន​មិន​ព្រម​កាត់​ដី​ដែល​មាន​ជម្លោះ​ទំហំ​ជិត​១៩០​ហិកតា​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ទេ ពួកគាត់​និង​បន្ត​ធ្វើ​បាតុកម្មអហិង្សារ​ហូត​មាន​ដំណោះស្រាយ​។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងកក់ និង​ភូមិ​ឡ​ពាង ក្នុង​ឃុំ​តា​ជេស ស្រុកកំពង់ត្រឡាច ៨៤​គ្រួសារ កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី លើ​ទំហំ​ដី​ជិត​១៩០​ហិកតា ដោយ​អូស​បន្លាយ​តាំងពី​ឆ្នាំ​២០០៧​មក ហើយ​មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ​៕

សរសេរ​មកកាន់​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles