ដោយ យាង សុជាមេត្តា
2014-06-15
RFA

ក្មេងៗចង្អុលទៅសាឡង់បូមខ្សាច់នាស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។ RFA/Den Ayuthyea
ប្រជាពលរដ្ឋនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នាំគ្នាជិះទូកនៅរសៀលថ្ងៃទី១៥ ខែមិថុនា ទៅរារាំងការបូមខ្សាច់របស់កប៉ាល់ក្រុមហ៊ុននៅក្នុងទន្លេ។
ប្រជាពលរដ្ឋព្រួយបារម្ភពីការបូមខ្សាច់របស់កប៉ាល់ក្រុមហ៊ុន ថាអាចធ្វើឲ្យផ្ទះរបស់ពួកគាត់រលំធ្លាក់ចូលទន្លេ។ ការដែលប្រជាពលរដ្ឋឈានដល់ចុះធ្វើអន្តរាគមន៍ដោយខ្លួនឯងបែបនេះ ដោយសារពួកគាត់អស់សង្ឃឹមនឹងអាជ្ញាធរមូលដ្ឋាន ដែលមិនចាត់វិធានការរារាំងការបូមខ្សាច់ បើទោះជាប្រជាពលរដ្ឋបានតវ៉ាអស់រយៈពេលជាយូរមកហើយក្តី។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ រួមដំណើរដោយតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ម្នាក់ផងនោះ នាំគ្នាចុះទូកកៀងឲ្យសាឡង់របស់ក្រុមហ៊ុនបូមខ្សាច់ ឈ្មោះ ហេរ៉ូ ឃីង (Hero King) ឲ្យបើកចូលច្រាំង ដើម្បីធ្វើការចរចា និងទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់តទៅទៀត។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ផៃ សុកែវ ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមិថុនា ថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ ក្នុងភូមិតាបែន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការបូមខ្សាច់របស់ក្រុមហ៊ុនដែលធ្វើឡើងទាំងយប់ទាំងថ្ងៃ។
អ្នកស្រី សុកែវ បន្តថា បើទោះជាមានការតវ៉ារបស់ពលរដ្ឋជាច្រើនឆ្នាំមកហើយក្តី ក៏ឃើញថា ក្រុមហ៊ុននៅតែបន្តបូមខ្សាច់ ចំណែកអាជ្ញាធរវិញ ក៏មិនមានធ្វើអន្តរាគមន៍អ្វីនោះដែរ៖ «ប្រជាពលរដ្ឋតវ៉ារហូតហ្នឹង ប៉ុន្តែគេអត់ដោះស្រាយ គេអត់មាននិយាយថាម៉េចផង ចង់យើងតវ៉ា យើងនិយាយថាម៉េច យើងទៅប្ដឹងគេថាម៉េច ក៏គេអត់មានមាត់ថាម៉េច។ កាលពីមុនមកហ្នឹង ដែលទៅផ្ទះប្រធានភូមិ យើងទៅប្ដឹងគេពីរឿងគេបូមខ្សាច់បូមអី គេអត់មានដោះស្រាយអីឲ្យយើងទេ ប៉ុន្តែគេបោះពាក្យមកវិញ គេថា មិនមែនទៅទាន់បូមខ្សាច់បាក់ដីឯណា ចាំបាក់ដីដំបូកគាត់ម៉ាដុំហ្នឹងសិន ចាំរកខុសត្រូវក្រោយ»។
អ្នកស្រី ផៃ សុកែវ បន្តថា ប្រជាពលរដ្ឋហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការព្រងើយកន្តើយមិនអើពើពីការព្រួយបារម្ភរបស់ពលរដ្ឋពីសំណាក់អាជ្ញាធរដែនដី តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែបន្តទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជួយដោះស្រាយបញ្ហានេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចស្វែងរកការឆ្លើយតបរបស់អភិបាលស្រុកមុខកំពូលបាននៅឡើយនៅថ្ងៃទី១៥ មិថុនា ចំណែកអភិបាលរងស្រុកមុខកំពូល លោក ឆាយ សុខណា វិញ ថ្លែងថា លោកមិនដឹងរឿងអ្វីនោះទេ ហើយថា លោកជាប់រវល់ រួចក៏ទម្លាក់ទូរស័ព្ទចុះតែម្ដង។
រីឯតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានចុះទូកជាមួយពលរដ្ឋក្នុងពេលតវ៉ានោះ ឲ្យដឹងថា បន្ទាប់ពីសាឡង់របស់ក្រុមហ៊ុនត្រូវបានពលរដ្ឋកៀងមកច្រាំងរួចហើយ លោកបានពិភាក្សាជាមួយនឹងតំណាងរបស់ក្រុមហ៊ុន ពេលនោះលោកបានស្នើឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់ជាបន្តទៀត ប៉ុន្តែលោកថា ខាងភាគីក្រុមហ៊ុនអះអាងថា ពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយថា ខាងអាជ្ញាធរមូលដ្ឋានវិញ ក៏មិនមានការហាមឃាត់ពួកគេដែរ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «ខ្ញុំយល់ថា ទោះបីមានអាជ្ញាប័ណ្ណក៏ដោយ បើសិនគាត់បានផលប្រយោជន៍ពីការបូមខ្សាច់ ប៉ុន្តែវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះខ្ញុំបានជូនយោបល់គាត់ ឲ្យគាត់ទាក់ទងទៅអ្នកដែលចេញអាជ្ញាប័ណ្ណជូនគាត់ ទៅក្រសួងពាក់ព័ន្ធហ្នឹងថា ការបូមខ្សាច់របស់គាត់វាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍ប្រជាពលរដ្ឋ អាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដូច្នេះសុំឲ្យដកអាជ្ញាប័ណ្ណហ្នឹង ឬក៏ផ្ទេរអាជ្ញាប័ណ្ណទៅកន្លែងដទៃទៅ»។
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋប្ដេជ្ញាថា ប្រសិនបើក្រុមហ៊ុននៅតែបន្តការបូមខ្សាច់ទៀត ពួកគាត់នឹងនាំគ្នាទៅរារាំងមិនឲ្យបូមឡើយ។ លើសពីនេះ ពួកគាត់នឹងប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់ទៅដល់ស្ថាប័នពាក់ព័ន្ធនានា រហូតទាល់តែបញ្ហារបស់ពួកគាត់ត្រូវបានដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសត្វព្រៃបើកសិក្ខាសាលាអំពីការអភិវឌ្ឍបៃតងនៅកម្ពុជា
- បញ្ហាចម្រូងចម្រាសក្នុងការផ្ដល់សំណងផលប៉ះពាល់ពីគម្រោងសង់ទំនប់វារីអគ្គិសនី
- អាជ្ញាធរស្រុកនៅព្រះវិហាររារាំងក្រុមសហគមន៍ការពារព្រៃឈើជួបប្រជុំសម្ដែងមតិ
- បណ្ដាញសហគមន៍ការពារព្រៃឡង់រកឃើញគំនរឈើប្រណិតរាប់រយម៉ែត្រគូបនៅកំពង់ធំ
- ពលរដ្ឋនៅតាកែវត្អូញពីក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង
- អ្នកភូមិនៅខេត្តសៀមរាបខកចិត្តនឹងអាជ្ញាធរចំពោះបញ្ហាក្លិនស្អុយសំរាម
- សង្គមស៊ីវិលហែក្បួនជំរុញឲ្យរដ្ឋាភិបាលការពារបរិស្ថាន
- សិប្បកម្មស្លអាគុយចាស់ៗមួយកន្លែងនៅក្រចេះបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ
- អាជ្ញាធរឃុំចោទក្រុមហ៊ុនសម្អាតផ្ទៃអាងស្តុកទឹកនៅស្ទឹងត្រែងថាកាប់ឈើក្រៅបរិវេណ