
Mon, 16 June 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈឪពុកស្ថិតនៅលើគ្រែពេទ្យព្រះកេតុមាលានោះ នាង ពេជ្រ សោភា ដែលជាកូនស្រីសំណព្វចិត្ត ក្នុងចំណោមបងប្អូន៥នាក់ ដែលតែងសម្តែងក្តីកង្វល់ពីអាការជំងឺអ្នកមានគុណនោះ ត្រូវគេដឹងថា នាងបានប្រកូកប្រកាសហៅបងប្អូន ពិសេសអ្នកអាមេរិកមកជួបជុំគ្នា ដើម្បីជួយមើលថែលើកទឹកចិត្តឪពុក ទាន់ភ្នែកនៅមើលឃើញត្រចៀកនៅស្តាប់ឮ។
ខណៈគេដឹងថា ពេលនេះ លោក ស៊ូ សារ៉ាន ដែលជាឪពុកតារាចម្រៀង ពេជ្រ សោភា ដែលមានវ័យ៧៥ឆ្នាំនោះ ក៏នៅតែមានបញ្ហាសុខភាព ហើយក៏កំពុងស្ថិតក្នុងការសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលាផងនោះ ក៏ល្បីថា តារាចម្រៀងដែលធ្វើឲ្យមហាជនរំជួលចិត្តពីសារកតញ្ញូនឹងអ្នកមានគុណ នាង ពេជ្រ សោភា បានប្រកាសហៅបងប្អូនឲ្យមកជួបជុំគ្នា ដើម្បីមកមើលថែឪពុកឲ្យបានដិតដល់នៅដំណាក់កាលមនុស្សចាស់។
ឆ្លើយតបនឹងព័ត៌មានលេចឮដ៏រំជួលចិត្តចុងក្រោយនេះ កាលពីថ្ងៃសុក្រទី១៣ ខែមិថុនា ភ្នំពេញប៉ុស្តិ៍ ពុំបានទទួលការបកស្រាយពី ពេជ្រ សោភា ឡើយ ខណៈបងស្រីនាងជាអ្នកទទួលទូរស័ព្ទ។
ប៉ុន្តែមនុស្សស្រីដែលអះអាងថា ជាបងស្រីបង្កើត ពេជ្រ សោភា នោះ បានប្រាប់ថា ការមកពីអាមេរិកនេះ គឺដើម្បីមើលថែឪពុក មិនមែនឪពុកឈឺធ្ងន់ដល់ដំណាក់ចុងក្រោយនោះទេ។ ក្រៅពីសារភាពថា ខ្លួនទើបតែចុះពីយន្តហោះមកលើកឪពុកនោះ បងស្រី ពេជ្រ សោភា បានប្រាប់ថា៖«ដំណើរចុះមកស្រុកខ្មែររបស់ខ្ញុំនេះ មកដើម្បីមើលឪពុក ព្រោះថា តាំងពីគាត់ធ្លាក់ខ្លួនឈឺនោះ បានត្រឹមតែសួរនាំតាមសំឡេង និងមើលឃើញភាពសង្វេគរបស់ឪពុកតាមវីដេអូឃ្លីប។ តែពេលនេះបានចុះមកមើលគាត់ផ្ទាល់»។
ជាមួយការរៀបរាប់ថា ឪពុក មានជំងឺច្រើនមុខ ក្រពះ ពោះវៀន សួត ថ្លើម និងរលាកខួរក្បាលផងនោះ ស្រី្តបងស្រី សោភា បញ្ជាក់ថា៖«ពេលនេះ អាការជំងឺឪពុកខ្ញុំមិនទាន់ដល់ថ្នាក់ប្រកូកប្រកាសឲ្យកូនៗមកជុំគ្នាដូចគេថា ទេ តែកូនៗក៏ចាំបាច់ត្រូវតែមកដែរ ព្រោះថា ឪពុកឈឺអ្នកណាមិនមក។ ខ្ញុំមកនេះដោយអារម្មណ៍សង្វេគ ពេលដឹងថា ឪពុកឈឺ ខ្ញុំអន្ទះសាណាស់បន់ឲ្យតែបានមកឆាប់ៗ»។
បងស្រី ពេជ្រ សោភា បន្តថា៖«ពេលនេះឪពុកខ្ញុំសម្រាកព្យាបាលនៅមន្ទីពេទ្យ ព្រះកេតុមាលា នៅឡើយទេ មិនបាននាំទៅណាទេ តែគ្រូពេទ្យប្រាប់ថា បើអាការវាចេះតែប្រសើរនោះ អាចថា មិនយូរទេ អាចនាំគាត់ចេញមកផ្ទះបាន»។
តែយ៉ាងណាស្ត្រីរូបនេះបែរជាបញ្ជាក់ថា៖ «មិនទាន់ទៀងដែរ ព្រោះថា ឪពុកខ្ញុំមានជំងឺច្រើនមុខណាស់ ខាងក្នុងរបស់គាត់មានបញ្ហាទាំងអស់ ហើយខួរក្បាលនោះក៏រលាកធ្ងន់ធ្ងរទៀត វាអាចប្រែប្រួលតែរហូតហ្នឹង»។ អ្នកស្រី បានបង្ហើរចម្លើយបែបអស់សង្ឃឹមថា៖ «ខ្ញុំមកនេះមិនកំណត់ទៅអាមេរិកវិញទេ នៅចាំមើលគាត់ ព្រោះថា អាការជំងឺមនុស្សចាស់មិនជាទៀងទាត់ទេ ពេលនេះវ័យឪពុកខ្ញុំ៧០ឆ្នាំជាងហើយ ទទួលទានក៏មិនបានជំងឺក៏ធ្វើទុក្ខខ្លាំងទៀត មិនដឹងជាយ៉ាងម៉េចទេ»៕