ឡាន​យោធា​ទៅ​ដឹក​ពលករ​បុក​ជាមួយ ឡាន​ដឹក​សណ្តែក​ស្លាប់​ម្នាក់​របួស​ពីរ​នាក់

រថយន្ត​យោធា​ដែល​ទៅ​ដឹក​ពលករ​មក​ពី​ថៃ​ជួប​គ្រោះ​​​ថ្នាក់។ រូប សហ​ការី




ភ្នំពេញប៉ុស្តិ៍

កំពង់ឆ្នាំងៈ រថយន្ត​យោធា​បើក​ទៅ​ដឹក​ពលករ​មក​ពី​ថៃ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​សណ្តែក​បណ្តាល​ឲ្យ​កៀប​អ្នក​បើកបរ​ម្នាក់​ស្លាប់​និង​របួស​ធ្ងន់​ព្រូ​ម្នាក់ ហើយ​និង​អ្នក​បើក​បរ​រថយន្ត​យោធា​ម្នាក់​នៅ​វេលា​ទៀប​ភ្លឺ ថ្ងៃ​សុក្រ សប្តាហ៍​មុន​នៅ​ក្នុង ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

លោក មាស សុភិន អធិការ​រង ស្រុក​កំពង់​ត្រឡាច ឲ្យ​ដឹង​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​អ្នក​បើក​រថយន្ត​ស៊ីវិល​ស្លាប់​ឈ្មោះ ថន សីហា អាយុ ២១​ឆ្នាំ រស់​នៅ សង្កាត់​ផ្សារ​ឆ្នាំង ក្រុង-ខេត្ត​កំពង់ឆ្នាំង និង​ព្រូ​ឡាន​ម្នាក់ ទៀត​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រុក​កំពង់​ត្រឡាច។ ឯ​អ្នក​បើក​រថយន្ត​យោធា​ឈ្មោះ ស៊ុំ រ៉ាត់ អាយុ ៤៥​ឆ្នាំ រស់​នៅ ភូមិ-សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ របួស​ឆែប​ថ្ងាស​ផុង​លលាដ៍​ក្បាល ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ។

វេជ្ជបណ្ឌិត តែ វណ្ណា នៃ​មន្ទីរពេទ្យ​បង្អែក ស្រុក​កំពង់​ត្រឡាច បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​បើក​រថយន្ត​យោធា​ត្រូវ​របួស​ថ្ងាស​ធ្ងន់​ហើយ​ត្រូវ​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ ព្រះ​កេតុមាលា ទីក្រុង​ភ្នំពេញ នៅ​ទៀប​ភ្លឺ​ថ្ងៃ​ដដែល។

តាម​សាក្សី​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​យោធា​ពាក់​ស្លាក​លេខ ខ.ម 083 បើក​តាម​ផ្លូវ​ជាតិ​លេខ ៥ ពី​ត្បូង​ទៅ​ជើង​ក្នុង​ទិសដៅ​ទៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ចំណែក​រថយន្ត​កូរ៉េ​ចំណុះ ២ តោន​កន្លះ មាន​ផ្ទុក​សណ្តែក​ពេញ​ពាក់​ស្លាក​លេខ កំពង់ចាម 3A-0727 ដែល​បើក​បញ្ច្រាស​ទិស​គ្នា​បាន​បុក​គ្នា​ពេញ​ទំហឹង ត្រង់​គីឡូម៉ែត្រ​លេខ ៦៤-៦៥ ក្នុង ភូមិធ្លក​យោល ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច។

លោក​បន្ត​ទៀត​ថា លោក​មិន​ដឹង​ថា រថយន្ត​យោធា​នៅ​អង្គភាព​ណា​ទេ ព្រោះ​រវល់​គិត​តែ​ជន​រងគ្រោះ​គ្រាន់​តែ​ដឹង​ថា រថយន្ត​នោះ​ធ្វើ​ដំណើរ​ទៅ ប៉ោយប៉ែត ដឹក​ពលករ​មក​ពី ប្រទេស​ថៃ។ លោក​ថា រថយន្ត​ទាំង ២ គ្រឿង​ត្រូវ​សមត្ថកិច្ច​អូស​យក​មក​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក ខេត្ត​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ​តាម​ច្បាប់៕


What Next?

Recent Articles