ដោយ៖ ណាត សុភាព
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
ដើមបណ្តឹងដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅរសៀលថ្ងៃចន្ទនេះ ចូលបកស្រាយតាមការសាកសួរទាក់ទងនឹងករណីប្តឹងអភិបាលរាជធានី និងមន្ត្រីខណ្ឌដូនពេញរឿងវាយអ្នកយកព័ត៌មាន VOD។
ក្រោយពីការសាកសួរអស់រយៈពេលជាង២ម៉ោង លោក ប៉ា ងួនទៀង មានប្រសាសន៍ថា តុលាការបានសាកសួរពីដំណើររឿងនៃការវាយអ្នកសារព័ត៌មានVOD និងពីអង្គហេតុនៃការដាក់ពាក្យប្តឹង។ លោកបន្ថែមថាព្រះរាជអាជ្ញា បានលើកឡើងថា តុលាការនឹងអនុវត្តតាមនីតិវិធី តែលោកបារម្ភខ្លាចថាតុលាការមិនឯករាជ្យ។
លោក ប៉ា ងួនទៀងកាលពីថ្ងៃទី២៨ខែឧសភា CCIM បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាល និងអភិបាលរងខណ្ឌដូនពេញពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមកលើអ្នកយកព័ត៌មានVOD។
តាមពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ក្រៅតែពីស្នើឲ្យព្រះរាជ្យអាជ្ញា បើកការស៊ើបអង្កេតលើបទឧក្រិដ្ឋពាក់ព័ន្ធនឹងអាជ្ញាធរនេះ ក៏ប្តឹងទាមទាសំណងថ្លៃព្យាបាល និងសំណងជំងឺចិត្តដល់ជនរងគ្រោះសរុប១២០.០០០.០០០រៀល ប្រមាណជា៣ម៉ឺនដុល្លារ ខណៈលោក សាមាន ព្យាបាលជំងឺនៅប្រទេសថៃអស់ប្រាក់ប្រមាណ១ម៉ឺន៥ពាន់ដុល្លាររួចហើយ។
ដីកាកោះរបស់តុលាការចុះហត្ថលេខាដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ខែមិថុនា ឲ្យដឹងថា តុលាការអញ្ជើញលោក ប៉ា ងួនទៀង ជាដើមបណ្តឹងរដ្ឋប្បវេណីឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង២និង៣០នាទី ដើម្បីសាកសួរពីដំណើររឿងបណ្តឹងរបស់ខ្លួន។
លោក ឡាយ សាមាន កាលពីថ្ងៃទី០២ ខែឧសភា បានរងការវាយដំពីសំណាក់កងសន្តិសុខខណ្ឌដូនពេញប្រមាណជា៦ទៅ១០នាក់ រហូតផុងឆ្អឹងថ្ពាល់ ខណៈអ្នកយកព័ត៌មានVODរូបនេះ ទៅយកព័ត៌មានស្តីពីយុទ្ធនាការឃោសនាការបោះឆ្នោត នៅជិតទីលានប្រជាធិបតេយ្យ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com