ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ក្រុមអ្នកធ្វើការតាមផ្ទះ លើកបដាសុំអន្តរាគមន៍ពីក្រសួងការងារ ដើម្បីលើកកម្ពស់សិទ្ធិកម្មករ (រូបថតពី៖ Young Peace Messenger)
បណ្តាញកម្មករធ្វើការតាមផ្ទះនៅកម្ពុជា ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្តុំគ្នាដាក់ញត្តិ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការច្បាប់ និងរដ្ឋបាល ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់កម្មករធ្វើការតាមផ្ទះ។
ប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះ នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កញ្ញា វុន សម្ផស្ស ប្រាប់VOD ឲ្យដឹងថា ការប្រមូលផ្តុំគ្នាដាក់លិខិត ដែលមានការស្នើសុំចំនួន៩ ចំណុច ចំថ្ងៃនេះទិវាពលករធ្វើការតាមផ្ទះអន្តរជាតិ ថ្ងៃទី១៦ ខែមិថុនានេះ គឺជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សច្ចាប័ន និងដាក់ឲ្យអនុវត្តអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការងារសមរម្យ សម្រាប់កម្មករធ្វើការតាមផ្ទះ ដើម្បីធានាការពារ និងលើកកម្ពស់សិទ្ធិសេរីភាពដល់កម្មករធ្វើការតាមផ្ទះនៅកម្ពុជា។
ក្នុងលិខិតស្នើអន្តរាគមន៍ផ្ញើទៅកាន់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា ភាគច្រើននៃកម្មករធ្វើការតាមផ្ទះនៅកម្ពុជា គឺជាស្ត្រី ដែលមានវ័យក្មេងៗ និងខ្លះមិនទាន់គ្រប់អាយុ ដែលបានធ្វើចំណាកស្រុកពីតំបន់ជនបទដាច់ស្រយាល ហើយពួកគេត្រូវបានដាក់នៅក្រៅលក្ខខណ្ឌការពារដោយច្បាប់។ ញត្តិនោះបន្តថា ការមិនដាក់បញ្ចូលអ្នកធ្វើការតាមផ្ទះស្ថិតនៅក្រោមច្បាប់នេះ បានបណ្តាលឲ្យកម្មករធ្វើការតាមផ្ទះជាច្រើនម៉ឺននាក់ បានធ្លាក់ចូលក្នុងស្ថានភាពកេងប្រវ័ញ្ច និងការរំលោភបំពាននៅកម្ពុជា និងក្រៅប្រទេស។
យ៉ាងណាក៏ដោយ តាមការអះអាងរបស់ កញ្ញា វុន សម្ផស្ស នៅម៉ោងជិត១០ព្រឹកនេះ លោក គ្រួច សុផារី អគ្គលេខារងទីពីរនៃអង្គភាពប្រឆាំងបាតុកម្ម កូតកម្ម បានចេញមកទទួលញត្តិ ដោយសន្យារង់ចាំចំណាត់ការពីរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុម័តអនុសញ្ញា ILO ១៨៩ នេះ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com