​អង្គការ​សេ​ដាក ណែនាំ​កសិករ​ចំនួន៧​ចំណុច ដើម្បី​ធ្វើ​ស្រូវ​បាន​ល្អ​នៅ​រដូវវស្សា​នេះ​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃចន្ទ ទី16 មិថុនា 2014
http://vodhotnews.com

មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្តល់​នូវ​គំនិត​សំខាន់ៗ​ចំនួន៧​ចំណុច​ សម្រាប់​ប្រជាកសិករ​ដើម្បី​ធ្វើ​ស្រូវ​បាន​ល្អ ខណៈ​តំបន់​ជាច្រើន​ពុំ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នា​ដើម​រដូវវស្សា​នេះ​។​

​នៅក្នុង​អត្ថបទ​ផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា អង្គការ​សេ​ដាក ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា​នេះ លើកឡើងថា បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក នៅ​រដូវវស្សា​ឆ្នាំ​២០១៤​នេះ នៅ​តំបន់​ជាច្រើន​ពុំ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នៅឡើយ​នៅ​ដើម​រដូវវស្សា​នេះ តែ​នឹង​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​វិញ​នៅ​ចុងរដូវ​។

​អត្ថបទ​ផ្សព្វផ្សាយ​បន្តថា ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​កសិករ​ឲ្យ​ត្រៀម​ខ្លួន​បានល្អ​ក្នុងការ​ធ្វើ​ស្រូវ​នៅ​រដូវវស្សា ជាពិសេស​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​មិន​មាន​ទឹក​គ្រប់គ្រាន់​នៅ​ដើមរដូវ​នោះ ប្រជាកសិករ​គួរ​អនុវត្ត​នូវ​គំនិត​សំខាន់ៗ​ចំនួន៧​ចំណុច ក្នុងនោះ​រួមមាន​៖

១. កសិករ​ជាទូទៅ​គួរ​កុំ​អាល​សាប​ស្រូវ (​ដោយ​រង់ចាំ​សាប​នៅ​ពាក់កណ្តាល​រដូវ​) លើកលែងតែ​អ្នក​ដែល​មាន​ប្រភពទឹក​គ្រប់គ្រាន់​សម្រាប់​ថែទាំ​សំណាប​។ ក្នុងករណី​សាប គួរ​សាប​ឱ្យ​ស្តើង  និង​ប្រើ​ជីកំប៉ុស្ត៍ ជា​ពិ​សេ​អង្កាម​ពុកៗ​ឱ្យបាន​ច្រើន ដើម្បី​ការពារ​ពី​ការ​ងាយ​រងគ្រោះ​ដោយ​ភាពរាំងស្ងួត​និង​ងាយស្រួល​ក្នុងការ​ដកសំណាប​។

២. កសិករ​គួរ​ជីក​ស្រះ​នៅ​តាម​ស្រែ ដែល​អាច​ចាប់ផ្តើម​ដំបូង​ពី​ស្រះ​តូច (​ឧទាហរណ៍​ទំហំ​ប្រវែង ៥​ម៉ែត្រ​គុណ​នឹង ១០ ម៉ែត្រ​) ហើយ​អាច​ពង្រីក​បន្តិច​ម្តងៗ​ទៅតាម​លទ្ធភាព​ទុន​។ ស្រះ​ទឹក​នៅ​ក្នុង​ស្រែ អាច​ជួយ​ដល់​កសិករ​ក្នុងការ​ស្តុក​ទឹក (​នៅពេល​រាំងស្ងួត​) ជួយ​រំដោះ​ទឹក និង​ស្រោចស្រព​បន្ថែម​ពេល​ខ្វះ​ទឹក​។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ជំរក​សម្រាប់​ពពួកសត្វ​មាន​ប្រយោជន៍​ដូចជា ត្រី និង​កង្កែប ដែល​ជួយ​ដល់​ស្រូវ និង​ជា​អាហារ​របស់​កសិករ​ផងដែរ​។​

៣. កសិករ​គួរ​ចំណាយ​ពេល​រៀបចំ​ដី និង​ជួសជុល​ភ្លឺស្រែ ដោយ​គួរ​លើកភ្លឺស្រែ​ឱ្យបាន​ធំៗ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទឹក​និង​ដែល​អាច​ផ្តល់​ជា​ស្មៅ​សំរាប់​គោ​ក្របី​។​

៤. កសិករ​គួរ​សន្សំ​ជីធម្មជាតិ​ឱ្យបាន​ច្រើន តាមរយៈ​ការប្រមែប្រមូល​នូវ​កាកសំណល់​ធម្មជាតិ​ដូចជា​ស្លឹកឈើ ចំបើង លាមក​សត្វ​។​ល​។ ក្រៅពីនេះ កសិករ​គួរ​ព្រោះ​សណ្តែក​នៅក្នុង​ស្រែ​សម្រាប់​ធ្វើ​ជី​។ នៅពេល​កសិករ​ដឹក​ជី​ដាក់​ក្នុង​ស្រែ យក​ល្អ​គួរ​ធ្វើការ​ភ្ជួ​រលប់ ដើម្បី​ជៀសវាង​ការខាតបង់​ជី​តាមរយៈ​ការ​ហើរ​ចេញ​។​

៥. ត្រៀម​កន្លែង​ធ្វើ​ថ្នាល​សំណាប សម្រាប់​សាប​នៅ​ពាក់កណ្តាល​រដូវ ដោយ​រៀបចំ​ជា​ថ្នាលសំណាប​គោក រើស​តែ​ពូជស្រូវ​ដែលមាន​គ្រាប់​ពេញ​ល្អ​យកទៅ​សាប សាប​ឱ្យ​ស្តើង និង​ប្រើ​នូវ​ជីកំប៉ុស្ត៍​ឱ្យបាន​ច្រើន​។​

៦. សម្រាប់​ស្រូវ​រដូវវស្សា (​ពូជ​ប្រកាន់​រដូវ​) ពេលវេលា​ដែល​អាច​នៅ​ស្ទូង​បាន​គឺ​រហូត​ដល់​ចុង​ខែ​កញ្ញា​។ អ្វី​ដែល​សំខាន់​គឺ ចាប់ពី​ខែ​សីហា​ទៅ ការ​ស្ទូង​ត្រូវ​លៃ​ចន្លោះ​គុម្ព​ឱ្យ​គាក​ត្រឹម ២​តឹក ឫ​តិចជាង ២​តឹក ប៉ុន្តែ​មិន​ត្រូវឱ្យ តិចជាង ១​តឹក​ទេ ដោយ​អនុវត្ត​តាម​គោលការណ៍​ស្ទូង​កាន់តែ​ចុងរដូវ ចន្លោះ​គុម្ព​កាន់តែ​គៀក​។  នៅពេល​ស្ទូង កសិករ​គួរ​រើស​តែ​សំណាប​ថ្លោស​ល្អ​យក​ទៅ​ស្ទូង និង​ស្ទូង​តែ​មួយ​ដើម​ក្នុង​មួយ​គុម្ព​។​

៧. ត្រៀម​ធ្វើជា​មេជី​ទឹក ឫ​ជីកំប៉ុស្ត៍​ទឹក​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​យក​ទៅ​បាច​បន្ថែម​លើ​ស្លឹក​ស្រូវ នៅពេល​ស្ទូង​រូ​ច​។​

លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេ​ដាក មានប្រសាសន៍​នៅក្នុង​អត្ថបទ​ផ្សព្វផ្សាយ​ថា បើទោះបីជា​កសិករ​នៅ​តំបន់​ជាច្រើន ជួបប្រទះ​នូវ​ការខ្វះខាត​ទឹក​នៅ​ដើម​រដូវវស្សា​នេះ​ក៏ដោយ ប៉ុន្តែ​កសិករ​នៅ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ ហើយ​បើ​កសិករ​ត្រៀម​ខ្លួន​បានល្អ នោះ​នឹង​នៅ​តែ​ទទួលបាន​ទិន្នផល​ខ្ពស់​ពី​ដីស្រែ​របស់​ខ្លួន​។ លោក​បន្តថា កសិករ​គួរ​កុំ​សង្វាត​ធ្វើស្រែ​លើដី​ធំ​ពេក ដោយ​ងាក​មក​ផ្តោត​លើ​ការធ្វើ​នៅលើ​ដី​ស្រី​តូច (​ស្រែ​ខ្លឹម​) ចំណាយ​តិច ទទួលបាន​នូវ​ទិន្នផល​ខ្ពស់​និង​ចំណេញ​ច្រើន​។​
​បើ​តាម​អត្ថបទ​ផ្សព្វផ្សាយ​របស់​អង្គការ​សេ​ដា គឺ​ជា​ទូទៅ រដូវវស្សា​តែង​ចាប់ផ្តើម ចាប់ពី​ដើម​ខែ​ឧសភា ដល់​ខែ​តុលា ជា​រៀងរាល់ឆ្នាំ​៕

សូមសរសេរមកកញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles