ដោយ វណ្ណ វិចារ
2014-06-17
RFA
  
រថយន្តរបស់អាជ្ញាធរថៃ ដឹកពលករខ្មែរយកមកដាក់នៅខាងមុខការិយាល័យប៉ូលិសអន្តោប្រវេសន៍ខ្មែរ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតកម្ពុជា ជួបដើម្បីបកស្រាយអំពីដំណឹងថា ទាហានកាន់អំណាចនៅប្រទេសថៃ បានដេញពលករខ្មែរខុសច្បាប់ដោយបង្ខំចេញពីប្រទេសថៃ និងបានជជែកឯកភាពគ្នារកមធ្យោបាយឲ្យពលករខ្មែរមិនស្របច្បាប់ ឲ្យទៅជាពលករស្របច្បាប់។
អគ្គលេខាធិការទទួលបន្ទុកជារដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ បានជួបជាមួយឯកអគ្គរាជទូតកម្ពុជា អ្នកស្រី អ៊ាត សោភា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជា ជួបជជែកគ្នាជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ ដោយពិភាក្សាគ្នាសំខាន់ផ្ដោតលើមូលហេតុដែលភាគីថៃ សម្រេចបញ្ជូនពលករខ្មែររាប់ម៉ឺននាក់ត្រឡប់មកវិញ។ ភាគីទាំងពីរបានឯកភាពគ្នាលើ ៥ចំណុចធំៗ រួមមាន បង្កើតបណ្ដាញទំនាក់ទំនង ឬ ហ៊តឡាញ (Hotline) រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក។
លើសពីនេះ ថៃ បញ្ជាក់ថា មិនមានគោលការណ៍ និងផែនការបណ្ដេញពលករខ្មែរទេ ហើយភាគីថៃ ចង់ឲ្យពលករខ្មែរខុសច្បាប់ទាំងអស់ក្លាយជាពលករស្របច្បាប់ ជៀសវាងការកេងប្រវ័ញ្ចជួញដូរកម្លាំងពលកម្ម។ ភាគីថៃ ស្នើឲ្យពលករដែលថៃ ចាប់បញ្ជូនមកវិញ បើចង់ត្រឡប់ទៅថៃ ត្រូវរៀបចំឯកសារស្របច្បាប់។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ក្រសួងការបរទេសកម្ពុជា មិនដែលព្រងើយកន្តើយចំពោះបញ្ហាពលករខ្មែរធ្វើការនៅថៃ នោះទេ។ លោកបន្ថែមថា អនុគណៈកម្មការថៃ ទទួលបន្ទុកកិច្ចការបរទេស កំពុងពិនិត្យមធ្យោបាយដើម្បីឲ្យកម្មករខ្មែរមិនស្របច្បាប់នៅប្រទេសថៃ ឲ្យទៅជាពលករស្របច្បាប់ទៀតផង៖ «បច្ចុប្បន្នពលករខ្មែរ ៥ម៉ឺននាក់ដែលបានចុះបញ្ជីរួចហើយ ដើម្បីក្លាយជាពលករស្របច្បាប់ មានន័យថា យើងបានជួបជាប្រចាំ មានន័យថា យើងដល់ដំណាក់កាលបង្កើត ហ៊តឡាញ (Hotline) ទៀត»។
តួលេខចុងក្រោយនៃចំនួនពលករខ្មែរដែលត្រឡប់មកវិញមានប្រមាណជិត ២០ម៉ឺននាក់ទៅហើយ។
ទាក់ទងនឹងបញ្ហានេះ កាសែតថៃ បាងកកប៉ុស្តិ៍ បានស្រង់ប្រភពអគ្គលេខាអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ គឺលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថា ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ បានពិភាក្សាជាមួយក្រសួងពាក់ព័ន្ធចំនួន៧ របស់ថៃ ដើម្បីផ្លាស់ប្ដូរវិធានការគ្រប់គ្រងពលករបរទេស ដែលចូលធ្វើការនៅថៃ មិនមានឯកសារស្របច្បាប់ ឲ្យចុះបញ្ជីការងារស្របច្បាប់ ដើម្បីជៀសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីម្ចាស់ក្រុមហ៊ុន និងថៅកែនានា ឬដើម្បីចាកផុតពីការជួញដូរមនុស្សជាដើម ហើយពលករទាំងនោះនឹងអាចមានសិទ្ធិទទួលផលប្រយោជន៍បានពីច្បាប់ថៃ ដោយយុត្តិធម៌គ្រប់ៗគ្នា។
ទោះជាបែបណាក្តី ពលករខ្មែរមួយចំនួនដែលត្រឡប់មកវិញបានប្រាប់វិទ្យុអាស៊ីសេរី ថា ពួកគាត់ត្រូវបានទាហានថៃ បញ្ជូនឡើងឡាន ហើយអ្នកខ្លះក៏ត្រូវតម្រួតជំរិតទារលុយទៀតផង។ ក្នុងដំណើរជញ្ជូនពលករខ្មែរត្រឡប់មកវិញនេះ មានពលករយ៉ាងតិចណាស់ចំនួន ៨នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។
មកដល់ល្ងាចថ្ងៃទី១៧ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាមួយបញ្ជាឲ្យក្រុមការងារចុះមូលដ្ឋានរបស់រដ្ឋាភិបាល ឧបត្ថម្ភគាំទ្រដល់ពលករដែលត្រូវបញ្ជូនមកវិញ។ លិខិតចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង បញ្ជាឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ឧបត្ថម្ភគ្រឿងហូបចុកស្នាក់នៅ គាំពារផ្នែកសុខភាព និងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយពីវិធីចំណាកស្រុកប្រកបដោយសុវត្ថិភាព និងឱកាសការងារនៅក្នុងប្រទេស។
មន្ត្រីក្រសួងការបរទេសឲ្យដឹងថា ពលករមិនស្របច្បាប់កម្ពុជា ដែលធ្វើការនៅប្រទេសថៃ មានចំនួនជាង ៣សែននាក់។ មន្ត្រីសង្គមស៊ីវិល ធ្លាប់លើកឡើងថា មូលហេតុដែលពលករខ្មែរភាគច្រើនមិនមានលិខិតឆ្លងដែនស្របច្បាប់ ដោយសារពលរដ្ឋមិនសូវមានការយល់ដឹង។ ម្យ៉ាងទៀត តម្លៃនៃលិខិតឆ្លងដែនថ្លៃខ្ពស់ពេក។ មកដល់ពេលនោះ រដ្ឋាភិបាលមិនទាន់រៀបចំផែនការរយៈពេលវែង ដើម្បីរកការងារធ្វើឲ្យពលរដ្ឋនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មកររោងចក្រហារតាតវ៉ារឿងប្រាក់អតីតភាពការងារនៅមុខក្រសួងការងារ
- អង្គការខារ៉ាមកម្ពុជាប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ជួយពលករខ្មែរនៅថៃ
- លោក កឹម សុខា ទាមទារឲ្យមានតុល្យភាពអំណាច
- អ្នកវិភាគរិះគន់មេបក្សនយោបាយខ្មែរថាគិតប្រយោជន៍ផ្ទាល់ខ្លួនខណៈរាស្ត្រជួបការលំបាក
- ថៃរៀបចំចុះបញ្ជីពលករខ្មែរខុសច្បាប់ឲ្យស្របច្បាប់វិញ
- កម្ពុជា៖ ការចាប់បញ្ជូនពលករខ្មែរមកស្រុកវិញជាយុទ្ធសាស្ត្ររដ្ឋាភិបាលយោធាថៃ
- សពពលករខ្មែរ៤នាក់ដែលស្លាប់នៅថៃបញ្ជូនមកដល់ស្រុកកំណើតនៅកំពង់ចាម
- បណ្ដាញកម្មករធ្វើការតាមផ្ទះដាក់ញត្តិទាមទារលក្ខខណ្ឌការងារសមរម្យ
- ពាណិជ្ជករនិងមន្ត្រីថៃចង់ឲ្យពលករខ្មែរត្រឡប់ទៅធ្វើការនៅថៃវិញជាបន្ទាន់