ដោយ៖ បូ សាវី
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
ប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅខេត្តសៀមរាប ប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត (រូបថត៖ បូ សាវី)
ប្រជាពលរដ្ឋជាង១០០០នាក់ មកពីសហគមន៍ចំនួន១៤ ក្នុងខេត្ដសៀមរាប នៅព្រឹកថ្ងៃអង្គារនេះបាន ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខសាលាខេត្ដ ដើម្បីជុំរុញឲ្យអាជ្ញាធរ ដោះស្រាយទំនាស់ដីធ្លីជួនពួកគាត់។
តំណាងសហគមន៍ ភូមិតាពែន ក្នុងស្រុកបន្ទាយស្រី អ្នកស្រី កែវ សុភី ថ្លែងថា ប្រជាសហគមន៍នីមួយៗទាមទារឲ្យអាជ្ញាធរដោះស្រាយដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមអ្នកមានអំណាច និងទាមទារលុបបទចោទប្រកាន់មកលើប្រជាសហគមន៍ ដែលធ្វើឡើងដោយតុលាការខេត្ដសៀមរាប។ អ្នកស្រីបន្ដថា ប្រជាពលរដ្ឋបានទទួលរងគ្រោះធ្ងន់ធ្ងរពីការអភិវឌ្ឍន៍ ដោយបាត់បង់ដីធ្លីមិនទទួលសំណងតាមទីផ្សារសេរី «ក្នុងរយៈពេលប៉ុន្នានឆ្នាំក្រោយនេះពួកយើងបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការអភិវឌ្ឍន៍ នៅតំបន់ដែលជះឥទ្ធិពលអវិជមាន ដែលធ្វើឲ្យជីវិត របស់ពួកយើងកានតែងាយរងគ្រោះ នឹងគ្មានសុវត្ថិភាព នឹងជីវភាពប្រចាំថ្ងៃនឹងរយៈពេល យូរអង្វែងរបស់ពួកយើង ទាំងអស់គ្នានៅតាមតំបន់»។
ប្រជាសហគមន៍ លើកឡើងថា ដីធ្លីពួកគេបានកាន់កាប់ និងបង្កបង្កើនផលតាំងពីដូនតាមក ប៉ុន្ដែបែរជាអ្នកមានអំណាច និងក្រុមហ៊ុន ឃុបឃិតជាមួយអាជ្ញាធររំលោភយក។
ពលរដ្ឋមកពីសហគមន៍តានី ស្រុកបន្ទាយស្រី លោក ហួន ហួម បន្ថែមថា ពលរដ្ឋនៅសហគមន៍របស់លោក៣៨គ្រួសារ ទាមទារឲ្យអាជ្ញាធរអប្សរា ផ្ដល់សំណងដល់ពួកគាត់ជាដីធ្លី ដើម្បីបង្កបង្កើនផល ខណៈ១៣គ្រួសារទៀតបានទទួលសំណងហើយ «បាតដូចនេះពួកយើងខ្ញុំទាំង ៣៨គ្រួសារនោះចង់ឲ្យតុលាការ រកយុត្តធ៌មដើម្បីដោះស្រាយដីរបស់ពួកខ្ញុំ កំពុងបង្កបង្កើនផលហើយ តវ៉ាដោះស្រាយហ្នឹងឲ្យរកយុត្តធ៌មឲ្យបានត្រឹមត្រូវ ដើម្បីឲ្យពួកខ្ញុំបានដីបង្កបង្កើនផល ព្រោះពួកខ្ញុំជាប្រជាពលរដ្ឋខ្មែរត្រូវកាមានដី បង្កបង្កើនផលដូចឆ្នេះ បើពួកខ្ញុំមិនមានដីទេតើពួកខ្ញុំទៅរស់នៅឯណាបានអ្វីហូប បានអ្វីចឹញ្ចឹមប្រពន្ធកូនរបស់ខ្ញុំ»។
VOD មិនទាន់អាចទាក់ទង អភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ដើម្បីអត្ថាធិប្បាយជុំវិញករណីនេះបាននៅឡើយទេ។
ទោះជាយ៉ាងណា ការតវ៉ានេះ មិនមានអំពើហិង្សាកើតឡើងនោះទេ ដោយពលរដ្ឋបានវិលត្រឡប់ទៅផ្ទះវិញ នៅម៉ោង៤រសៀលថ្ងៃដដែលនេះ បន្ទាប់ពីអាជ្ញាធរឲ្យតំណាងប្រជាពលរដ្ឋចំនួន១៤នាក់ដាក់ញត្ដិ និងឲ្យរងចាំដោះស្រាយនៅពេលក្រោយ៕

សមត្ថកិច្ចធ្វើការយាមកាមនៅមុខសាលាខេត្តសៀមរាប
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com