អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ជិន ជេដ្ឋា
2014-06-17
RFA

អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​រឿង​ជំរិត​ទារ​ប្រាក់​ជាច្រើន​ម៉ឺន​រៀល ពី​ក្រុម​គ្រូបង្រៀន​សិស្ស​ពីរ​វេន​នៅ​តាម​សាលារៀន​ក្នុង​ស្រុក​នេះ តាម​រយៈ​នាយក​សាលា​នីមួយៗ។ ប៉ុន្តែ​ខាង​អនុ​ប្រធាន​ការិយាល័យ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​ពន្យល់​ថា អ្នក​ដែល​ចោទ​ប្រកាន់​ទាំង​នោះ គឺ​ជា​អ្នក​ខិលខូច និង​ប្រើ​សេរីភាព​របស់​ខ្លួន​ហួស​ហេតុ។

ក្រុម​គ្រូបង្រៀន​ពីរ​វេន​នៅ​ស្រុក​កំពង់ត្រឡាច ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ថា អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោក វេង សុភី បាន​តម្រូវ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ដែល​បង្រៀន​សិស្ស​ពីរ​វេន​នៅ​តាម​សាលា​មួយ​ចំនួន​ក្នុង​ស្រុក​នេះ ត្រូវ​ចំណាយ​ប្រាក់​ខែ​មួយ​ខែ​ក្នុង​ឆ្នាំ​សិក្សា​២០១៤ ជូន​ទៅ​ខាង​ការិយាល័យ​អប់រំ។ ពួក​គាត់​អះអាង​ថា លោក វេង សុភី មាន​ការ​អន់​ចិត្ត​ក្រោយ​ពី​ក្រុម​គ្រូបង្រៀន​ខ្លះ​បង់​ប្រាក់​ត្រឹម​តែ ៥​ម៉ឺន ទៅ ១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ គឺ​មិន​គ្រប់​ចំនួន​ទៅ​តាម​ការ​ទាមទារ​នា​ពេល​កន្លង​មក។

គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ឃុំ​ថ្មឥដ្ឋ ស្រុក​កំពង់ត្រឡាច ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ការ​ចាត់​ចែង​ប្រាក់ ភី.ប៊ី (PB) ប្រចាំ​ឆ្នាំ​របស់​សាលា និង​ភាព​មិន​ប្រក្រតី នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​កើត​មាន​ច្រើន៖ «ដូច​ថា​យើង​បង្រៀន​ពីរ​ពេល គេ​សុំ​តែ​មួយ​ខែ​អ៊ីចឹង​ណា ប៉ុន្តែ​ដល់​ពួក​ខ្ញុំ​គិត​ថា​ច្រើន​ពេក ពួក​ខ្ញុំ​អត់​បាន​ឲ្យ​ដល់​មួយ​ខែ​ទេ ហើយ​ជាក់ស្ដែង​ខ្ញុំ​នេះ គឺ​ខ្ញុំ​អត់​បាន​ឲ្យ​ដែរ ព្រោះ​ខ្ញុំ​ទើប​មក​ថ្មី ប៉ុន្តែ​ដោយ​ឡែក​បងៗ​គាត់​ឲ្យ​ម្នាក់ ១០​ម៉ឺន​អ៊ីចឹង​ទៅ​ណា។ និយាយ​រួម​ទៅ អត់​ហ៊ាន​អាង តែ​គេ​ធ្វើ​មេៗ​ធ្លាប់​សែន​ចេះ​តែ​សែន​រហូត​រាល់​ឆ្នាំ​អ៊ីចឹង​ទៅ​ណា»

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កំពង់ត្រឡាច លោក វេង សុភី បាន​ថ្លែង​បដិសេធ និង​សួរ​រក​មុខ​អ្នក​ដែល​ចោទ​ប្រកាន់​រូប​លោក​ទៀត​ផង។ លោក​បញ្ជាក់​ថា ការ​កាត់​ប្រាក់​ខែ ឬ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ដោយសារ​តែ​ប្រាក់​ខែ​គ្រូបង្រៀន​ទាំងអស់ ត្រូវ​បាន​គេ​ផ្ទេរ​តាម​រយៈ​ធនាគារ អេស៊ីលីដា (Acleda)៖ «ខ្ញុំ​អត់​មាន​ទេ! វា​នាំ​គ្នា​បើក​នៅ អេស៊ីលីដា វា​នាំ​យក​ទៅ​ផ្ទះ​អស់​ហើយ មក​ឲ្យ​ខ្ញុំ​យ៉ាង​ម៉េច? នៅ​ក្នុង​ហ្នឹង​អត់​មាន​អ៊ីចឹង​ទេ សួរ​ទៅ​នេះ ខ្ញុំ​មាន​គ្រូ​ខ្ញុំ​នៅ​ជិត​នេះ​ពីរ​បី​នាក់»

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់​ថា ការ​សម្រេច​ចិត្ត​ទម្លាយ​រឿងរ៉ាវ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ​បែប​នេះ គឺ​ទាល់​តែ​មាន​ការ​គិតគូរ​ច្បាស់​លាស់ ឬ​ទាល់​តែ​រឿងរ៉ាវ​ពិត​កើត​ឡើង ទើប​លោកគ្រូ​អ្នកគ្រូ​ហ៊ាន​និយាយ​ចេញ។ ដូច្នេះ ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ គប្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​គ្រូបង្រៀន​ទាំង​នោះ៖ «ទាក់ទង​ទៅ​នឹង​ការ​បង្រៀន​ពីរ​ពេល​ហ្នឹង វា​ជា​បញ្ហា​មួយ ពីព្រោះ​យើង​ឃើញ​កើត​មាន​រឿង​ច្រើន​ជា​បន្តបន្ទាប់ ឲ្យ​ក្រសួង​ហ្នឹង​ត្រូវ​តែ​ពិនិត្យ​មើល​ជុំវិញ​បញ្ហា​ហ្នឹង​ឲ្យ​មែន​ទែន ពីព្រោះ​ការ​ប្រព្រឹត្ត​បែប​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អារម្មណ៍​របស់​លោកគ្រូ​អ្នកគ្រូ ហើយ​ជា​វប្បធម៌​កេង​ប្រវ័ញ្ច​អំពើ​ពុក​រលួយ​លុប​បំបាត់​ទេ បើ​សិន​ជា​យើង​មិន​មាន​វិធានការ​ឲ្យ​ក្ដៅ​ជុំវិញ​ជន​ឆ្លៀត​ឱកាស​បែប​ហ្នឹង»

ក្រុម​គ្រូបង្រៀន​ពីរ​វេន​បញ្ជាក់​ថា ការ​ចេញ​មុខ​តវ៉ា ឬ​ទម្លាយ​រឿង​ពុក​រលួយ​របស់​មន្ត្រី​ថ្នាក់​លើ គឺ​តែង​តែ​មាន​ការ​គំរាម​កំហែង និង​គាប​សង្កត់​ទៅ​លើ​លោកគ្រូ​អ្នកគ្រូ ដែល​ហ៊ាន​ទម្លាយ​រឿងរ៉ាវ​ពិត។ ពួក​គាត់​ស្នើ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​ជួរ​ដឹក​នាំ​ក្រសួង​អប់រំ លុប​បំបាត់​នូវ​សកម្មភាព​ផ្ដល់​ប្រាក់​សំណូក​តិច ឬ​ច្រើន ក្នុង​ន័យ​មនោសញ្ចេតនា​គ្រប់​រូបភាព ដែល​ជា​វប្បធម៌​មិន​ត្រឹមត្រូវ និង​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles