អ្នក​ប៉ះពាល់​ដោយសារ​ទំនប់​សេសាន​ក្រោម​២​ថា​មាន​អំពើ​ពុករលួយ​រឿង​ជម្លៀស​ពលរដ្ឋ

ដោយ រដ្ឋា វិសាល
2014-06-17
RFA

វារីអគ្គិសនី​សេសាន​ក្រោម​២ ៦១០
ពលរដ្ឋ​នាំ​គ្នា​ហែ​ក្បួន​លើក​បដា​ពាក្យ​ស្លោក​គាំពារ​ទន្លេ និង​ប្រឆាំង​ការ​បំផ្លាញ​ទន្លេ ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Ratha Visal

ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​​ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​ថា មាន​អំពើ​ពុករលួយ​លូក​ប្រាក់​ឲ្យ​មន្ត្រី​មូលដ្ឋាន​និង​សហគមន៍ ដើម្បី​​​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​គោលនយោបាយ​ជម្លៀស​ប្រជាពលរដ្ឋ​ពី​ភូមិ​ចាស់​ទៅ​តាំង​​ទៅ​លំនៅ​ថ្មី។ ចំណែក​មន្ត្រី​មូលដ្ឋាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា​មិន​ពិត។

មន្ត្រី​មូលដ្ឋាន​ឃុំ​ក្បាលរមាស និង​តំណាង​ប្រជាពលរដ្ឋ​សហគមន៍​សរុប​មាន​គ្នា ៦​នាក់ រង​ការ​ចោទ​​​ប្រកាន់​ថា បាន​ទទួល​ប្រាក់​សំណូក​ម្នាក់ៗ ៤០​ម៉ឺន​រៀល ដើម្បី​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​​​ទទួល​យក​គោលនយោបាយ​ប្ដូរ​ភូមិ​ជា​សំណង​ផល​ប៉ះពាល់​ស្ដីពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​​​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​​​ស្ទឹងត្រែង បាន​ចុះ​ជួប​ពិភាក្សា​លើក​ទី​២ ជាមួយ​ប្រជាពលរដ្ឋ​ជាង ១៤០​គ្រួសារ​នៅ​ភូមិ​ក្បាលរមាស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ផ្ដល់​សំណង​ជូន​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្បាល​រមាស លោក គឹម ឌឿន បញ្ជាក់​ថា មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​និង​តំណាង​​​សហគមន៍​បាន​ទទួល​ស្រោម​សំបុត្រ​មាន​ទឹកប្រាក់ ៤០​ម៉ឺន​រៀល ពី​អាជ្ញាធរ​ខេត្ត បន្ទាប់ពី​អ្នក​ភូមិ​ធ្វើ​ពហិការ​ដើរ​ចេញ​ពី​កិច្ចប្រជុំ និង​មិន​យល់​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត​ទៅ​តាំង​ទីលំនៅ​ថ្មី​តាម​គោលនយោបាយ​ដោះស្រាយ​សំណង​របស់​ក្រុមហ៊ុន។

លោក​បន្ត​ថា ប្រាក់​ក្នុង​ស្រោម​​សំបុត្រ​ផ្តល់​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​តំណាង​សហគមន៍​ក្នុង​គោលបំណង​ទិញ​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​មូលដ្ឋាន​ និង​តំណាង​សហគមន៍​ឲ្យ​ខិតខំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យក​គោលនយោបាយ​ផ្តល់​សំណង​របស់​​ក្រុមហ៊ុន​ដោយ​គ្មាន​ការ​តវ៉ា៖ «ឃើញ​មាន​កញ្ចប់​លុយ​ដាក់​ក្នុង​ស្រោម​សំបុត្រ ក្នុង​មួយ​កញ្ចប់​ហ្នឹង ៤០​ម៉ឺន។ មាន​ដុល្លារ​ខ្លះ ​មាន​លុយ​ខ្មែរ​ខ្លះ​ហុច​ឲ្យ​មេ​ភូមិ បាន​មេ​ភូមិ​ហ្នឹង​ទទួល​យក​មួយ​ស្រោម​សំបុត្រ។ ហុច​ឲ្យ​អនុ​ភូមិ ក៏​សួរ​ថា កញ្ចប់​គេ​ស្អី​ហ្នឹង? កញ្ចប់​លុយ លោក​អនុ​ភូមិ​ក៏​ថា​បើ​លុយ​គាត់​អត់​​យក​ទេ»

​មន្ត្រី​មូលដ្ឋាន​និង​តំណាង​សហគមន៍​ដែល​រង​ការ​ចោទ​ថា បាន​ទទួល​ប្រាក់​សំណូក រួម​មាន​មេ​ឃុំ​ក្បាលរមាស លោក វឿន សម្បត្តិ មេ​ភូមិ​ក្បាលរមាស លោក គ្រុ យូ និង​តំណាង​សហគមន៍​លោក កែវ មិប លោក កែវ សី លោក តាយ ទូន លោក ជ្រុ ញ៉ុង។ ដោយ​ឡែក​អនុ​ប្រធាន​ភូមិ​ក្បាលរមាស លោក ស៊ើប ឆុង មិន​ទទួល​ប្រាក់​នោះ​ឡើយ។

​ទាក់ទិន​សេចក្ដី​ចោទ​ប្រកាន់​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេ​ឃុំ​ក្បាលរមាស សុំ​អធិប្បាយ​​​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មិថុនា។ យ៉ាង​ណា​តំណាង​សហគមន៍ លោក កែវ មិប ​និង​ប្រធាន​ភូមិ លោក គ្រុ យូ បដិសេធ​ថា លោក​មិន​បាន​ទទួល​ប្រាក់​សំណូក​អ្វី​នោះ​ទេ។

លោក​​ទទួល​ស្គាល់​ថា ប្រាក់​ក្នុង​ស្រោម​សំបុត្រ​គឺ​សម្រាប់​ចែក​ជូន​មន្ត្រី​គណៈកម្មការ​ថ្នាក់​ស្រុក​ខេត្ត​អ្នក​ចុះ​ដោះស្រាយ​បញ្ជា​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «អា​រឿង​ហ្នឹង​បាន​ជជែក​គ្នា​ហើយ​នៅ​ផ្ទះ​មេ​ភូមិ ហៅ​គេ​មក​ចូល​រួម​ទៅ​ឲ្យ​ដឹង​ច្បាស់លាស់។ បាន​តែ​និយាយ​ទៅ​មាន​បាន​ទទួល​លុយ​កាក់​ឯ​ណា សួរ​មេឃុំ​ទៅ​ស្គាល់​ហើយ។ ស្រោម​សំបុត្រ​ដែល​គេ​ឲ្យ ឲ្យ​ក្រុម​ការងារ​គេ​ទេ គេ​ឲ្យ​ក្រុម​ខាង​ស្រុក​ខាង​ខេត្ត​គេ​ទេ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ ក្រុម​ការងារ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៃ​​​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មិន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ក្បាលរមាស ស្ដីពី​គោលនយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

​ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ​ដែរ ប្រធាន​អនុ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​​​ស្ទឹងត្រែង លោក យូ បាសិទ្ធិ អះអាង​ដែរ​ថា ប្រាក់​ដែល​ប្រជាពលរដ្ឋ​ចោទ​ថា ជា​ប្រាក់​សំណូក​ពុក​​​រលួយ គឺជា​រឿង​មិន​ពិត។ លោក​ថា ក្រុមហ៊ុន​បាន​ផ្ដល់​ប្រាក់​សម្រាប់​មន្ត្រី​ក្រុម​ការងារ​ចុះ​បេសកកម្ម​ដោះ​​ស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ៖ «អត់​មាន​ទេ អា​ហ្នឹង​មិន​មាន​ទិញ​ទឹក​ចិត្ត​ទេ គឺ​ប្រាក់​បេសកកម្ម​គេ​ទេ គឺ ភើឌាម គេ​ដែល​ត្រូវ​​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទេ»

របាយការណ៍​របស់​អាជ្ញាធរ​ភូមិ​ក្បាលរមាស ប្រជាពលរដ្ឋ ៦១​គ្រួសារ ជំទាស់​មិន​ព្រម​ជម្លៀស​​ចេញ​ពី​ភូមិ​ចាស់ ចំណែក​ប្រជាពលរដ្ឋ ៨៧​គ្រួសារ​ទៀត​យល់​ព្រម​ប្ដូរ​ភូមិ​ទៅ​ទីតាំង​ថ្មី​នៅ​ចំណុច​​​បង្គោល​គីឡូម៉ែត្រ​លេខ​៥០៣ ផ្លូវ​ជាតិ​លេខ ៧៨​អា។ ដោយ​ឡែក​សំណង​ផល​ប៉ះពាល់​ផ្សេង​ទៀត ដូច​​ជា​តម្លៃ​ផ្ទះសម្បែង ដំណាំ​ហូប​ផ្លែ​ជា​ដើម មិន​ទាន់​បាន​ដោះស្រាយ​ឯកភាព​គ្នា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles