ដោយ៖ ញឹម សុខន
ថ្ងៃអង្គារ ទី17 មិថុនា 2014
http://vodhotnews.com
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ ជំរុញឲ្យមេដឹកនាំយោធាថៃ ទទួលខុសត្រូវចំពោះការស្លាប់ពលករខ្មែរក្នុងយុទ្ធនាការបោសសម្អាតពលករចំណាកស្រុកខុសច្បាប់ក្នុងប្រទេសថៃ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ នាយករដ្ឋ មន្ត្រីស្តីទី លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការខកចិត្តចំពោះមេដឹកនាំយោធាថៃដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញទាំងតក់ក្រហល់ ដោយមិនបានជូនដំណឹង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ស ខេង ឲ្យដឹងថា វិធានការបោសសម្អាតពលករចំណាកស្រុករបស់មេដឹកនាំយោធាថៃនោះ បានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលអាជ្ញាធរថៃដឹកជញ្ជូនពលករមកប្រទេសកម្ពុជាវិញ។ លោកថា ករណីនេះភាគីថៃត្រូវតែទទួលខុសត្រូវ។
មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាសុំមិនធ្វើអត្ថាធិប្បាយពីបញ្ហានេះទេ ដោយអះអាងថា អ្នកដែលមានភារកិច្ចឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មាន មិនមានវត្តមាននៅស្ថានទូត។
លោក ស ខេង ឲ្យដឹងដែរថា ប្រទេសថៃទំនងជាគ្មានកម្មករក្នុងស្រុកសម្រាប់បំពេញសង្វាក់ផលិតកម្មរបស់ខ្លួនបានទេ បន្ទាប់ពីវិធានការដ៏គំហុករបស់យោធាថៃនេះ។ លោកជឿថា នៅពេលខាងមុខដ៏ខ្លីនេះ ភាគីថៃអាចនឹងចរចាជាមួយកម្ពុជា ដើម្បីទាញយកកម្លាំងពលកម្មវិញក្នុងកម្រិតណាមួយ។
លោក ស ខេង ព្រមានថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការដល់មន្ត្រីក្រោមឱវាទរាល់សកម្មភាពទាំងឡាយណា ដែលបង្កផលលំបាកដល់ការធ្វើលិខិតឆ្លងដែន។
អគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ យល់ថា ប្រទេសថៃដែលដឹកនាំដោយរបបយោធា ទំនងជាធ្វើមិនដឹងមិនឮពីការទម្លាក់ការទទួលខុសត្រូវរបស់កម្ពុជានេះ។
ក្រុមអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ធ្លាប់បានថ្កោលទោសចំពោះវិធានការបោសសម្អាតពលករចំណាកស្រុកខុសច្បាប់របស់មេដឹកនាំយោធាថៃ ដោយចាត់ទុកថាការរំលោភសិទ្ធិមនុស្ស៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
វាមិនអាចទៅរួចទេដែលអាយោធានិយមម្នាក់នេះហ៊ាន ទទួលខុសត្រូវនោះ។ ជនវ័យចាស់ទំនើម្នាក់នោះទំនើងអាក្រក់ក្រៃលែង !។ ជាមនុដ្សអត់អាជីពផ្នែកសីលធម៌ គឺជាមនុស្សឆ្កួតជ្រូកសុទ្ធ !