កម្ពុជា និង​បង់​ក្លា​ដែស ចុះ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​រួម​បី​ចំណុច​​

ដោយ៖​ កាន់ វិច្ឆិកា​
ថ្ងៃពុធ ទី18 មិថុនា 2014
http://vodhotnews.com

​រដ្ឋាភិបាល​កម្ពុជា និង​បង់​ក្លា​ដែស បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​រួម​បី​ចំណុច ពាក់ព័ន្ធ​នឹង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម វប្បធម៌ និង​កសិកម្ម​។​

​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​បង់​ក្លា​ដែស ចេញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឲ្យដឹងថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ហោ ណាំហុង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុ​សាណៈ​ចំនួន​៣ ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែស លោក អិម​ឌី សារីយ៉ា អា​លាំ ភី​អិម​។ សេចក្តីថ្លែងការណ៍​រួម បន្តថា កិច្ចព្រមព្រៀង និង​អនុសារណៈ​ទាំង​៣​នោះ រួមមាន កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម​។

សេចក្តីថ្លែងការណ៍​រួម បន្ថែមថា ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ដែរ ក៏​មាន​ការទទួល​ស្វាគមន៍ និង​ធ្វើ​ជា​សាក្សី​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ គឺលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី សេ​ក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បង់​ក្លា​ដែស​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ក្រៅ​ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សារណៈ នាយករដ្ឋមន្ត្រី​កម្ពុជា និង​បង់​ក្លា​ដែស បាន​ឯកភាពគ្នា​ថា ដំណើរការ​បច្ចុប្បន្ន​នៃ​សាកលភាវូប្បនីយកម្ម កំពុងតែ​ពង្រីក​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ នៅលើ​ពិភពលោក ដូច្នេះ​ប្រទេស​ទាំង​ពីរ​ត្រូវមាន​វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​ន៍នេះ​។ ក្នុង​ការឯកភាព​នេះដែរ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​បាន​អំពាវនាវ​ទៅកាន់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ឲ្យ​ផ្តល់​នូវ​ការលើកលែង​ពន្ធ និង​កំណត់​កូតា​ចំពោះ​ការនាំ​ចូល​ផលិតផល និង​សេវាកម្ម​ពី​បណ្តា​ប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច ដើម្បី​ធានាឲ្យបាន​នូវ​កាអភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង នៅ​សាធារណរដ្ឋ​បង់​ក្លា​ដែស ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នេះ តាម​ការអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែស លោកស្រី សេ​ក្ខ ហា​ស៊ីណា ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជា​ច្រើន​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​៕

សូមសរសេរមកកញ្ញា កាន់ វិច្ឆិកា តាមរយៈ​ ​vicheika@vodhotnews.com

What Next?

Recent Articles